ស្វែងយល់មូលហេតុ ព្រឿង សុជាតិ ស្រុតចុះខ្លាំងមួយរយៈក្រោយនេះ

អ្នកប្រដាល់គុនខ្មែរទម្ងន់ស្រាល ព្រឿង សុជាតិ ដែលធ្លាប់តែអន្ទងចិត្តអ្នកនិយមកីឡាប្រដាល់ក្នុងស្រុក ឲ្យតាមដានយ៉ាងយកចិត្តទុកដាក់លើការប្រកួតរបស់គេ មួយរយៈក្រោយនេះ ត្រូវគេមើលឃើញថា ហាក់សាបរលាបបន្តិចម្ដង ពុំសូវកក្រើកដូចពេលកន្លងមក។

ពាក់ព័ន្ធបញ្ហាដ៏គួរឲ្យបារម្ភនេះ អ្នកប្រដាល់គុនខ្មែរ​ធ្លាប់មានឈ្មោះបោះសម្លេង​រូបនេះ ទម្លាយថា មូលMI នាំឲ្យខ្លួនហាក់​ធ្លាក់ទឹកដៃ និង​បាត់បង់ឱកាសឡើង​រេញ​ប្រកួ​តញឹកញាប់មួយរយពេលខ្លីកន្លងមក ដោយសារ​តែ​កែងដៃទាំង​សង្ខាងរបស់​ខ្លួន​ ត្រូវបន្តយាយីដោយរបួសចាស់។

«ខ្ញុំអត់ដែលនិយាយទេ កន្លងមកខ្ញុំធ្លាក់ច្រើនដោយសារ​ខ្ញុំរបួសដៃ គឺឈឺដៃទាំងពីរតែម្ដង​។ ធម្មតាខ្ញុំជំនាញប្រើដៃ ដល់ពេល​ដៃមានបញ្ហាអ៊ីចឹង ពិបាកខ្លាំងមែនទែន ព្រោះពេលចេញដៃអត់បានខ្ញុំទៅជាគាំង វ៉ៃអីក៏អត់ចេញដែរ។ សម្រាប់ប្រកួតនៅ PNN កាលថ្ងៃអាទិត្យ ខ្ញុំទើបជាបាន ៧០ ទៅ​ ៨០ ភាគរយ តែ​តាំងចិត្ត​ត្រូវតែ​វ៉ៃទាំង​ឈឺ ព្រោះថាគិតថាឈឺប៉ុណ្ណាក៏ទ្រាំ កុំឲ្យបងប្អូន​ដែលគាំទ្រខ្ញុំខកបំណងទៀត។ ម្យ៉ាងខ្ញុំចង់​សាងប្រជាប្រិយភាព​របស់​ខ្ញុំ ឲ្យបានដូចដើម​វិញ»។

សិស្ស​គុនក្លិបក្រសួងការពារជាតិអះអាង​ទៀត​ថា ក្រៅពី​ប្ដេជ្ញា​ខិតខំបង្កើនការ​ហាត់​ឡើងវិញ រូបគេ ​កំពុង​ពង្រឹងក្បាច់​ប្រយុទ្ធផ្សេងទៀត​បន្ថែម​លើស្នៀត​កណ្ដាប់ដៃ​​ ដូចជា ជើង និងជង្គង់ ជា​ដើម​។

«សម្រាប់គោលដៅបន្តទៀត​ ខ្ញុំនឹង​ខំហាត់​ឲ្យខ្លាំងជាងមុន និង​ទទួលយកដំបូន្មានលោកគ្រូ ដែលគាត់តែងតែ​ប្រាប់ខ្ញុំ​ជារៀងរាល់ថ្ងៃ មកអនុវត្តតាមឲ្យបាន ទោះពេលខ្លះ​ខ្ញុំធ្វើមិនសូវបានល្អ ក៏ខ្ញុំតាំងចិត្ត​ធ្វើឲ្យកាន់តែ​ល្អ​។ ដូចរាល់ថ្ងៃអ៊ីចឹង ​លោកគ្រូគាត់ព្យាយាម​ឲ្យខ្ញុំពង្រឹងស្នៀតជើង ​និង​ការប្រើប្រាស់ជង្គង់។ ខ្ញុំសង្ឃឹមមុតមាំថា​នឹងអភិវឌ្ឍខ្លួនឲ្យល្អ​ឡើង​វិញ ដើម្បីកិត្តិយសខ្លួនឯង និង​គ្រួសារ»។

គួរដឹង​ដែរ​ថា មួយរយៈកន្លងមក​នេះ ព្រឿង សុជាតិ ពុំសូវមានឱកាស​ឡើង​រេញប្រកួតញឹកញាប់​ ក្នុងជំនួបមិត្តភាពអន្តរជាតិ​ឡើយ ដោយសារ​សមត្ថភាព​ធ្លាក់ចុះ និងមានបញ្ហារបួស​កែងដៃ។ សិស្ស​គ្រូ ធន់ សុភា រូបនេះ ត្រូវ​បាន​ភីអិនអិនផ្ដល់ឱកាសជា​ថ្មី ហើយបាន​​យក​​ឈ្នះពិន្ទុ​អ្នកប្រដាល់ថៃ យ៉ត ប៊ូរ៉ាផា កាលពីថ្ងៃអាទិត្យ ទី០១ ខែកញ្ញាកន្លងទៅ៕
​ ​

មតិយោបល់