ក្លឹប Real Madrid ប្រកាស​ពីការចាកចេញ​របស់​អ្នកចាំទី Keylor Navas

ក្លឹប​ Real Madrid បាន​ប្រកាស​ជា​ផ្លូវការ​ហើយ​ពីការ​ចាកចេញ​របស់​អ្នកចាំទីឆ្នើម Keylor Navas ទៅ​ចូលរួម​ជាមួយ​ក្លឹប Paris Saint Germain (PSG)។

ខាងក្រោមនេះ​គឺ​ជា​សេចក្ដី​ប្រកាស​របស់​ក្លឹប Real Madrid តាម​រយៈ​បណ្ដាញ​សង្គម Twitter របស់ខ្លួន៖

ក្លឹប Real Madrid បានលើកឡើងថា៖ “ក្លឹប Real Madrid ចង​សម្ដែង​ការអរគុណ និង​ក្ដី​ស្រឡាញ់​ចំពោះ​អាកប្បកិរិយា និង​សមិទ្ធផល​របស់​ Navas ក្នុងអំឡុង​ពេល ៥រដូវកាល​ដែល​គេ​បាន​ការពារ​អាវ​របស់​ក្លឹបមួយ​នេះ។ ក្លឹប Real Madrid សូមជូនពរ​អ្នក​ឱ្យ​ជួបតែជោគ​ជ័យ​ក្នុងអាជីពថ្មី​របស់អ្នក”។

Keylor Navas បាន​ចូល​រួមជាមួយ​ក្លឹប Real Madrid កាលពីឆ្នាំ​២០១៤ បន្ទាប់ពី​បានបង្ហាញទម្រង់លេង​ទាក់ទាញ​ការចាប់អារម្មណ៍​ក្នុងក្រុម​ជម្រើសជាតិ​កូស្តារីកា​នៅឯ​ការ​ប្រកួត​វើលខាប់ ក្នុងទឹកដីប្រេស៊ីល។

Navas ជាអតីត​អ្នកចាំទីរបស់ក្លឹប Levante ហើយ​បាន​ផ្ទេរ​មក​ Real Madrid ក្នុង​តម្លៃផ្ទេរ​ ១០លានអឺរ៉ូ។

ក្នុងអំឡុង ១០រដូវកាល​កន្លងមក អ្នកចាំ​ទី​ដែល​មាន​វ័យ ៣២ឆ្នាំ​រូបនេះ​​បានបង្ហាញខ្លួន​ចូលលេង​ ១៦២លើក ហើយ​រក្សាបាន ៥២ clean sheet។ គេក៏ធ្លាប់ឈ្នះ​បានពាន​រង្វាន់​ឆេមពានស៍​លីគ​ ៣លើក ពានលីគ​កំពូលអេស្ប៉ាញ ១លើក ពាន Spanish Super Cup ១លើក ពាន​រង្វាន់​បាល់ទាត់ពិភពលោកកម្រិត​ក្លឹប FIFA Club World Cup ៤លើក និង​ពាន​រង្វាន់ UEFA Super Cup ៣លើក ជាមួយ​ក្លឹប​ Real Madrid ផងដែរ។

មានសេចក្ដី​រាយការណ៍ថា Navas បាន​មក​ដល់ទីក្រុង​ប៉ារីស​ ដើម្បី​បញ្ចប់កិច្ចការ​ផ្ទេរ​មក​ក្លឹប PSG ហើយ ដោយ​មាន​តម្លៃផ្ទេរ (យោង​តាម​សេច​ក្ដីរាយការណ៍របស់​សារព័ត៌មាន Marca) ១៥លានអឺរ៉ូ ដោយចុះ​កុងត្រា ៣ឆ្នាំ ហើយ​គេ​នឹង​ទទួល​បាន​កម្រៃពលកម្ម ៦លានអឺរ៉ូ​ក្នុង​មួយឆ្នាំ៕

 

លោក Zidane និយាយពី​កំហុសរបស់ Ramos

មតិយោបល់