សុខ សាវិន និង បាងកាយ៉ាក់ នរណាគ្រងខ្សែក្រវាត់ប្រាក់ចុងក្រោយ នៅភីអិនអិន

ជំនួបដណ្ដើមខ្សែក្រវាត់​​ប្រាក់ទី៤ កម្មវិធី «អធិរាជគុនខ្មែរ» របស់ភីអិនអិន នឹងចូលមកដល់នាថ្ងៃអាទិត្យ សប្ដាហ៍នេះហើយ ដែលជាការប៉ះគ្នារវាងកីឡាករខ្មែរ និងខ្មែរ គឺអ្នកស្នងគុនខ្មែរ សុខ សាវិន និង បាងកាយ៉ាក។ មុនការប្រកួតផ្តាច់ព្រ័ត្រដ៏សំខាន់ចូលមកដល់ FOX Sports ខេមរភាសា បានជួបកីឡាករទាំង ២ ហើយពួកគេបានបង្ហាញការយល់ឃើញដូចខាងក្រោម។

​អ្នកប្រដាល់គុនខ្មែរ​កំពុងឡើងទឹកដៃ សុខ សាវិន អះអាង​ថា ក្នុងជំនួបផ្តាច់ព្រ័ត្រ​ទល់នឹង​មិត្តរួមអាជីព​ បាងកាយ៉ាក ខ្លួន​ពុំហ៊ាន​រំពឹ​ងខ្ពស់ពេក​នោះទេ​ ប៉ុន្តែ​នឹង​ខំប្រឹងអស់ពីសមត្ថភាព ព្រោះពូកគេទាំងពីរ សុទ្ធសឹងតែ​ចង់ឈ្នះ​ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់​រៀងៗ​ខ្លួន។

«បាទ ការ​ហ្វឹកហាត់​របស់ខ្ញុំ គឺ​បានត្រៀម​ខ្លួនរួចជាស្រេច​ហើយ​​។ ការ​ពង្រឹង គឺ​ខ្ញុំសម​ដៃឲ្យបានច្រើន​ និង​រៀនបិទឲ្យបានខ្លាំង​ជាងមុន។ ការចេញលឿន ឬចេញយឺត អត់ទាន់ហ៊ានថាដែរ​ ចាំ​មើលនៅលើសង្វៀនសិន។ ការ​រំពឹងរបស់​ខ្ញុំ អត់ហ៊ានរំពឹងខ្ពស់ទេ ព្រោះគេចង់ឈ្នះយើង ឯយើ​ងក៏ចង់ឈ្នះគេ។ តែជឿជាក់​លើខ្លួន​ ៦០ ភាគរយ ហើយ​ខ្ញុំនឹង​ខំប្រកួតឲ្យអស់ពីសមត្ថភាព ឲ្យទស្សនិកជន​ល្អ​មើល។ ខ្ញុំចាត់ទុកជាការ​ប្រកួត​ដ៏សំខាន់ ព្រោះជា​ឱកាសគ្រង​ខ្សែក្រវាត់​លើកដំបូង​របស់​ខ្ញុំ»។

ដោយឡែក ជើង​ខ្លាំង បាងកាយ៉ាក អះអាង​ថា ខ្លួន​បាន​បង្កើនការ​ហ្វឹកហាត់ និង​ពង្រឹងសមត្ថភាព​ទ្វេដង រូមទាំងរំពឹង៧០ភាគរយ នឹង​អាច​យកឈ្នះ​មិត្តភាពរួមអាជីព សុខ សាវិន ដើម្បី​គ្រង់ខ្សែក្រវាត់​ប្រាក់​ដ៏សំខាន់មួយនេះ។

«ខ្ញុំបាន​ពង្រឹង​ការ​ហ្វឹកហាត់​របស់​ខ្ញុំ និង​តិកនិក​ រួមទាំង​កម្លាំង ដើម្បីធ្វើឲ្យខ្ញុំមានកម្លាំង​ស៊ុសជាង​មុន។ និយាយទៅខ្ញុំបានត្រៀមខ្លួន​មក​ពីរសប្ដាហ៍​ហើយ​ សម្រាប់​ប្រកួត​វគ្គផ្ដាច់ព្រ័ត្រ​នេះ។ ខ្ញុំសង្ឃឹម​ថា នឹង​ធ្វើឲ្យបាន​ល្អ និងយកឈ្នះគាត់​ឲ្យបាន។ ក្នុងការ​ប្រកួត​នេះ ខ្ញុំរំពឹងខ្ពស់ដែរ ប៉ុន្តែ​មិនមែនខ្ញុំមើលស្រាល​ សុខ សាវិន នោះទេ ព្រោះគាត់​ល្អ​ដែរ តែ​ខ្ញុំ​ត្រូវ​ការ​យកចិត្តទុក​ដាក់ និង​ព្យាយាម​យកឈ្នះគាត់​ឲ្យបាន។ ខ្ញុំសង្ឃឹម​៦០ទៅ​៧០ភាគរយ»។

គួរជម្រាបថា បេក្ខភាព​គុនខ្មែរ​ទាំងពីរ​ បាងកាយ៉ាក និង សុខ សាវិន នឹងតតាំង​គ្នាវគ្គផ្ដាច់ព្រ័ត្រ ដើម្បី​ស្វែង​រកអ្នក​ឈ្នះ ឆ្ពោះទៅ​គ្រងខ្សែក្រវាត់​ប្រាក់ទី ​៤ កម្មវិធី​ប្រដាល់ «អធិរាជគុនខ្មែរ» របស់​ភីអិនអិន នាថ្ងៃអាទិត្យ ទី​ ០១ ខែកញ្ញា សប្ដាហ៍នេះ ដែលនឹងមានផ្សាយផ្ទាល់​លើកញ្ចក់ទូរទស្សន៍​ភីអិនអិន ចាប់ពីវេលា​ម៉ោង​ ១២ ​ថ្ងៃត្រង់តទៅ​៕

Asian boxing star Nurshahidah Roslie gunning for WBC Silver Female Super Bantamweight Title at Singapore Fighting Championship 8

មតិយោបល់