ជើងខ្លាំងបាត់ដំបង សុខ សាវិន បង្ហើបពីទំនុកចិត្ត មុនប្រជែងកៅអីខ្សែក្រវាត់ប្រាក់ជាមួយកីឡាករថៃ

យុទ្ធនាការ​ស្វែង​រកអ្នកឈ្នះ ឆ្ពោះទៅដណ្ដើមខ្សែក្រវាត់​ប្រាក់ទី៤ កម្មវិធី “អធិរាជគុនខ្មែរ” របស់ទូរទស្សន៍ភីអិនអិន នឹងចូលមកដល់នា​ថ្ងៃអាទិត្យ ទី​ ១៩ ខែសីហានេះហើយ ដោយអ្នកប្រដាល់​គុនខ្មែរ​ជួរមុខ សុខ សាវិន ត្រូវជួបតតាំង​ខ្លាំង​ថៃ ភិតឈិតឆ័យ​។

ពាក់ព័ន្ធជំនួបដ៏សំខាន់នេះ អ្នកលេងទម្ងន់ជើង​ និង​ស្នៀត​កែង​ដ៏មុតស្រួច សុខ សាវិន ​អះអាង​ថា ខ្លួនបាន​ហ្វឹកហាត់ដិតដល់ និង​ត្រៀម​រួចជា​ស្រេចសម្រាប់វគ្គជម្រុះ​ឆ្ពោះទៅ​ប្រជែង​ខ្សែក្រវាត់ប្រាក់ទី៤។ យ៉ាងណាក្ដីគេ​បានលើកឡើងថា ពុំហ៊ានមើលស្រាលកីឡាករ​ថៃឡើយ ក្រោយបានសិក្សាពីក្បាច់ប្រយុទ្ធរបស់គេ តាមរយៈវីដេអូលើ YouTube ។

«ខ្ញុំបានមើលវីដេអូគាត់ប្រកួត នៅតាម YouTube បាន​ខ្លះ​ៗ​ដែរមួយរយៈនេះ។ គាត់ជា​កីឡាករអ្នកប្រយុទ្ធដ៏គ្រោះថ្នាក់​ម្នាក់ អញ្ចឹងប្រកួតនេះខ្ញុំអត់ហ៊ានមើលស្រាល​សមត្ថភាព​គាត់ទេ។ អ្នកប្រដាល់ថៃគូប្រកួតខ្ញុំហ្នឹង មានក្បាច់ល្អ ហើយរហ័សបន្តិច សំខាន់គាត់ពូកែទាត់ និងចាប់ឡាំជង្គង់»។

អ្នកប្រដាល់គុនខ្មែរ​មានប្រភពពី​ខេត្ត​បាត់ដំបងបន្ថែមថា ខ្លួនមានទំនុកចិត្តខ្ពស់សម្រាប់ការប្រកួតនេះ ហើយអះអាងថា បានហ្វឹកហាត់យ៉ាងហ្មត់ចត់ជារៀងរាល់ថ្ងៃ ដោយផ្ដោតលើការឱបឡាំជង្គង់ និងស្នៀតទាត់ឱ្យមានប្រសិទ្ធភាព។

«​ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ជំនួបដ៏សំខាន់មួយនេះ។ លោកគ្រូគាត់ប្រាប់ថា ការ​ហ្វឹកហាត់​របស់​ខ្ញុំ មានភាព​ល្អ​ប្រសើរជាងមុន។ ជារៀងរាល់ថ្ងៃ ខ្ញុំតែងតែ​រត់ វាយស៊ីប ឡាំ និង​សម​គ្នាជាដើម ហើយផ្ដោតខ្លាំង​ឡាំ និងទាត់ឱ្យបានច្រើន។ ខ្ញុំតាំង​ចិត្ត​ថា នឹង​ខិតខំឱ្យអស់សមត្ថភាពដើម្បី​យកឈ្នះលើដៃគូឲ្យបាន​ ព្រោះ​ខ្ញុំតែងគិតថា គ្រប់ប្រកួតរបស់ខ្ញុំសុទ្ធតែជាប្រកួតសំខាន់ អញ្ចឹងខ្ញុំ​ចង់បាន​ជ័យជម្នះគ្រប់ការ​ប្រកួតទាំងអស់។ ខ្ញុំសង្ឃឹម​៧០​ភាគរយ​សម្រាប់​ការ​ប្រកួតនេះ»។

គួរដឹងដែរថា សុខ សាវិន នឹងត្រូវ​ប្រជែង​ជាមួយអ្នកលេងឆ្លងដែនថៃ ភិតឈិតឆ័យ ស.ស័ក្តិស្យាម ក្នុង​កម្មវិធី​ប្រដាល់​ «អធិរាជគុនខ្មែរ» ភីអិនអិន ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី​ ១៨ ខែសីហា ដើម្បី​រកអ្នក​ឈ្នះឆ្ពោះទៅ​វគ្គដណ្ដើមខ្សែក្រវាត់​ប្រាក់ទី​ ៤ តទល់ បាងកាយ៉ាក៕

មតិយោបល់