កីឡាករ​ David Luiz បាន​ប្ដូរទៅ​ក្លឹប Arsenal ហើយ

កីឡាករ​ David Luiz ត្រូវ​បានគេស្គាល់ច្រើនថាជា​​កីឡាករ​មួយ​រូប​ដ៏សំខាន់​ប្រចាំតំបន់ការពារ​របស់ក្លឹប Chelsea ប៉ុន្តែ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូបនេះ​​បាន​មក​ចូលរួម​ជាមួយ​ក្រុម​របស់​លោក Unai Emery នៅ Arsenal ហើយ។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ដែលមានវ័យ ៣២ឆ្នាំ​ ដែលមានតួនាទី​ជា​ខែ្ស​ការពារ​កណ្ដាល​រូបនេះ​ បាន​ចុះ​កុងត្រា​រយៈ​ពេល ២ឆ្នាំ​ដើម្បី​លេង​នៅ​ទឹកដី Emirates Stadium ដើម្បី​បំពេញ​ចន្លោះ​របស់​ប្រធានក្រុម Laurent Koscielny ដែល​បាន​ចាកចេញ​ទៅ​ក្លឹប Bordeaux។

ដោយ​យោងតាម​សេចក្ដីរាយការណ៍​របស់សារព័ត៌​មាន​ Omnisport ការផ្ទេរ​នេះ​មាន​តម្លៃប្រហែល ៨លាន​ផោន ដែលបានបញ្ចប់​ពេលវេលា​ ២ឆ្នាំរបស់ David Luiz នៅ​ក្លឹប Chelsea។ កីឡាកររូបនេះ​ក៏ធ្លាប់​លេង​បាន ២ឆ្នាំ​នៅ​ក្លឹប Paris Saint-Germain ដែរ ដែលកាលនោះ គេ​ក៏ធ្លាប់​លេង​ក្រោមការ​ដឹកនាំ​របស់​លោក Unai Emery ដែរ។

លោក Emery បាន​និយាយថា៖ “David មាន​បទពិសោធន៍​ច្រើន​​ ហើយ​ខ្ញុំ​ចង់សហការជាមួយ​គេ​ម្ដងទៀត។ គេ​ជា​កីឡាករ​​មួយ​រូប​ដែលមានគេស្គាល់ច្រើន ហើយគេ​អាច​មកចូលរួម​ពង្រឹង​ប្រព័ន្ធ​ការពារ​របស់យើង​បាន”។

ដំបូង David Luiz បាន​ផ្ទេរ​ពីក្លឹប Benfica មក​ Chelsea ម្ដង​កាលពីឆ្នាំ​២០១១ មុន​នឹង​ចាកចេញទៅលេង​នៅ​ក្លឹប PSG នៅ ៣ឆ្នាំ​ក្រោយមក។ គេ​បាន​ត្រឡប់មកក្លឹប Chelsea វិញ​ក្នុងឆ្នាំ​២០១៦ ហើយ​បានឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​​នៅឆ្នាំ​ដំបូង​ដែល​គេ​វិល​មក​ Chelsea នោះ​តែម្ដង។

គេ​បានចូល​លេង​ជាប្រចាំ​ ក្រោមការ​ដឹកនាំ​របស់​លោក Maurizio Sarri កាលពី​រដូវកាល​មុន​ ហើយ​គ្រប់គ្នា​គិតថា​ស្ថានភាព​នឹង​នៅ​តែ​ល្អ​​បែបនេះ​ដដែល​ពេល​លោក Frank Lampard ចូលកាន់តួនាទី។

ផ្ទុយ​ទៅវិញ សេចក្ដីរាយការណ៍​កាលពីថ្ងៃពុធ​​បាន​លើក​ឡើង​ថា David Luiz ចង់​ផ្ទេរទៅ​លេង​នៅ​ក្លឹប Arsenal។ ពេលនេះ​ គេ​អាច​នឹង​ចូលលេង​ជាលើក​ដំបូង​ក្នុងការ​ប្រកួត​ដំបូង​របស់ Arsenal សម្រាប់​រដូវកាលថ្មី​ ជាមួយ​ក្លឹប​ Newcastle United នៅថ្ងៃអាទិត្យ។

ក្លឹប Chelsea បាន​លក់​កីឡាករ Gary Cahill ចេញ​នៅចុងរដូវកាល​មុន​ ហើយ​គេ​មិនអាច​ទិញ​កីឡាករ​ថ្មី​មកជំនួស​ Cahill ឬ David Luiz បាន​នៅឡើយ​ទេ ដោយសារ​គេ​នៅត្រូវ​ទទួលពិន័យ​ហាមឃាត់​ទិញ​កីឡាក​រនៅឡើយ។ ទោះជាយ៉ាងនេះក្ដី កីឡាករ Kurt Zouma និង Fikayo Tomori ជិ​តវិល​ត្រឡប់មកវិញ​ហើយ នៅពេល​ដែល​កុងត្រាខ្ចីជើងរបស់ពួកគេ​ផុតកំណត់​ រីឯ​កីឡាករ Antonio Rudiger ក៏ជិត​រឹង​មាំ​ឡើងវិញ​ដែរ៕

 

 

Feature: Romelu Lukaku to Inter Milan – all the stats!

មតិយោបល់