ឈ្នះក្រោនយប់មិញ គ្រូបឹងកេតបង្ហើបពីកីឡាករ ៣រូប ដែលធ្វើ​បាន​ល្អ​ជាង​គេ​

ជ័យជម្នះ ៣-២ លើម្ចាស់ផ្ទះភ្នំពេញក្រោន ជាលទ្ធផលជាទីមោទនសម្រាប់បឹងកេត ពិសេសអ្នកគាំទ្រក្រុមនាគខៀវមួយថនេះតែម្ដង។ បើទោះត្រូវរងការនាំមុខតាំងពីនាទីទី ៨ តែកីឡាករបឹងកេតនៅតែព្យាយាមប្រមូលអារម្មណ៍បានល្អ ហើយវាយបកយកឈ្នះវិញ។

ពាក់ព័ន្ធជំនួបដ៏ជក់ចិត្តនេះ លោក ហៅ សុជាតិ គ្រូបង្វឹកបឹងកេតបានលើកឡើងថា កីឡាករទាំងអស់បានបំពេញការងាររបស់ខ្លួនយ៉ាងល្អប្រសើរ បូករួមនិងការលើកទឹកចិត្តពីថ្នាក់ដឹកនាំ ពិសេសអ្នកគាំទ្រដ៏ស្មោះស្ម័គ្រ។ លោកក៏បានបង្ហើបដែរថា មានកីឡាករ ៣ រូប ដែលលោកចាត់ទុកជាកីឡាករធ្វើបានប្រសើរជាងគេក្នុងការប្រកួត។ កីឡាករទាំងនោះរួមមាន៖

ហ៊ុល គីមហ៊ុយ

«នេះជាប្រកួតអាជីពដំបូងបង្អស់គាត់ ប៉ុន្តែយើងឃើញថា គីមហ៊ុយ គាត់ធ្វើបានល្អមែនទែន ដូចជាកីឡាករមានបទពិសោធយូរអញ្ចឹង។ គាត់បានសង្គ្រោះបាល់គ្រោះថ្នាក់ជាច្រើន កាលពីយប់មិញ ហើយការបញ្ជូនបាល់ឲ្យមិត្តរួមក្រុម និង ការសហការជាមួយខ្សែការពារ គឺគាត់ធ្វើបានប្រសើរ»។

ទេស សម្បត្តិ

«សម្បត្តិ ក៏ដូច គីមហ៊ុយ ដែរ គាត់ទើបចេញពីបាទីដូចគ្នា គឺជាកីឡាករវ័យក្មេង ប៉ុន្តែកម្រិតនៃការលេងរបស់គាត់ស្ទើរតែប្រហាក់ប្រហែលរៀមច្បងក្នុងក្រុម។ ក្នុងការប្រកួតជាមួយក្រោន សម្បត្តិ បំពេញតួនាទីបានល្អស្ទើរពេញមួយការប្រកួត ពិសេសការកាត់ផ្ដាច់ចង្វាក់លេងរបស់គូប្រកួតនៅតំបន់កណ្ដាល»។

ស្លេះ សេន

«ចំពោះ សេន វិញ ខ្ញុំសង្កេតឃើញថា គាត់មានការវិវឌ្ឍខ្លួនជាងមុន ហើយព្យាយាមខ្លាំង បើទោះបីគាត់ទើបតែជាពីរបួសដោយគ្រោះថ្នាក់ចរាចរណ៍ក្ដី។ ប្រកួតម្សិលមិញនេះ គាត់ធ្វើបានល្អមែនទែនត្រង់ការប្រជែងតទល់នឹងខ្សែប្រយុទ្ធបរទេសរបស់ក្រោន។ ចំណែក បញ្ចរ៉ុង រួមជាមួយកីឡាករទាំងអស់ ទាំងបានលេង និង មិនបានលេង ក៏សុទ្ធតែជាផ្នែកសំខាន់នៃជ័យជម្នះរបស់យើងដែរ»។

គួររំឭកថា ក្នុងការប្រកួតកាលពីយប់មិញ ភ្នំពេញក្រោន បាននាំមុខតាំងពីនាទីទី ៨ តែបាល់ Own Goal របស់ យ៉ើ សាហ្វី ចុងវគ្គទី ១ បានជួយឲ្យបឹងកេតស្មើក្រោន ១-១។ ចូលដល់វគ្គទី ២ បឹងកេត ទាត់បញ្ចូលទីបាន ២ គ្រាប់បន្ថែមដោយកីឡាករអេស្ប៉ាញ Carrascosa Angel និង លី មីហ្សាន ខណៈគ្រាប់ទី ២ របស់ក្រោនរកបានដោយកីឡាករបម្រុង នៅ សុសិលា៕

មតិយោបល់