គ្រូ​បង្វឹក​កីឡា ១០រូប​ ដែល​មាន​ទ្រព្យ​សម្បត្តិ​​ច្រើន​ជាង​គេ​

អ្នកចាត់ការ ឬ ហៅថាប្រធានគ្រូបង្វឹក គឺជាមនុស្សដ៏សំខាន់ម្នាក់ក្នុងក្លឹបកីឡានីមួយៗ។ គាត់គឺជាមនុស្សម្នាក់ ដែលរៀបចំប្រព័ន្ធហ្វឹកហាត់របស់កីឡាករ និងបង្កើតឲ្យមានជោគជ័យ ដល់ក្រុមទាំងមូល។ ដូច្នេះហើយប្រាក់ចំណូលរបស់ពួកគាត់ ក៏ត្រូវតែសមាមាត្រ ទៅនឹងការខិតខំប្រឹងប្រែងរបស់ពួកគាត់ផងដែរ។

នៅពេលនេះ Fox Sports ជាខេមរភាសា សូមលើកយកគ្រូបង្វឹកកីឡាចំនួន ១០រូប ដែលមានប្រាក់ចំណូល និងទ្រព្យសម្បត្តិជាងគេលើលោក។ ការបង្ហាញជូននេះ ដោយយើងយោងទៅតាមគេហទំព័រសេដ្ឋកិច្ច Success Story។ គ្រូបង្វឹកទាំងនោះ រួមមាន៖

១. Mike Shanahan គ្រូបង្វឹកបាល់ទាត់អាមេរិក ដែលមានទ្រព្យសម្បត្តិ ៣៥លានដុល្លារ

ក្នុងវ័យ ៦៦ឆ្នាំ លោក Mike Shanahan នៅតែបន្តធ្វើជាគ្រូបង្វឹក ហើយគាត់ក៏ធ្លាប់នាំក្រុមបាល់ទាត់អាមេរិក ឲ្យឈ្នះពានជាច្រើនផងដែរ។

២. Arsène Wenger អ្នកការចាត់ការទូទៅសញ្ជាតិបារាំង ដែលមានទ្រព្យសម្បត្តិ ៣៩លានដុល្លារ

បច្ចុប្បន្នអតីតគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Arsene Wenger មានអាយុ ៦៩ឆ្នាំហើយ។ ត្បិតតែប្រមាណជាង ១០ឆ្នាំចុងក្រោយ គាត់មិនអាចនាំ Arsenal ឲ្យឈ្នះពានធំៗ ប៉ុន្តែពីមុនមក គាត់ធ្លាប់នាំក្លឹបកាំភ្លើងធំ ឈ្នះពានជាច្រើន រួមមាន Premier League ចំនួន ៣ដង, FA Cup ៧ដង និង FA Communty Shield ចំនួន ៧ដង។

៣. Phil Jackson អតីតគ្រូបង្វឹកបាល់បោះអាមេរិក ដែលមានទ្រព្យសម្បត្តិ ៤៥លានដុល្លារ

បច្ចុប្បន្ន លោក Jackson ដែលមានកម្ពស់ ២.០៣ម៉ែត្រនេះ មានអាយុ ៧៣ឆ្នាំហើយ។ លោកគឺជាអតីតកីឡាករបាល់បោះ ដែលឈ្នជើងឯក NBA Champion ច្រើនជាងគេ ហើយក៏ជាអតីតគ្រូបង្វឹក ដែលដឹកនាំក្រុមឲ្យឈ្នះជើងឯក NBA Champion បានច្រើនជាងគេផងដែរ។

៤. Carlo Ancelotti អ្នកចាត់ការក្លឹបបាល់ទាត់អ៊ីតាលី ដែលមានទ្រព្យសម្បត្តិ ៥៥លានដុល្លារ

មានវ័យ ៥៩ឆ្នាំ បច្ចុប្បន្នលោក Carlo Ancelotti គឺជាអ្នកចាត់ការទូទៅក្លឹប Napoli។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ក៏ធ្លាប់ដឹកនាំក្លឹបបាល់ទាត់ធំៗជាច្រើនឲ្យទទួលជោគជ័យ រួមមានក្លឹប Juventus, Milan, Chelsea, Paris Saint-Germain, Real Madrid និង Bayern Munich ជាដើម។

៥. Fabio Capello អតីតអ្នកចាត់ការទូទៅបាល់ទាត់អ៊ីតាលី ដែលមានទ្រព្យសម្បត្តិ ៥៥លានដុល្លារ

លោក Capello មានអាយុ ៧២ឆ្នាំហើយ នៅពេលនេះ។ គាត់ជាអតីតអ្នកចាត់ការក្លឹបបាល់ទាត់ដ៏ជោគជ័យម្នាក់ ដែលធ្លាប់ដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី ពីឆ្នាំ ១៩៧២ ដល់ ១៩៧៦ ហើយគាត់ក៏ធ្លាប់ដឹកនាំក្រុម Real Madrid, Roma និង Juventus ជាដើមផងដែរ។

៦. Joe Gibbs អតីតគ្រូបង្វឹកក្រុមបាល់ទាត់អាមេរិក ដែលមានទ្រព្យសម្បត្តិ ៦០លានដុល្លារ

លោក Joe Gibbs បច្ចុប្បន្នមានអាយុ ៧៨ឆ្នាំហើយ! លោកមិនត្រឹមតែជាអតីតគ្រូបង្វឹកបាល់ទាត់អាមេរិកដ៏ជោគជ័យប៉ុណ្ណោះទេ តែលោកក៏ជាម្ចាស់ក្រុម NASCAR ផងដែរ។

៧. Sir Alex Ferguson អ្នកចាត់ការទូទៅក្លឹបបាល់ទាត់អង់គ្លេស ដែលមានទ្រព្យសម្បត្តិ ៦០លានដុល្លារ

Sir Alex Ferguson ជាអ្នកចាត់ការទូទៅសញ្ជាតិស្កតឡែន ដែលមកដល់ពេលនេះ លោកមានអាយុ ៧៧ឆ្នាំហើយ។ អ្នកស្រលាញ់បាល់ទាត់ ប្រាកដជាស្គាល់លោក Alex Ferguson តាមរយៈភាពជោគជ័យរបស់លោកក្នុងក្លឹប Manchester United ពីឆ្នាំ ១៩៨៦ ដល់ឆ្នាំ ២០១៣។ Man Utd ក្រោយការដឹកនាំរបស់ Sir Alex Ferguson គឺទទួលជោគជ័យ និងក្លាយជាជើងឯកយ៉ាងសម្បើម។

៨. Pat Riley គ្រូបង្វឹកបាល់បោះអាមេរិក ដែលមានទ្រព្យសម្បត្តិ ៨០លានដុល្លារ

មកដល់ពេលនេះ លោក Pat Riley មានអាយុ ៧៣ឆ្នាំហើយ! ប៉ុន្តែលោកនៅតែបំពេញការងារជាគ្រូបង្វឹកក្រុមបាល់បោះអាមេរិក។ លោកគឺជាមនុស្សដ៏មានឥទ្ធិពលម្នាក់ ក្នុងស្ថាប័ន NBA។ បច្ចុប្បន្ន គាត់គឺជានាយកប្រតិបត្តិលើក្លឹបបាល់ទាត់ជើងឯកចំនួន ៥ ហើយក៏ជាជំនួយការគ្រូបង្វឹក ក្នុងក្លឹបផ្សេងៗផងដែរ។ គាត់ គឺជាអតីតកីឡាករបាល់បោះ កាលពីអំឡុងពេលរៀនមហាវិទ្យាល័យ ហើយក្រោយមកក៏ក្លាយជាគ្រូបង្វឹកតែម្តង។

៩. លោក Martin Edwards គ្រូបង្វឹកអ្នកចាំទី ដែលមានទ្រព្យសម្បត្តិ ១៤៣លានដុល្លារ

លោក Martin គឺជាគ្រូបង្វឹកអ្នកចាំទី ហើយលោកក៏មានវិទ្យាស្ថានបង្រៀនរបស់លោកមានឈ្មោះថា MEGA។ លោក Martin Edwards ក៏ជាមនុស្សម្នាក់ ក្នុងគណៈកម្មាការក្លឹបបាល់ទាត់ Manchester United ជាយូរមកហើយផងដែរ។

១០. Al Davis អតីតគ្រូបង្វឹកក្រុមបាល់ទាត់អាមេរិក មានទ្រព្យសម្បត្តិ ៥០០លានដុល្លារ

លោក Al Davis កើតនៅឆ្នាំ ១៩២៩ និងបានស្លាប់ នៅថ្ងៃទី ៨ខែតុលា ឆ្នាំ ២០១១ ក្នុងវ័យ ៨២ឆ្នាំ។ លោកគឺជាអតីតគ្រូបង្វឹកក្រុមបាល់ទាត់អាមេរិក ដែលបាននាំបាល់ទាត់អាមេរិក ឲ្យមានឈ្មោះបោះសម្លេង និងក្លាយជាជើងឯកយ៉ាងច្រើន។ មុនពេលទទួលមរណភាព លោក Al Davis មានទ្រព្យសម្បត្តិសរុប ៥០០លានដុល្លារ ដែលត្រូវគេជឿថា គាត់ជាគ្រូបង្វឹកកីឡាបាល់ទាត់ ដែលមានទ្រព្យសម្បត្តិច្រើនជាងគ្រូបង្វឹកផ្សេងទៀត៕

Guardiola delighted with Aguero

 

មតិយោបល់