Roger Federer បង្ហើបពី​អារម្មណ៍របស់ខ្លួន​សម្រាប់ព្រឹត្តិការណ៍ Australian Open 2020

កីឡាករ​វាយកូនបាល់​លំដាប់ពិភពលោក Roger Federer បាន​បង្ហើប​ប្រាប់ពីអារម្មណ៍​របស់​គាត់​មុនការប្រកួត​ព្រឹត្តិការណ៍ Australian open 2020 ដោយ​កីឡាករ​សញ្ជាតិ​ស្វ៊ីសរូបនេះ​ បាន​សារភាពថា ខ្លួន​ចាស់​ហើយ មិន​ទំនង​ជានឹង​អាច​យក​ជ័យ​ជំនះក្នុងការ​ប្រកួត​នេះបាននោះទេ។

កីឡាករ​វ័យ ៣៨ឆ្នាំ​រូបនេះ បាន​បញ្ជាក់​ថា ក្នុង​វ័យនេះហើយ គាត់​​មិន​សង្ឃឹម​ច្រើនប៉ុន្មាន​ថា​នឹង​ឈ្នះ​ការ​ប្រកួត​នេះទេ។ សព្វថ្ងៃនេះ Federer ឈរនៅចំណាត់​ថ្នាក់​លេខ​ ៣ ខណៈកីឡាករ​សញ្ជាតិ​ស៊ែប៊ី Novak Djokovic ឈរនៅលេខរៀងទី ២ និងកីឡាករ​សញ្ជាតិអេស្ប៉ាញ​ Rafael Nadal ឈរនៅលេខរៀងទី ១។

“ខ្ញុំដឹង​ខ្លួនឯង​ថា ខ្ញុំមាន​វ័យ ៣៨ឆ្នាំ​ហើយ ខ្ញុំនឹងមិនអាច​ធ្វើបាន​ល្អជាងគេ​នោះទេ”។

“ខ្ញុំបាន​ប្រឹងហ្វឹក​ហាត់​ណាស់​ពេល​សម្រាក​ចប់រដូវកាល​ប្រកួត ហើយខ្ញុំដូចជាមិនមាន​ចុះខ្សោយអីដែរ។” នេះជាការលើកឡើង​របស់ Federer នៅក្នុងកម្មវីធីផ្សព្វផ្សាយ​នៅទីក្រុងម៉ែលប៊ើន។ គាត់បានបន្ថែមទៀត​ថា “កាលពីសប្តាហ៍មុន ខ្ញុំបាន​សួរ​ខ្លួន​ឯង ថា​តើ​ខ្ញុំ​រីករាយ​នឹងទៅអូស្ត្រាលីទេ? ឬ ក៏​គួរ​តែនៅទីនេះ ដោយ​មិន​ចាំបាច់​រៀបចំឥវ៉ាន់?  តែខ្ញុំគិតឡើងវិញភ្លាម ថា​មិនអាច​ទេ ខ្ញុំរីករាយនឹងទៅ ម៉ែលប៊ើន ដើម្បីចូលរួម​ប្រកួត​ក្នុង​រដូវកាល​ថ្មីនេះ ទោះជាលទ្ធផលយ៉ាងណាក៏ដោយ”។

“ខ្ញុំគិតថា​អ្នក​ដែលទទួលបាន​ជ័យ​លាភីលើកនេះគួរតែជាកីឡាករ​ក្មេងៗដែល​មានវ័យ​ទើប​ជាង២០ អីទើបសម។ ពួកយើង​ទាំងបីនាក់​ក៏បាន ក្លាយ​ជា​កំពូល​កីឡាករ​វាយកូនបាល់​នេះ​យូរ​ឆ្នាំមកហើយ ហើយពួកយើង​រីករាយ​នឹង​អ្វីដែលពួកយើង​បាន​ធ្វើកន្លងមក”។

មតិយោបល់