អង់គ្លេស និង​អៀកឡង់ ចង់រួមគ្នា ដេញ​ថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup ២០៣០

សហព័ន្ធបាល់ទាត់នៃចក្រភពអង់គ្លេស និងអៀក​ឡង់ គ្រោងរួមគ្នា ដេញ​ថ្លៃ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត​បាល់ទាត់ពិភពលោក​ (World Cup) ឆ្នាំ ២០៣០ខាងមុខ។ នេះបើយោងតាម​មន្ត្រី​ជាន់ខ្ពស់នៃសហព័ន្ធបាល់ទាត់​អៀកឡង់ លោក Noel Mooney ដែលបាន​ឲ្យ​ដឹងនៅដើម​សប្តាហ៍នេះ។

ការ​សម្រេច​ចិត្ត​ចង់​រួម​បញ្ចូលគ្នា ដើម្បី​ធ្វើជាម្ចាស់ផ្ទះរួម​នេះ គឺបន្ទាប់ពី​ប្រទេសជិតខាងទាំង ២ បានទទួល​ជោគជ័យ​ នាពេលកន្លងមក ក្នុងការ​បញ្ចូល​ក្លឹប​ពីប្រទេសវែល និងអៀក​ឡង់ ឲ្យ​ក្របខណ្ឌកំពូលរបស់អង់គ្លេស ដូចជា Premier League ជាដើម។ លោក Noel Mooney បាន​ប្រាប់ទស្សនាវដ្តី The Times ថា៖ «ការ​សិក្សា​ពីភាពអាចធ្វើបាន គឺបង្ហាញ​លទ្ធផល​វិជ្ជមាន ថា​ជារឿងត្រឹម​ត្រូវ​ដើម្បីបន្ត​ទៅមុខទៀត»។

Eddie Jones open to World Cup 2023 stay with England

លោក Noel Mooney បន្ថែម៖ «ការ​ដេញ​ថ្លៃនេះ នៅនឹងមុខ ហើយ​វា​ត្រូវនាំមុខ​ដោយ​សហព័ន្ធបាល់ទាត់អង់គ្លេស ដែល​បាន​ផ្តល់ការបង្ហាញ​យ៉ាងច្បាស់លាស់។ វាគឺជាឱកាស​ ដើម្បីអាច​បង្ហាញ​ជឿជាក់​ក្នុងការដេញថ្លៃ ហើយ​យើង​សង្ឃឹមថា នឹងឈ្នះវា។ ខ្ញុំ​ពិតជាភ្ញាក់ផ្អើល ប្រសិនបើ​មិន​មាន​ភាពជឿជាក់​ពីចក្រភពអង់គ្លេស និងអៀកឡង់»។

សូម​ជម្រាបជូនថា ការ​ប្រកាស​ពីបេក្ខភាពដែល​ជាប់​ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត World Cup ឆ្នាំ ២០៣០ នឹងត្រូវ​ធ្វើឡើង​នៅក្នងឆ្នាំ ២០២៤ខាងមុខ។ សូម​រម្លឹកជូនថា អង់គ្លេស បាន​បរាជ័យ​ក្នុងការ​ដេញថ្លៃធ្វើជាម្ចាស់ផ្ទះ កាលពីឆ្នាំ ២០០៦ និងឆ្នាំ ២០១៨។ សម្រាប់ការដេញ​ថ្លៃ ធ្វើជាម្ចាស់ផ្ទះរៀប​ចំ World Cup នៅ ២០៣០ ក៏មាន​ប្រទេសជាច្រើន បាន​សម្រេចរួមគ្នា ដាក់ដេញ​ថ្លៃផងដែរ ដូចជា ម៉ារុក ចង់រួម​ជាមួយ​អាល់ហ្សេរី និង​ទុយណេស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះ ខណៈអាស្សង់ទីន ចង់រួម​ជាមួយឈីលី ប៉ារ៉ាហ្កាយ និង​អ៊ុយរ៉ាហ្កាយ ធ្វើជាម្ចាស់ផ្ទះដូចគ្នា៕

មតិយោបល់