QATAR ប្រហែល​ជា​បាន​ចំណាយ​ឲ្យ​ FIFA ជា​សម្ងាត់​នូវ​ទឹក​ប្រាក់៨៨០លានដុល្លារ​ដើម្បី​បាន​ធ្វើ​ម្ចាស់​ផ្ទះ​វើលខាប់ឆ្នាំ២០២២

សេចក្ដី​រាយ​ការណ៍​មួយ​បាន​លើក​ឡើង​ថា​ប្រទេស​ Qatar អាច​​មាន​សូក​ប៉ាន់​ស្ថាប័ន​ FIFA ដោយ​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​ដើម្បី​ទទួល​បាន​ឱកាស​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​ប្រកួ​តវើលខាប់​ឆ្នាំ​២០២២។

គឺ​សារ​ព័ត៌បាន​ The Sunday Times ដែល​បាន​ធ្វើ​សេចក្ដីរាយការណ៍​ថា​ពួកគេ​ទទួល​បាន​ឯកសារ​បែក​ធ្លាយ​មួយ​ចំនួន​ដែល​បាន​បញ្ជាក់​ថា​តំណាង​របស់​ប្រទេស Qatar បាន​ផ្ដល់​ទឹក​ប្រាក់​ ៨៨០លាន​ដុល្លារ​ទៅ​ស្ថាប័ន FIFA ដើម្បី​ទទួល​បា​នសិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពិភព​លោក​​។

សារព័ត៌មាន​មួយ​នេះ​ក៏​បាន​ចែក​ទឹក​ប្រាក់​សរុប​ខាង​លើ​ជា​ ២ផ្នែក​ផងដែរគឺ៖ ចំណាយ ៤០០លាន​ដុល្លារ​នៅ ២១ថ្ងៃ​មុន​ការ​ចេញ​សេចក្ដី​ប្រកាស​របស់ FIFA ​ថា​ប្រទេស Qatar នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​វើល​ខាប់ឆ្នាំ​២០២២ និង​ ៤៨០លាន​ដុល្លារ​ទៀត​នឹង​ត្រូវ​ចំណាយ​នៅ​ ៣ឆ្នាំបន្ទាប់។

ព្រះ​អង្គ​ម្ចាស់​ Sheikh Hamad bin Khalifa Al Thani ដែល​ជា​មេដឹក​នាំ​របស់​ប្រទេស​ Qatar ហើយ​ក៏​ជា​ម្ចាស់​ស្ថាប័ន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​រដ្ឋរបស់​ Qatar គឺ​សារ​ព័ត៌មាន Al Jazeera ផងដែរ​នោះ​​ ត្រូវ​បាន​គេជឿថា​បាន​ចុះ​កុងត្រា​​ទូរទស្សន៍​មួយ​ដែល​មាន​តម្លៃចំណាយ​លើក​ដំបូង​ស្មើ​នឹង ៤០០លាន​ដុល្លារ។ តាម​សេចក្ដីរាយការណ៍ កុងត្រា​ខាង​លើ​នេះ​​មាន​ភ្ជាប់​លក្ខខណ្ឌ​ “កម្រៃ​ជោគ​ជ័យ” ១០០លាន​ដុល្លារ​​ ប្រសិន​បើ Qatar ត្រូវ​បាន​ចាប់​ឆ្នោត​ជាប់ជា​ម្ចាស់​ផ្ទះ​វើល​ខាប់​ឆ្នាំ២០១០។

“ប្រសិន​បើ​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​វើល​ខាប់​ឆ្នាំ២០២២ ត្រូវ​បាន​ប្រគល់​ឲ្យ​រដ្ឋ Qatar សារព័ត៌មាន Al Jazeera នឹង​ត្រូវ​បង់​ប្រាក់​ទៅ​ស្ថាប័ន FIFA ចំនួន​ ១០០លាន​ដុល្លារ បន្ថែម​លើ​កម្រៃ​ទទួល​បាន​សិទ្ធិ . . .” នេះ​ជា​សេចក្ដី​ដែល​មាន​ចែង​នៅ​ក្នុង​ឯកសារ​ដែល​បាន​បែក​ធ្លាយ​ខាង​លើ ដោយ​យោង​តាម​សារព័ត៌មាន The Sunday Times។ សារព័ត៌មានខាង​លើ​បាន​​​លើក​ឡើង​​បន្តទៀត​ថា​ ស្ថាប័ន​ដែល​គ្រប់​គ្រង​ការ​ប្រកួត​បាល់ទាត់​អន្ត​រជាតិ​មួយ​នេះ​នឹង​ទទួល​បាន​ទឹក​ប្រាក់​រាប់​លាន​ផោន​នៅ​ខែ​ក្រោយ​ ដែល​ក្នុង​នោះ​ក៏​មាន​ចំណែក​​មួយ​នៃ​កម្រៃ​ជោគ​ជ័យ​ដែល​បាន​លើក​ឡើង​ខាង​លើ​ផង​ដែរ។

ការ​ចំណាយ​លើក​ទី២ ដែល​មាន​តម្លៃ ៤៨០លាន​ដុល្លារ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ ៣ឆ្នាំ​បន្ទាប់ នេះ​បើ​យោង​តាម​របាយការណ៍​ខាង​លើ។ ការ​ចំណាយ​លើក​ទី២​ នេះ​នឹង​ធ្វើ​ឲ្យ​ទឹក​ប្រាក់​ដែល​ចំណាយ​សរុប​មាន​តម្លៃ​ស្មើ​នឹង ៨៨០លាន​ដុល្លារ។

សារព័ត៌មាន The Sunday Times ​បាន​បន្ត​ចោទ​ប្រកាន់ថា​​កុងត្រា​ខាង​លើ​បាន​ក្លាយ​ជា​គោល​ដៅ​ស៊ើប​អង្កេត​របស់​ប៉ូលីស​ស៊្វីស​ ខណៈ​ដែល​កុង​ត្រា​ទាំង​នេះ​បាន​បង្កើន​ការ​សង្ស័យ​ថា​ Qatar បាន​ទិញ​សិទ្ធិ​​រៀបចំ​​ព្រឹត្តិការណ៍​ប្រកួត​កីឡា​​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​របស់​ពិភព​លោក ជាជាង​ការ​ចូលរួម​ដំណើរ​ការ​បោះ​ឆ្នោត​ដោយ​យុទ្តិ​ធម៌។

ទន្ទឹម​នឹង​នេះ​ផងដែរ ស្ថាប័ន FIFA នៅ​មិន​ទាន់​ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​ខាង​លើ​នៅ​ឡើយ​ទេ។ នេះ​មិន​មែន​ជា​លើក​ទី១ ទេ​ដែល​ពួក​គេ​បាន​ក្លាយ​ជា​គោល​ដៅ​នៃ​ការ​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​ ដោយ​កីឡាករ​បាល់ទាត់​ល្បីៗ និង​អ្នក​គ្រប់គ្រង​មួយ​ចំនួន​ដូចជា​លោក Michel Platini ដែល​ជា​ប្រធាន​ស្ថាប័ន UEFA ក៏​ធ្លាប់​បានលើក​ឡើ​ងពី​ស្ថាប័ន​បាល់ទាត់​អន្តរជាតិ​មួយ​នេះ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ដែរ៕

 

លោក VALVERDE ភ្ញាក់​ផ្អើល​ដែល​ RAYO រក​បាន​គ្រាប់បាល់

មតិយោបល់