លោក Arsene Wenger នឹងទទួលមុខងារសំខាន់បំផុតសម្រាប់ World Cup ២០២២

អតីតអ្នកចាត់ការទូទៅ ក្លឹបកាំភ្លើងធំ Arsenal លោក Arsene Wenger កំពុងមានទំនាក់ទំនងធ្វើជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេសកាតា (Qatar) សម្រាប់ទិសដៅការប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០២២។

តាមការឲ្យដឹងពីសារព័ត៌មានបារាំង France Football ប្រទេសកាតា បានចាប់អារម្មណ៍ពីបទពិសោធន៍ និងសមត្ថភាពរបស់បុរសបារាំង វ័យ ៦៩ឆ្នាំនេះ តាំងពីគាត់ សម្រេចដើរចេញពីក្លឹប Arsenal បន្ទាប់ពីការដឹកនាំរយៈពេល ២២ឆ្នាំមក។

កាតា ជឿជាក់ថា លោក Wenger នឹងជួយក្រុមជម្រើសជាតិកាតា ឲ្យមានលទ្ធផលល្អ ខណៈប្រទេសគេ នឹងត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ World Cup នៅឆ្នាំ ២០២២ខាងមុខ។ បន្ទាប់ពីការចាកចេញពីកីឡដ្ឋាន Emirate មានព័ត៌មានជាច្រើន បានឲ្យដឹងថា លោក Wenger មានទំនាក់ទំនងជាមួយក្លឹប Paris Saint Germain ដែលគេចង់បានគាត់ទៅធ្វើជាប្រធានកីឡា (Sporting Director) ហើយក៏មានដំណឹងថាគាត់មានទំនាក់ទំនងទៅដឹកនាំក្រុមនេះ ក្រុមនោះ។

យ៉ាងណាក៏ដោយ លោក Wenger ធ្លាប់លើកឡើងថា ក្នុងមួយជីវិតរបស់លោក លោកចង់ផ្លាស់ប្តូរបទពិសោធន៍ ទៅដឹកនាំក្រុមជម្រើសជាតិអន្តរជាតិម្តង។ ដូច្នេះដំណឹងដែលចុះផ្សាយដោយសារព័ត៌មានបារាំងនេះ អាចជាការពិតច្រើនរហូតដល់ទៅ ៩០ភាគរយ ទោះបីជាមិនទាន់មានការប្រកាសផ្លូវការយ៉ាងណាក៏ដោយ។ មួយវិញទៀត លោក Wenger ធ្លាប់ធ្វើការជាមួយជនជាតិអារ៉ាប់ច្រើន (Arsenal មានក្រុមហ៊ុនអារ៉ាប់ឧបត្ថម្ភ) ដូច្នេះ គាត់ពិតជាមានទំនាក់ទំនងទាំងប្រយោជន៍ ទាំងមនោសញ្ចេតនាច្រើនជាមួយប្រទេសនៅអ្នក​មានៗនៅអារ៉ាប់ហើយ។

សូមរម្លឹកជូនថា លោក Arsene Wenger គឺជាគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal តាំងពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០១៨។ ក្នុងរយៈពេល ២២ឆ្នាំ នៅ Arsenal លោក Wenger បានជួយឲ្យក្លឹបក្លាយជាជើងឯក Premier League ចំនួន ៣ដង គឺឆ្នាំ ១៩៩៨,២០០២ និង ២០០៤។ ក្នុងនោះ លោកក៏នាំក្លឹបឈ្នះពានរង្វាន់ FA Cup ដល់ទៅ ៧ដង និងពានរង្វាន់ FA Community Shield ចំនួន ៧ដង។ ការចាកចេញរបស់លោក Wenger ពី Arsenal ជំនួសមកវិញដោយលោក Unai Emery គឺដោយសារតែសម្ពាធពីអ្នកគាំទ្រ ព្រោះគាត់មិនអាចបំពេញតម្រូវការរបស់ពួកគេ ក្នុងការនាំ Arsenal ទៅដណ្តើមពានរង្វាន់ធំៗ ដូចជា Premier League ឬ Champions League ក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ៕

មតិយោបល់