Cristiano Ronaldo អាច​អវត្ត​មាន​ពី​ជំនួប​ជាមួយ Ajax ប្រសិន​បើ UEFA ពិត​ជា​ពិន័យ​មែន​!​

ការចាប់ឆ្នោតផ្គូរផ្គង UEFA Champions League វគ្គ ៨ក្រុមចុងក្រោយ បានធ្វើរួចរាល់ហើយនៅក្នុងទីក្រុង Nyon ប្រទេសស្វីស នៅថ្ងៃសុក្រ ទី ១៥ខែមីនា ឆ្នាំ ២០១៩។ គេបានដឹងលទ្ធផល ៤គូ ដែលត្រូវជួបប្រកួតគ្នាហើយ នៅក្នុងវគ្គនេះ។

អ្នកគាំទ្រក្លឹបខ្លះ សាទរ នឹងលទ្ធផលនៃការចាប់គូប្រកួតនេះ ប៉ុន្តែខ្លះទៀត ចាប់ផ្តើមភ័យជាមុនទៅហើយ ព្រោះគេគិតថាក្រុមរបស់ពួកគេ ទៅជួបក្រុមខ្លាំងជាងខ្លួន ដែលពិបាកសង្ឃឹមថានឹងអាចយកឈ្នះ។ អ្នកគាំទ្រក្លឹប Juventus ក៏ប្រហែលជាសប្បាយចិត្តនៅពេលដែលគេនឹងត្រូវឡើងទៅប្រកួតជាមួយក្លឹប Ajax មកពីក្របខណ្ឌ Eridivisie របស់ហូឡង់។ Ajax បានបំបាក់ Real Madrid យ៉ាងចាស់ដៃនៅជើងទី ២ UEFA Champions League វគ្គ ១៦ក្រុមចុងក្រោយ ដើម្បីឡើងមកវគ្គនេះ ខណៈ Juventus ក៏បានវាយបកទៅលើក្រុម Atlectico Madrid យ៉ាងសាហាវដែរ។ និយាយទៅ ក្រុមទាំង ២នេះ គឺសុទ្ធតែបានធាក់ទម្លាក់ក្រុមលំដាប់លេខ ២ និងលេខ ៣ពីក្របខណ្ឌ La Liga របស់អេស្ប៉ាញ។

គេអាចចាត់ទុកថា Juventus ជាក្រុមខ្លាំងបំផុត នៅអ៊ីតាលី! ហើយគេក៏នៅតែនិយាយដដែលជាដដែលថា Cristiano Ronaldo នៅតែជាតារាសំណាង ឬ ជាម៉ាស៊ីនរកគ្រាប់បាល់ ឬ រកជ័យជម្នះ ដល់គ្រប់ក្រុមទាំងអស់ ដែលគាត់លេងជាមួយ! ដូច្នេះហើយ គេនឹងមានការព្រួយបារម្ភខ្លាំង ប្រសិនបើ Cristiano Ronaldo ត្រូវអវត្តមាន ក្នុងវគ្គ ៨ក្រុមចុងក្រោយ ពេល Juventus ប៉ះគ្នាជាមួយ Ajax នៅខែមេសាខាងមុខ។


ជាការពិតពេលនេះ សហព័ន្ធបាល់ទាត់អឺរុប (UEFA) កំពុងតែបើកការស៊ើបអង្កេត ពីភាពចម្រូងចម្រាស់ ចំពោះស្ទីលអបអរគ្រាប់បាល់របស់ Cristiano Ronaldo នៅក្នុងជំនួបជើងទី ២ជាមួយ Atlectico Madrid។ គេនៅចាំបានថា ពេលនោះ C.Ronaldo បានអបអរ ដោយយកដៃ ទៅខ្ទប់តំបន់ពិសេស ជិតក្រលៀន ដែលទំនងជាឌឺដងដល់អ្នកគាំទ្រ Atlectico Madrid។ UEFA ក៏កំពុងតែសង្ស័យដែរថា C.Ronaldo បានជេរអ្នកគាំទ្រ Atlectico Madrid នៅពាក្យ «son of bitch»។ តាមរយៈវីដេអូមួយរបស់ UEFA គេបានឃើញ C.Ronaldo អបអរគ្រាប់បាល់របស់ខ្លួន នៅមុខអ្នកគាំទ្រ Atl. Madrid ហើយមាននិយាយពាក្យខ្លះ ដែលមាត់មើលទៅដូចជាពាក្យជេរនោះ។


មែនទែនទៅ លោក Diego Simeone គ្រូបង្វឹករបស់ Atl. Madrid គឺជាអ្នកដែលផ្តើមប្រើស្ទីលអបអរបែបនេះ ពេលដែល Atl. Madrid យកឈ្នះលើ Juventus ២ទល់នឹង០ កាលពីជើងទី ១ វគ្គ ១៦ក្រុមចុងក្រោយ។ ពេលនោះ គ្រូបង្វឹករូបនេះ បានបកស្រាយថា ការអបអរបែបនេះ គឺគ្រាន់តែចង់ប្រាប់ទៅអ្នកគាំទ្រថា «មើលការប្រកួត មានគ្រាប់បាល់ច្រើនណាស់» ដោយលោកពុំមានចេតនាឌឺដងអ្វីទេ។ យ៉ាងណាក៏ដោយ UEFA បានពិន័យលោក Simeone ជាទឹកប្រាក់ចំនួន ២ម៉ឺនផោនរួចទៅហើយ ពីបទ «អបអរគ្រាប់បាល់ ក្នុងអត្តចរិតមិនសមរម្យ» ដែលប្រាស់ចាកពីកថាខណ្ឌទី ១១.២ របស់ UEFA។

‘Ronaldo played a great match’ – Allegri

ចំពោះ Cristiano Ronaldo វិញ គេប្រាកដជាអាចរងពិន័យពី UEFA ដូចគ្នា! ប៉ុន្តែការពិន័យនោះ អាច «តម្រូវឲ្យបង់ប្រាក់ពិន័យលើសពី ១ម៉ឺនផោន ហើយផ្អាក ១ប្រកួត»។ ប្រសិនជាត្រូវរងពិន័យមែន C.Ronaldo នឹងត្រូវអវត្តមានក្នុងជំនួបជើងទី ១ ជាមួយក្រុម Ajax។

ជាការកត់សម្គាល់ Cristiano Ronaldo គឺជាកីឡាករម្នាក់ ដែលពុំខ្មាស់អៀន ក្នុងការធ្វើត្រាប់តាមស្ទីលរបស់អ្នកណាម្នាក់ ដែលធ្លាប់ឌឺ នៅពេលក្រុមរបស់គាត់ប្រកួតចាញ់នោះទេ។ ប៉ុន្តែអាកប្បកិរយាបែបនេះ វាជាការល្មើសមួយ ក្នុងច្បាប់បាល់ទាត់ របស់សហព័ន្ធបាល់ទាត់អឺរុប៕

មតិយោបល់