Manchester United ប៉ះ Barcelona ជំនួប​រវាង​ក្រុម​គីឡូ​ធ្ងន់

Bryan Robson scores against Barcelona in 1984

ក្លឹប Manchester United និង Barcelona ធ្លាប់​មាន​ប្រវត្តិ​​​​​ប៉ះ​គ្នាជា​ច្រើន​លើក​​ច្រើន​សារ​មក​ហើយ ហើយ​ពេល​​នេះ​​ក្លឹប​ទាំង​ពី​រត្រូវ​បាន​ចាប់​ឆ្នោត​ប៉ះ​គ្នា​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​ការ​ប្រកួត​​វគ្គ​៨ក្រុមនៅ​​យូហ្វា​ឆេម​ពានស៍​លីគ ធ្វើ​ឲ្យ​ប្រិយ​មិត្ត​នឹក​ឃើញ​ដល់​​ប្រវត្តិ​​ដ៏​អស្ចារ្យ​ដែល​ក្រុមទាំង​ពី​រធ្លាប់​ប៉ះ​គ្នា​ពីមុន​មក។

ក្រុម​គីឡូ​ធ្ងន់​ទាំងពីរ​​បាន​ជួប​ប្រកួត​ជាមួយ​គ្នា​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​១៩៨៤ ដោយ​ប៉ះ​គ្នា​ពីរ​ជើង​​ក្នុងការ​ប្រកួត​ពាន​រង្វាន់ the Cup Winners’ Cup។

ខាង​ក្រោម​នេះ FOX Sports ជា​ខេមរ​ភាសា​សូម​លើក​យក​ប្រវត្តិ​ប៉ះគ្នា​​ ៥លើក​​ដែល​ល្អ​បំផុត​រវាង​ក្លឹប​ទាំង​ពីរ​នេះ​មក​បង្ហាញ​ជូន​ដូច​ខាង​ក្រោម៖

ក្លឹប Manchester United ឈ្នះ Barcelona ៣ទល់​នឹង​សូន្យ

(ការ​ប្រកួត​ European Cup Winners’ Cup វគ្គ​៨ក្រុម ជើង​ទី២ នៅ​ថ្ងៃទី២១ ខែ​មីនា ឆ្នាំ១៩៨៤)

រាត្រី​ប្រកួត​នៅ​ពេល​នោះ នៅ​តែ​ត្រូវ​បាន​​អ្នក​គាំ​ទ្រ​ក្លឹប Manchester United ចាត់ទុក​ថា​ជា​រាត្រី​ប្រកួត​មួយ​ក្នុ​ងចំណោម​ការ​ប្រកួត​​ល្អ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ក្លឹបមួយ​នេះ។ ក្លឹប​ Man United ធ្លាប់​ចាញ់​ក្នុង​លទ្ធផល​ ២ទល់​នឹង​សូន្យ​កាល​ពីជើង​ទី១​ នៅទឹកដី​ Camp Nou ប៉ុន្តែ​នៅ​ជើង​ទី២ កីឡាករ Diego Maradona និង Bernd Schuster របស់ Barcelona ហាក់​ដូច​ជា​ចាញ់​ច្រាប​បរិយាកាស​នៅ​ទឹកដី Old Trafford ទៅវិញ។ កីឡាករ Bryan Robson រក​បាន​គ្រាប់​បាល់​ ១គ្រាប់​នៅ​តង់ទី១ និ​ង ១គ្រាប់ទៀត​នៅ​តង់ទី២ មុន​ពេល​ដែល​កីឡាករ Frank Stapleton រក​បាន​គ្រាប់បាល់ទី៣ ជា​គ្រាប់បាល់​ជ័យ​ជម្នះ​នៅ​នាទី​ទី៨ ក្នុង​តង់ទី២។ ប៉ុន្តែ ក្លឹប Man United បាន​ទទួល​បរាជ័យ​ដោយ​សារ​ស្នាដៃ​ក្លឹប Juventus ត្រឹម​វគ្គ​ ៤ក្រុម​ចុង​ក្រោយ។

ក្លឹប Manchester United ឈ្នះ​ Barcelona ២ទល់​នឹង​១

(ការ​ប្រកួត European Cup Winners’ Cup វគ្គ​ផ្ដាច់​ព្រ័ត្រ នៅ​ថ្ងៃ​ទី១៥ ខែ​ឧសភា ឆ្នាំ១៩៩១)

កីឡាករ Mark Hughes រក​បាន​គ្រាប់​បាល់​ ២គ្រាប់​ យក​ឈ្នះ​ Barcelona នៅ​ទឹកដី​ទីក្រុង Rotterdam។ ក្រោយ​ពី​លេង​​​មិន​សូវ​ទទួល​បា​នលទ្ធផល​ល្អ​​ជា​កីឡាករនៅ​ក្លឹប Barcelona មុន​នឹង​វិល​ត្រឡប់​មក​ទឹកដី Old Trafford វិញ​នៅឆ្នាំ១៩៨៨ លោក Hughes បាន​សង​សឹក​ជាមួយ​ក្លឹប​យក្ស​កាតា​ឡង់​ ដោយ​បាន​ជួយ​រក​ជ័យ​ជម្នះ​ឲ្យ​ក្រុម​បិសាច​ក្រហម​របស់​លោក​ Alex Ferguson ក្នុង​លទ្ធផល​ ២ទល់​នឹង​សូន្យ​​ គិត​ត្រឹម​នាទី​ទី៧៤ ប៉ុណ្ណោះ។ កីឡាករ Ronald Koeman រក​បាន​គ្រាប់​បាល់​មួយ​គ្រាប់​វិញ​ ប៉ុន្តែ​​ក្លឹប Man United ទទួល​បាន​ជ័យ​ជម្នះ ក្លាយ​ជា​ម្ចាស់​តំណែង​ជើង​ឯក​បាល់ទាត់​អឺរ៉ុប​ជា​លើក​ទី២។

 

ក្លឹប Barcelona ឈ្នះ​ Manchester United ៤ទល់​នឹង​សូន្យ

(ប្រកួត​ឆេម​ពានស៍​លីគ ក្រុម A នៅ​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៩៩៤)

កីឡាករ Romario និង Hristo Stoichkov មាន​តួ​នាទី​យ៉ាង​សំខាន់​ជួយ​ឲ្យក្រុម​ Barcelona របស់​លោក Johan Cruyff ទទួល​បាន​ជ័យ​ជម្នះ​ ដោយ​បាន​ទម្លុះ​របាំង​ការពារ​ Steve Bruce និង Gary Pallister របស់​ក្រុម​ Man United។ កីឡាករសញ្ជាតិ​ប៊ុល​ការី​គឺ Stoichkov រក​បាន​គ្រាប់​បាល់​ ២គ្រាប់ ខណៈ​ដែល​វីរបុរស​បាល់ទាត់​ប្រេស៊ីល Romario រក​បាន​ ១គ្រាប់ និង​ខ្សែ​ការពារ Albert Ferrer បន្ថែម​គ្រាប់ទី៤ នៅ​ចុង​ម៉ោង។

ក្លឹប Manchester United ចាញ់ Barcelona ២ទល់​នឹង​សូន្យ

(ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ឆេមពានស៍លីគ នៅ​ថ្ងៃទី២៧ ខែ​ឧសភា ឆ្នាំ២០០៩)

ក្រោយ​ពី​បំបាក់​ក្លឹប Chelsea នៅ​ទឹកដី​រុស្ស៊ី​បាន ១ឆ្នាំ ក្លឹប Man United បាន​ព្យា​យាម​ប្រជែង​ដើម្បី​ក្លាយ​ជា​ក្លឹប​ដំបូង​គេ​បំផុត​ដែល​ឈ្នះ​បាន​តំណែង​ជើង​ឯក​ឆេម​ពានស៍​លីគ​ ប៉ុន្តែ​​បែរ​ជា​ត្រូវ​បរាជ័យ​ក្រោម​ស្នាដៃ​ក្លឹប​ Barcelona ដែល​ដឹកនាំ​ដោយ​លោក Pep Guardiola ទៅ​វិញ។ កីឡាករ Samuel Eto’o រក​បាន​គ្រាប់​បាល់​ទី១ ឲ្យ​ Barcelona ពេល​ចាប់​ផ្ដើម​លេង​មិនទាន់​បាន​ ១០នាទីផង ហើយ​កីឡាករ Lionel Messi រក​បាន​គ្រាប់​បាល់ទី២ ដោយការ​តែត​​មួយ​ដ៏​កម្រ ជួយ​ឲ្យ​ Barcelona ឈ្នះ​បាន​ពាន​ដល់ទៅ៣ គឺពាន​រង្វាន់​ឆេម​ពានស៍លីគ, LaLiga និង Copa del Rey។

ក្លឹប Barcelona ឈ្នះ Manchester United ៣ទល់​នឹង១

(ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រឆេមពានស៍​លីគ នៅ​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១១)

Messi បាន​បញ្ជាក់​ថា​ខ្លួន​ជា​សមាជិក​ម្នាក់​ដ៏​សំខាន់​ជា​ថ្មី​ម្ដង​ទៀត​​នៅ Barcelona ដែល​បាន​យក​ឈ្នះ​គូ​ប្រជែង​ស៊ី​សាច់​ហុត​ឈាម Real Madrid នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ នៅ​ទឹកដី Wembley។ កីឡាករ Wayne Rooney តាម​បាន​ស្មើ​គ្រាប់​បាល់​ដំបូង​ដែល​ Pedro រក​បាន បន្ទាប់​មក Messi រក​បាន​គ្រាប់ទី២ និង David Villa រក​បាន​គ្រាប់ទី៣៕

 

មតិយោបល់