ចំនុច​ពិសេស​ៗ ពី UEFA Champions League វគ្គ ១៦​ក្រុម​ចុង​ក្រោយ​

ការប្រកួត UEFA Champions League វគ្គ ១៦ក្រុមចុងក្រោយជើងទី ២ បានរកឃើញ ៨ក្រុមហើយ ដើម្បីបន្តឡើងទៅវគ្គ ១ភាគ ៤ ដែលនឹងត្រូវផ្តើមធ្វើឡើងចាប់ពីចុងខែមេសា ឆ្នាំ ២០១៩តទៅ។ ការចាប់ពូលវគ្គ ៨ក្រុមចុងក្រោយ នឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃទី ១៥ខែមីនា ឆ្នាំ ២០១៩។

ត្បិតការប្រកួតបានបញ្ចប់ ប៉ុន្តែមានចំនុចពិសេសៗជាច្រើន ដែល Fox Sports ជាខេមរភាសា បានកត់សម្គាល់ឃើញក្នុងការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League រដូវកាល ២០១៨/២០១៩។ ចំនុចទាំងនោះ រួមមាន៖

១. ក្រុមពីក្របខណ្ឌ Premier League ទាំង ៤ក្រុម បានឡើងទៅវគ្គ ៨ក្រុមចុងក្រោយទាំងអស់

នេះគឺជារឿងអាស្ចារ្យសម្រាប់ក្របខណ្ឌ Premier League របស់អង់គ្លេស ដែលក្រុមទាំង ៤ គឺ Manchester City, Manchester United, Liverpool និង Tottenham Hotspur បានឡើងទៅវគ្គ ៨ក្រុមចុងក្រោយយ៉ាងអស្ចារ្យ។ ៣ក្រុមអង់គ្លេស បានបំបាក់ ៣ក្រុមអាល្លឺម៉ង់ យ៉ាងអាម៉ាស់៖
– Man City ១០-២ Schalke 04
– Tottenham ៤-០ Dortmund
– Liverpool ៣-១ Bayern Munich

ចំណែក Manchester United វិញ បានបំបាក់ក្រុមកំពូលរបស់បារាំង PSG ពីក្របខណ្ឌ Ligue 1 យ៉ាងអាម៉ាស់ដូចគ្នា ដោយអាចវាយបកក្នុងទឹកដី Parc de Prince ដោយលទ្ធផល ៣ទល់នឹង១ ខណៈ PSG បានស៊ីដល់ទៅ ២គ្រាប់មុនទៅហើយ។

២. ក្រុមដែលវាយបកយកឈ្នះ ៣ក្រុម សុទ្ធតែឈ្នះដោយលទ្ធផលប៉េណាំងទី ដ៏ចម្រូងចម្រាស់!

គេនៅចាំបានថា មាន ក្នុងចំណោម ៤ក្រុម ដែលចាញ់នៅជើងទី ១ មាន៣ក្រុម ដែលបានវាយបកយកឈ្នះ នៅជើងទី ២ តាមរយៈការទទួលបានបាល់ពិន័យ ១១ម៉ែត្រ ពីអាជ្ញាកណ្តាល នៅជិតចប់ការប្រកួត។ ក្រុមទាំងនោះ រួមមាន Man Utd, Porto និង Juventus។ នៅជើងទី ២ Man Utd បានយកឈ្នះ PSG ដោយលទ្ធផល ៣ទល់នឹង ១ ហើយគ្រាប់ទី ៣ គឺជាកាដូប៉េណាំងទី។ Porto បានយកឈ្នះ Roma ៣ទល់នឹង១ដែរ តែក្រុមទាំង ២ ត្រូវទាត់ថែមម៉ោង ១៥នាទី ២ដង ដោយគ្រាប់បាល់ស្មើគ្នា ដូច្នេះនៅនាទីទី ១១៧ កីឡាកររបស់ Porto ទទួលបានប៉េណាំងទី ១គ្រាប់ ហើយក៏យកឈ្នះតែម្តង។ ចំណែក Juventus វិញ បានវាយបកយកឈ្នះលើ Atlectico Madrid ៣ទល់នឹង០ ខណៈដែលគ្រាប់ទី ៣ គឺជាគ្រាប់ប៉េណាំងទីនៅនាទី ៨៦ដែរ។

៣. Lionel Messi និង Cristiano Ronaldo នៅតែជាតារាលេចធ្លោជាងគេក្នុងការប្រកួត UCL រដូវកាលនេះ

‘Ronaldo played a great match’ – Allegri

ទោះបីជាបានប្តូរក្លឹបទៅហើយ ប៉ុន្តែ Cristiano Ronaldo នៅតែលេចធ្លោខ្លាំងក្នុងវគ្គនេះ តាមរយៈការរកបានបាល់ ៣គ្រាប់ (hat-trick) នៅជើងទី ២ ក្នុងជំនួបជាមួយ Atlectico Madrid។ រឿងរកបានគ្រាប់បាល់ជារឿងមួយ ប៉ុន្តែអ្វីដែលពិសេស គឺថា Cristiano Ronaldo មានវ័យ ៣៤ឆ្នាំទៅហើយ នៅតែអាចជួយក្រុមដែលខ្លួនកំពុងលេង ឲ្យមានលទ្ធផលល្អ ខណៈក្រុមចាញ់របស់គាត់ គឺ Real Madrid បានធ្លាក់ចេញត្រឹមវគ្គ ១៦ក្រុម ក្រោមថ្វីជើងក្រុមមកពីហូឡង់ Ajax។ Cristiano Ronaldo ក៏បានក្លាយជាកីឡាករដែលមានការស៊ុតបាល់ hat-trick បានច្រើនជាងគេលើលោកផងដែរ។

ចំណែក Lionel Messi វិញ គាត់ក៏នៅតែជាកីឡាករដែលលេចធ្លោសម្រាប់ UCL រដូវកាលនេះដែរ! នៅពេល Barcelona យកឈ្នះលើ Lyon នៅជើងទី ២ ដោយលទ្ធផល ៥ទល់នឹង១ Messi ស៊ុតបញ្ចូលទីបាន ២គ្រាប់ និងជួយ assist ២គ្រាប់ ដែលធ្វើឲ្យចំនួនគ្រាប់បាល់របស់គាត់ស៊ុតបញ្ចូលទី នៅ UCL រដូវកាលនេះ មានចំនួន ៨គ្រាប់។ យើងអាចនិយាយបានថា Lionel Messi ជា top scorer បណ្តោះអាសន្ន។

៤. Real Madrid បានបណ្តេញគ្រូបង្វឹកចេញពេលធ្លាក់ចេញពីវគ្គ ១៦ក្រុមចុងក្រោយ ខណៈក្លឹបខ្លះក៏កំពុងគិតពីការបណ្តេញចេញគ្រូបង្វឹកដោយបរាជ័យនេះ

Zidane Perez

មិនដល់មួយសប្តាហ៍ពីការធ្លាក់ចេញរបស់ Real Madrid ក្រោមថ្វីជើង Ajax ផងដែរ លោក Santiago Solari ក៏ត្រូវបានក្លឹបបណ្តេញចេញ ហើយតែងតាំងលោក Zindedin Zidane គ្រូបង្វឹកចាស់ ឲ្យជំនួសតំណែង។ ការពិតទៅ ដំបូងឡើយ Real Madrid មានគម្រោងទុកលោក Solari រហូតដល់ចប់រដូវកាល។ ប៉ុន្តែបរាជ័យនេះ វាបានធ្វើឲ្យប្រធានក្លឹបលោក Florentino Perez ប្តូរការគិតតែម្តង។ ចំណែកក្លឹបផ្សេងទៀត ដូចជា PSG ជាដើម ក៏ប្រហែលជាអាចមានការបណ្តេញគ្រូបង្វឹក ដោយសារហេតុផលនេះដែរ។ ហ៊ាននិយាយដូច្នេះ ព្រោះថាសម្រាប់ PSG ការដណ្តើមបានពានរង្វាន់អឺរុបដ៏ធំនេះ គឺជាគោលការណ៍ធំរបស់ខ្លួន ប៉ុន្តែវាតែងតែមិនអាចសម្រេចបាន។

Zidane trains with Modric and Ramos

សូមបញ្ជាក់ជាថ្មី ៨ក្រុមឡើងទៅវគ្គ ១ភាគ៤ចុងក្រោយ ក្របខណ្ឌ UEFA Champions League រដូវកាល ២០១៨/២០១៩រួមមាន ៤ក្រុមពីក្របខណ្ឌ Premier League របស់អង់គ្លេស គឺ Manchester City, Liverpool, Tottenham Hotspur និង Manchester United។ ១ក្រុមមកពីអ៊ីតាលី Serie A គឺ Juventus ១ក្រុមមកពីហូឡង់ Eredivisie គឺ Ajax ១ក្រុមមកពីព័រទុយហ្កាល់ Porto និង១ក្រុមមកពីអេស្ប៉ាញ La Liga គឺ Barcelona។ ការចាប់គូប្រកួតសម្រាប់វគ្គ ១ភាគ ៤ នឹងធ្វើឡើងនៅថ្ងៃទី ១៥ខែមីនាឆ្នាំ ២០១៩៕

 

ដោយ៖ កូនមាន់មាស

មតិយោបល់