Cristiano Ronaldo (Juventus) និង Man City ធ្វើ​បាន​ល្អ​ក្នុង​ទឹក​ដី រួច​​ឡើង​វគ្គ ៨​ក្រុម UCL យ៉ាងរីករាយ

លទ្ធផលនៃការប្រកួតបាល់ទាត់ UEFA Champions League ជើងទី ២ វគ្គ ១៦ក្រុមចុងក្រោយ កាលពីយប់មិញនេះ បានរកឃើញ ២ក្រុមទៀតហើយ ដើម្បីបន្តឡើងទៅវគ្គ ៨ក្រុមចុងក្រោយ។

ក្នុងទឹកដីរបស់ខ្លួនទាំង ២ ក្រុមសេះបង្កង់ Juventus នៃក្របខណ្ឌ Serie A បានបកយកឈ្នះលើ Atlectico Madrid មកពីក្របខណ្ឌ La Liga ដោយលទ្ធផល ៣ទល់នឹង០ ដោយគ្រាប់បាល់សរុប (aggregate) ៣ទល់នឹង២។ ចំណែក Manchester City មកពីក្របខណ្ឌ Premier League បានបន្តយកឈ្នះ ក្រុមក្បែរបាតតារាង Bundesliga, Schalke 04 ដោយលទ្ធផល ៧ទល់នឹង០ ដោយគ្រាប់បាល់សរុប (aggregate) ១០ទល់នឹង២។

ក្នុងជំនួបរវាង Juventus ជាមួយ Atlectico Madrid នៅជើងទី ២នេះ ក្រុមម្ចាស់ផ្ទះអ៊ីតាលី មានប្រៀបច្រើនទៅលើក្រុមមកពីអេស្ប៉ាញ។ ហើយអ្វីដែលសំខាន់ គឺខ្សែប្រយុទ្ធព័រទុយហ្កាល់ វ័យ ៣៤ឆ្នាំ Cristiano Ronaldo រកបានទាំង ៣គ្រាប់តែឯង (hat-trick)។ Cristiano Ronaldo បានក្លាយជាកីឡាករដែលរកបានគ្រាប់បាល់ hat-trick កាន់តែច្រើនបន្ថែមទៀត។ គេនៅចាំថា C.Ronaldo ជាប់ប្រវត្តិសាស្ត្រជាកីឡាកររកបាន hat-trick ដល់ទៅ ៣៤ដង ក្នុងក្របខណ្ឌ La Liga ហើយតាមរយៈ hat-trick នៅពេលនេះ គេក៏ជាប់ឈ្មោះទៅក្នុងចំណោមកីឡាកររកបាន hat-trick ច្រើនក្នុងក្របខណ្ឌ UEFA Champions League ផងដែរ។

សូមបញ្ជាក់ថា ក្នុងក្របខណ្ឌ UEFA Champions League មកដល់ពេលនេះ កីឡាករដែលរកបាន hat-tricks ច្រើនជាងគេ រួមមាន Cristiano Ronaldo រកបាន ៨ដង, Lionel Messi រកបាន ៨ដង, Filippo Inzaghi រកបាន ៣ដង, Mario Gomez រកបាន ៣ដង និង Luiz Adriano រកបាន ៣ដង។ ហើយសរុបមកដល់ពេលនេះ Crisitiano Ronaldo រកបាន ១២៥គ្រាប់ ក្នុងក្របខណ្ឌ UEFA Champions League គិតចាប់តាំងពីពេលគាត់លេងជាមួយក្លឹប Manchester United, Real Madrid និង Juventus។

ងាកមកមើលក្រុមមេឃា Manchester City វិញ! ក្រុមនេះ ក៏បានក្លាយជាក្រុមដំបូង នៅវគ្គ ១៦ក្រុមចុងក្រោយ រដូវកាល ២០១៨/២០១៩ ដែលយកឈ្នះលើគូបដិបក្ខដោយលទ្ធផល ៨គ្រាប់ដាច់តែម្តង។ យប់មិញ Man City សម្រុកស៊ុតលើ Shcalke 04 ស្ទើរគ្មានសម្រាក។ គ្រាប់បាល់ទី ១ ជាគ្រាប់ប៉េណាំងទី រកបានដោយ Sergio Aguero ហើយគ្រាប់ទី២ ក៏ជារបស់ Sergio Aguero និងគ្រាប់ទី ៣ ក្នុងតង់ទី ១ ជាគ្រាប់របស់ Leroy Sane។ នៅតង់ទី ២ អ្នកដែលរកបានគ្រាប់បាល់ជាបន្តបន្ទាប់ រួមមាន Raheem Sterling, Bernardo Silva, Phil Foden និង Fabriel Jesus។

សម្រាប់ Manchester City ត្បិតតែគ្រាប់បាល់តិចច្រើន ក៏គង់តែឈ្នះដូចគ្នា ប៉ុន្តែនេះគឺជាសញ្ញាបង្ហាញឲ្យក្រុមផ្សេងទៀត មើលឃើញថា Man City ពុំមែនឡើងទៅវគ្គបន្តទាំងប្រផិតប្រផើយ ឬ ចាំបាច់ត្រូវសុំជំនួយ VAR ឬ អាជ្ញាកណ្តាល ដើម្បីជ័យជម្នះនេះឡើយ។
ជាការកត់សម្គាល់ ៦ក្រុមដែលឡើងទៅវគ្គ ៨ក្រុមចុងក្រោយ មានតែ Ajax, Tottenham Hotspur និង Man City ប៉ុណ្ណោះ ដែលពុំមានភាពចម្រូងចម្រាស់ក្នុងលទ្ធផលរបស់ខ្លួន។ ប៉ុន្តែក្រុមផ្សេងទៀត ដូចជា Manchester United, Porto និង Juventus ត្រូវបានគេចាត់ទុកថា ឈ្នះដោយគ្រាប់បាល់ប៉េណាំងទី តាមរយៈការកាត់សេចក្តីលម្អៀងពីអាជ្ញាកណ្តាល។

Schalke ចាញ់ City ០-៧ មែនតែ អ្នកគាំទ្រ​របស់ក្លឹប​នេះ ពិតជាគួរទទួលបានការគោរព

សូមបញ្ជាក់ថា នៅយប់នេះ ក៏មានការប្រកួត ២គូទៀត ដើម្បីជ្រើសរើស ២ក្រុម សម្រាប់បង្គ្រប់ក្នុងវគ្គ ៨ក្រុមចុងក្រោយ។ ២គូនោះ គឺ Bayern Munchen vs Liverpool និង Barcelona vs Lyon៕

 

ដោយ៖ កូនមាន់មាស

មតិយោបល់