ព្យាករណ៍​កីឡាករ៦នាក់ ដែលអាចតទល់​គ្នា​ខ្លាំង​ក្នុងជំនួប Bayern Munchen vs Liverpool

នៅវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ១៤ខែមីនា ឆ្នាំ ២០១៩ (គិតម៉ោងក្នុងប្រទេសកម្ពុជា) ក្រុម Bayern Munchen នៃក្របខណ្ឌ Bundesliga របស់អាល្លឺម៉ង់ ត្រូវបើកកីឡដ្ឋាន Allianz Arena ទទួលស្វាគមន៍ក្រុម Liverpool មកពីក្របខណ្ឌ Premier League សម្រាប់ជំនួបជើងទី ២ វគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League។

កាលពីជើងទី ២ នៅលើទឹកដី Anfield របស់ Liverpool ក្រុមទាំង ២ មានលទ្ធផលស្មើ ០ទល់នឹង០។ ដូច្នេះហើយ ជើងទី ២នេះ វានឹងក្លាយជាការកាត់សេចក្តីដ៏ពុះកញ្ច្រោលបំផុតសម្រាប់ក្រុមទាំង២។ Bayern Munchen បច្ចុប្បន្ន បានផ្លោះឡើងយ៉ាងសាហាវ ក្នុងក្របខណ្ឌ Bundesliga ដោយ ៥ប្រកួតចុងក្រោយ ឈ្នះទាំង ៥ដង ឈរលើកំពូលតារាង មាន ៥៧ពិន្ទុ ដូចគ្នាទៅនឹងក្រុមលេខ ២ Borrusia Dortmund ដែរ។ សម្រាប់ Bayern ការហក់ឡើងនេះ ក៏ព្រោះតែទម្រង់លេងរបស់ក្រុមគេ អាចនិយាយបានថា មានគ្រប់ជើងមកវិញ ស្ទើរតែទាំងអស់។

ចំពោះ Liverpool វិញ បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ ២ក្នុងក្របខណ្ឌ Premier League ដោយ ៥ប្រកួតចុងក្រោយ មានឈ្នះ ៣ និងស្មើ២។ ទម្រង់លេងរបស់ Liverpool ក្នុងទឹកដី មើលទៅហាក់ដូចជានឹងនរក្នុងរយៈពេលចុងក្រោយ។

Bayern – Liverpool Data Preview

គូនេះ ពិតជាធ្វើឲ្យមានការពិបាកក្នុងការវិភាគខ្លាំងណាស់ ដោយសារកីឡាករខ្សែបម្រើ ខ្សែការពារ និងខ្សែប្រយុទ្ធនៃក្រុមនីមួយៗ មានសមត្ថភាពពិសេសរៀងៗខ្លួន ហើយក៏មានបទពិសោធន៍ច្រើនលើការប្រកួតលក្ខណៈអន្តរជាតិបែបនេះ ច្រើនដែរ។ យ៉ាងណាក៏ដោយ សម្រាប់ Fox Sports ជាខេមរភាសា យើងរំពឹងថា នឹងមានកីឡាករចំនួន ៦នាក់ ដែលនឹងធ្វើព្យុះភ្លៀងខ្លាំង សម្រាប់ជំនួបនេះ។ កីឡាករទាំងនោះ រួមមាន៖

១. Robert Lewandowski (Bayern Munich) vs Virgil van Dijk (Liverpool)

ខ្សែប្រយុទ្ធ Lewandowski កម្ពស់ ១៨៥សង់ទីម៉ែត្រ គឺជាកីឡាករដែលពូកែស៊ុតរកគ្រាប់បាល់ជាងគេ នៅ Bundesliga។ ពេលនេះ គេរកបាន ១៧គ្រាប់ ដោយចុងក្រោយ គឺរកបាន ២គ្រាប់ ក្នុងចំណោម ៦គ្រាប់ដែល Bayern Munchen បានយកឈ្នះលើក្រុម Wolfburg កាលពីចុងសប្តាហ៍។ ជាមួយនឹងកម្ពស់ខ្ពស់ បូកល្បឿនញាក់បាល់លឿនបែបនេះ មានតែ Virgil van Dijk ខ្សែការពារហូឡង់ កម្ពស់ ១៩៥សង់ទីម៉ែត្រទេ ទើបអាចទប់ Lewandoski ជាប់។ និយាយដូច្នេះ មិនមែនមានន័យថា ខ្សែការពារ Liverpool ផ្សេងទៀត គ្មានសមត្ថភាពទប់ខ្សែប្រយុទ្ធបូឡូញនេះទេ ប៉ុន្តែ Virgil ទំនងជាត្រូវបានលោកគ្រូបង្វឹក Jurgen Klopp ទុកចិត្តក្នុងការការពារកីឡាករខ្សែប្រយុទ្ធនេះ។

២. Mats Hummels (Bayern Munich) vs Roberto Firmino (Liverpool)

ទាំង Hummels ទាំង Firmino សុទ្ធតែមានកម្ពស់ខ្ពស់ដូចគ្នា! ប៉ុន្តែ Hummels មាន​បទពិសោធន៍ច្រើន ក្នុងការ​ការពារ។ ជាការកត់សម្គាល់ Firmino ច្រើន​តែទទួលបានឱកាសពីមិត្តរួមក្រុម ក្នុងការ​រកគ្រាប់បាល់។ ហើយ Firmino ក៏ជាកូនសោសំខាន់ សម្រាប់ឱកាសរក​គ្រាប់បាល់របស់ Sadio Mane និង Mohamed Salah ផងដែរ។ ដូច្នេះ Hummels ដែលជាខ្សែការពារកណ្តាលដែរ គួរតែព្យាយាម​ទប់​ Firmino កុំឲ្យផុតពីកន្ទុយភ្នែក។

៣. Niklas Suele (Bayern Munich) vs Mohamed Salah (Liverpool)

ក្នុង​កម្ពស់ ១៩៥សង់ទីម៉ែត្រ Niklas Suele ជាខ្សែការពារដ៏គួរឲ្យទុកចិត្តខ្លាំងបំផុតម្នាក់របស់លោកគ្រូ Niko Kovac។ យើងស្ទើរតែអាចនិយាយបានថា នៅ Liverpool មាន Virgil van Dijk ជាខ្សែការពារឆ្នើម ហើយនៅ Bayern Munich មាន Suele។ តាមការ​រំពឹងទុក យប់នេះ Suele នឹង​តាម​បង្អាក់ល្បឿន​របស់ Mohamed Salah និង Sadio Mane ដែលជាកីឡាករដ៏សំខាន់របស់ Liverpool។

១១នាក់ដំបូងរបស់ក្រុមទាំង ២ អាច៖

Bayern Muchen

អ្នក​ចាំទី៖ Manuel Neuer

ខ្សែការពារ៖ Rafinha, David Alaba, Mats Hummels, Niklas Suele

ខ្សែបម្រើ៖ Franck Ribery, Serge Gnabry, Javier Martinez

ខ្សែប្រយុទ្ធ៖ Thiago Alcantara, James Rodriguez, Robert Lewandowski

Liverpool

អ្នក​ចាំទី៖ Alsson Becker

ខ្សែការពារ៖ Virgil van Dijk, Robertson, Alexander-Arnold, Joel Matip

ខ្សែបម្រើ៖ Wijnaldum, Henderson, Fabinho

ខ្សែប្រយុទ្ធ៖ Sadio Mane, Roberto Firmino, Mohamed Salah

 

ជំនួបរវាងក្រុម​ទាំង ២ ពិតជាមិនធម្មតា ​ហើយ​ពិតជាពិបាក​ធ្វើឲ្យ​មានការ​សន្និដ្ឋាន​ថា ក្រុមណាមួយនឹង​ទទួលបានជ័យ​ជម្នះណាស់។ សម្រាប់ Fox Sports ជាខេមរភាសា យើងគិតថា ជំនួបនេះ អាចឈានដល់ការ​ថែមម៉ោង ឬ ស៊ុតបាល់ប៉េណាំងទី ដើម្បីកាត់សេចក្តីរក​អ្នក​ឈ្នះ ឡើងវគ្គ ៨ក្រុម​ចុងក្រោយ។ បើលេងត្រឹម ៩០នាទី Fox Sports ជាខេមរភាសា គិតថា Liverpool មានប្រៀប​ជាង។ ប៉ុន្តែបើលេងដល់​ថែមម៉ោង Fox Sports ជាខេមរភាសា គិតថា Bayern Munchen នឹងឈ្នះ។ ចុះលោកអ្នក​អានវិញ គិតយ៉ាងណា?

សូម​បញ្ជាក់ថា នៅវេលាម៉ោង ៣ទៀប​ភ្លឺដដែល ក៏មាន​ជំនួបរវាង Barcelona ជាមួយ Lyon ដែល​ក្រុម​ទាំង ២ កាលពីជើងទី ១ ក៏មានលទ្ធផល ០ទល់នឹង០ ផងដែរ៕

 

ដោយ៖ កូនមាន់មាស

មតិយោបល់