Mbappe សារភាពថា​ខ្លួន​ដេក​មិន​លក់​ក្រោយ​ជ្រុះចេញពី ឆេមពានស៍លីគ

ក្លឹប​បីសាចក្រហមបាន​ទម្លាក់​ ក្លឹប​អ្នកមានរបស់​បារាំង Paris Saint Germain ត្រឹម​វគ្គ ១៦ ក្រុមចុងក្រោយ​ ក្នុងការប្រកួត​យូហ្វា ឆេមពានស៍លីគ ដ៏មិនគួរ​ឲ្យ​ជឿ​ក្រោយ​ពីក្រុម​នេះ​បាន​ចាញ់ ០-២ កាលពីការប្រកួតជើងទី ១ តែ​ក៏​មក​សង្គ្រប់​ក្រុម​បារាំងមួយ​នេះនៅជើងទីពីរឡើង​ទៅវគ្គបន្ត ដែល​ធ្វើ​ឲ្យកីឡាករ​ជាច្រើន​រូប​របស់ PSG មិនអស់ចិត្ត​សោះ ក្នុងនោះមាន Mbappe ដែរ។

ក្រោយបរាជ័យ​នៅជើងទី​ពីរ​ដែល​នាំ​ឲ្យក្រុម​ខ្លួន​ធ្លាក់​ត្រឹម វគ្គ ១៦ ក្រុម​កាលពីថ្ងៃទី ៦ មីនា កន្លងទៅនេះ កីឡាករ​វ័យ​ក្មេង​ឆ្នើម​ម្ចាស់​ជើង​ឯក​វើលខាប់ ២០១៨ Kylian Mbappe នៅតែ​មិនអស់​ចិត្ត​នឹង​លទ្ធផល​នេះសោះ។

ក្នុង​ការ​ប្រកួត​ជើងទី ២ កីឡាករ Romelu Lukaku បានរកគ្រាប់​ទី ១ ឲ្យក្រុម​​បីសាចក្រហម​តែ​ ២ នាទី​ក្រោយចូល​ប្រកួត​ប៉ុណ្ណោះ តែ​ ១០ នាទីក្រោយមក​កីឡាករ Juan Bernat របស់​ PSG រកបានគ្រាប់តាម​ស្មើវិញ។ ឃើញ​បែបនេះ កីឡាករ​មាឌមាំ​សញ្ជាតិ​ប៊ែលហ្សិក​មិននៅរុញរា​យូរទេ គឺ​គេ​ក៏​ចាប់​ផ្តើម​រកបាន​គ្រាប់​ទីពីរ​ឲ្យក្រុម​បីសាចក្រហម​ជាថ្មី ធ្វើ​ឲ្យក្រុម​នេះនាំមុខ​ PSG ជាថ្មីក្នុងលទ្ធផល ២-១។

ក្រោយ​នាំមុខ​ ២-១ ជិតចប់​ការប្រកួតទៅហើយ​ ស្រាប់​តែនៅនាទីទី ៤ ក្នុង​ម៉ោង​បន្ថែម​បង្គ្រប់ កីឡាករ​ Presnel Kimpenbe របស់ PSG ក៏ត្រូុវ​បាន​ពិន័យ​បាល់​ប៉ះដៃ​ក្នុង​ប្រអប់គ្រោះថ្នាក់ ហើយក្រោយការ​ពិនិត្យ​ VAR អាជ្ញារកណ្តាលក៏​បាន​សម្រេច​ឲ្យបាល់​ពិន័យ ១១ ម៉ែត្រ​ទៅក្រុម Man Utd ហើយកីឡាករ​ Marcus Rashford ធ្វើ​បាន​សម្រេច​​ជួយ​ឲ្យ​បីសាចក្រហម​ឡើងទៅវគ្គបន្ត។

ជ័យ​ជំនះរបស់​​ Manchester United បាន​ធ្វើ​ឲ្យកីឡាករ​ PSG ជាច្រើន​មានការ​សោកស្តាយ​ជាខ្លាំង។ ក្នុងនោះដែរ​ Kylian Mbappe បាន​សារភាពថា​ខ្លួន​ពិតជា​សោកស្តាយ​យ៉ាងខ្លាំង ដែល​​រហូត​ដេក​មិន​លក់​បក់​មិនល្ហែរ ក្រោយ​បរាជ័យ​នេះ។

“យើង​ពិតជារន្ធត់​នឹង​លទ្ធផល​នេះណាស់។ គ្មាន​ពាក្យ​នឹង​ថ្លែងទ!​”

“តាំងពីពេល​នោះមក ខ្ញុំ​ដេក​មិន​ទាន់លក់​ស្រួល​នោះទេ។  ខ្ញុំគិត​ថា​មិត្ត​រួមក្រុម​ខ្ញុំផ្សេងទៀត​ក៏បែបនេះដែរ” ។

“យើង​បាន​ខិត​ខំប្រឹងប្រែង​មកដល់​នេះ ស្រាប់​តែ​បែបនេះទៅវិញ​។ វាជារឿង​ដ៏ខកចិត្ត​ណាស់”។

ទន្ទឹម​នឹង​នេះដែរ កីឡាករ​បារាំង​វ័យក្មេងរូបនេះក៏បាន​បញ្ជាក់​ថា​ខ្លួន​នឹង​បន្ត​នៅជាមួយ PSG លើសពីរដូវកាល​នេះ​ទៀត ដោយច្រាន​ចោល​រាល់ពាក្យចចាមអារ៉ាមទាំងអស់៕

 

ទាក់ទងនឹង​រឿងផ្ទេរទៅ Juv លោក Guardiola ថា​ គាត់​នឹង​មិនទៅណា​ឡើយ លុះត្រាតែ City ដេញគាត់

មតិយោបល់