Juventus និង Atl. Madrid សុទ្ធ​តែ​សន្សំ​កម្លាំង​ខ្សែ​ប្រយុទ្ធ​ បុក​សម្រុក​គ្នា​យប់​នេះ​

ការប្រកួតវគ្គ ១៦ក្រុម UEFA Champions League ជើងទី ២ នឹងចាប់ផ្តើមប្រកួត ៤គូជាបន្តទៀត នៅសប្តាហ៍នេះ ដើម្បីរក ៤ក្រុម ឡើងទៅវគ្គ ៨ក្រុមចុងក្រោយ។ នៅវេលាម៉ោង ៣ព្រឹក ថ្ងៃទី ១៣ខែមីនា ឆ្នាំ ២០១៩ (គិតម៉ោងក្នុងប្រទេសកម្ពុជា) នឹងមានការប្រកួត ២គូ ដែលជាជំនួបរវាង Juventus vs Atlectico Madrid និង Manchester City vs Schalke 04។

សម្រាប់ Juventus នៃក្របខណ្ឌ Serie A គេនឹងត្រូវបើកកីឡដ្ឋាន Allianz ដើម្បីទទួលស្វាគមន៍ក្រុមមកពីក្របខណ្ឌ La Liga, Aletico Madrid ដែលធ្លាប់យកឈ្នះកាលពីជើងទី ១ ដោយលទ្ធផល ២ទល់នឹង០។ នេះគឺជាការប្រកួតដ៏សែនស្វិតស្វាញបំផុត សម្រាប់ក្រុមទាំង ២។ ហើយអ្វីដែលគេចង់ដឹងបំផុត គឺថាតើ Juventus អាចវាយបកយកឈ្នះ ៣គ្រាប់ លើក្រុមភ្ញៀវ Atl. Madrid ដូចក្រុមមួយចំនួន កាលពីសប្តាហ៍មុន ដែរ ឬ ទេ?

ជាការកត់សម្គាល់ Juventus គឺជាក្រុមស្តេចក្រាញ់ទៅហើយនៅអ៊ីតាលី! ក្រុមនេះ ឈ្នះពានក្របខណ្ឌកំពូល Serie A ដល់ទៅ ៣៤ដង ស្ទើរតែគ្មានទូរដាក់ពានរង្វាន់។ នៅរដូវកាលនេះ ក្រុមនេះក៏នៅតែជាជើងឯក Serie A ដដែល ព្រោះថា ២៧ប្រកួតមកនេះ គេមាន ៧៥ពិន្ទុ មិនដែលចាញ់សោះ និងស្មើតែ ៣ដងគត់។ ពិន្ទុនេះ គឺមហាសែនដាច់ឆ្ងាយពីក្រុមលេខ ២ Napoli។ សរុបទៅ មានន័យថា Juventus គេមិនសូវប្រឹងប្រែងខ្លាំងទេ ក្នុងប្រទេស តែគ្រាន់តែចង់រក្សាកំណត់ត្រាមិនដែលចាញ់ប៉ុណ្ណោះ។

កាលពីចុងសប្តាហ៍កន្លងទៅ Juventus ទើបតែបានយកឈ្នះក្រុម Udinese ដោយលទ្ធផល ៤ទល់នឹង១ ក្នុងទឹកដីរបស់ខ្លួន ដោយមិនប្រើកីឡាករសំខាន់ៗ។ គ្រូបង្វឹក Juventus លោក Massimiliano Allegri ទទួលស្គាល់ថា គាត់ចង់ទុកជើងកីឡាករសំខាន់ៗ ឲ្យសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីសងសឹក Atletico Madrid។ លោក Allegri មិនឲ្យCristiano Ronaldo, Mario Mandzukic, Giorgio Chiellini ចូលលេងតែម្តង ខណៈប្តូរ Paulo Dybala ចូលនៅតង់ទី២។ តាមរយៈការសន្សំកម្លាំងកីឡាករបែបនេះ វាហាក់ដូចជាការមានប្រៀបមួយរបស់ Juventus ដែរ។

ចំណែក Atlectico Madrid វិញ កាលពីចុងសប្តាហ៍មុន គេក៏បានប្រកួតឈ្នះក្រុម Leganes ដោយលទ្ធផល ១ទល់នឹង០ដែរ។ ប៉ុន្តែ Atl. Madrid មានភាពនឿយហត់ខ្លាំងជាង Juventus ព្រោះថាគេកំពុងតែប្រជែងជើងឯក La Liga ជាមួយ Barcelona។ ពេលនេះ Barcelona មាន ៧ពិន្ទុនាំមុខ Atl. Madrid។ យ៉ាងណាក៏ដោយ កាលពីចុងសប្តាហ៍ គ្រូបង្វឹករបស់ Atl.Madrid លោក Diego Simeone ព្យាយាមរក្សាខ្សែប្រយុទ្ធរបស់ខ្លួន ដោយឲ្យ Antoine Griezmann លេងតែ ១តង់ប៉ុណ្ណោះ ហើយទុក Alvaro Morata និង Thomas Lemar ឲ្យអង្គុយកៅអីបម្រុង។

តែលោក Simeone ក៏ទំនងឈឺក្បាលបន្តិចក្នុងការរៀបទម្រង់លេងថ្មី ទប់ Juventus ព្រោះថាប្រធានក្រុមខ្សែការពារ Diego Godin កំពុងរងរបួសភ្លៅ ដែលមិនដឹងពេលណាជា ហើយខ្សែការពារ Felipe ក៏មិនដឹងអាចពេញលេញ ១០០ភាគរយ ឬអត់ ខណៈ Lucas Hernandez របួសជង្គង់ អាចចូលលេងបាននៅដើមខែមេសា។ ប៉ុន្តែដំណឹងល្អ គឺ Diego Costa ដែលរបួសក្រលៀនប៉ុន្មានសប្តាហ៍ ទំនងជាអាចចូលលេងបាន។

Is VAR good or bad after Champions League controversy?

វាមិនងាយស្រួលទេ សម្រាប់ Atlectico Madrid ក្នុងការការពារការសម្រុករបស់ Juventus ប៉ុន្តែសម្រាប់ក្រុមសេះបង្កង់ ក៏មិនងាយស្រួលដែរ ក្នុងការរក ៣គ្រាប់។ Juventus ត្រូវឈ្នះ ៣គ្រាប់ដាច់ ដែលអាច ៣ទល់នឹង០ ឬ ៤ទល់នឹង១ ទើបអាចឡើងវគ្គ ៨ក្រុមបាន ព្រោះថាការបូកសរុបគ្រាប់បាល់ (aggregate) នឹងផ្តល់លទ្ធភាពឈ្នះទៅក្រុមភ្ញៀវដែលមានគ្រាប់បាល់ ច្រើនជាងម្ចាស់ផ្ទះ នៅពេលក្រុមទាំង ២ មានគ្រាប់បាល់ស្មើគ្នា។
មួយវិញទៀត សម្រាប់ Atl. Madrid ទាំងគ្រូបង្វឹក និងកីឡាករ ម្នាក់ៗសុទ្ធតែមានការតាំងចិត្ត ចង់ឈ្នះរាងៗខ្លួន ព្រោះថានៅរដូវកាលនេះ គឺជាលើកដំបូងហើយដែលកីឡដ្ឋាន Wanda Metropolitano នឹងត្រូវប្រើសម្រាប់ការប្រកួត UEFA Champions League វគ្គផ្តាច់ព្រ័ត្រ។ ហើយម្យ៉ាង Atl. Madrid ក៏មិនដែលឈ្នះពានរង្វាន់ UEFA Champions League ដែរ។ ប៉ុន្តែ Juventus ធ្លាប់ក្លាយជាជើងឯក Champions League ចំនួន ២ដង កាលពីឆ្នាំ ១៩៨៥ និង ១៩៩៦។

សម្រាប់ Fox Sports ជាខេមរភាសា យើងគិតថា Atlectico Madrid នឹងឡើងទៅវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League បន្ទាប់ពីការប្រកួតយប់នេះ។ ចុះលោកអ្នកអានវិញ?

 

ដោយ៖ កូនមាន់មាស

មតិយោបល់