ចំនុច​ពិសេស​ៗ​ ពី​ការ​ប្រកួត Champions League ២​គូ​យ​ប់​មិញ​

ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលអឺរុប Champions League ២គូ កាលពីយប់មិញ (ទៀបភ្លឺម៉ោងក្នុងប្រទេសកម្ពុជា) គឺក្រុម Ajax បានប្រកួតចាញ់ក្រុមភ្ញៀវ Real Madrid ដោយលទ្ធផល ១ទល់នឹង២ ខណៈម្ចាស់ផ្ទះ Tottenham Hotspur បានប្រកួតឈ្នះក្រុមភ្ញៀវ Borrusia Dortmund ដោយលទ្ធផល ៣ទល់នឹង០។

មានព្រឹត្តិការណ៍មួយចំនួន ដែល Fox Sports ជាខេមរភាសា បានកត់សម្គាល់ពីការប្រកួត ២គូ នៅយប់មិញ ដោយក្នុងនោះ រួមមាន៖

១. Real Madrid ក្លាយជាក្រុមដែលទទួលប្រយោជន៍ពី VAR មុនគេ នៅ Champions League

យប់មិញ ក្នុងតង់ទី១ ក្រុមម្ចាស់ផ្ទះ Ajax រកបានគ្រាប់បាល់ ១គ្រាប់មុន ប៉ុន្តែដោយសារតែមានការតវ៉ាពីកីឡាករ Real Madrid អាជ្ញាកណ្តាលក៏សម្រេចទៅពិនិត្យ Video Assistannce Reference (VAR) ហើយចាត់ទុកថាជាបាល់ខុសបច្ចេកទេស (Off-side) និងដកគ្រាប់បាល់នោះវិញ។ វាជារឿងគួរឲ្យហួសចិត្តដែរ សម្រាប់ក្រុម Ajax ព្រោះថាពួកគេពិតជាបានប្រឹងប្រែង និងមានឱកាសប្រហាក់ប្រហែល Real Madrid ដែរ។ អ្នកគាំទ្របាល់ទាត់មួយចំនួន យល់ថា ការប្រកួតនេះ អាជ្ញាកណ្តាលលំអៀងទៅកាន់ Real Madrid។

២. កីឡាករវ័យក្មេងរបស់ Real Madrid មិនធ្វើឲ្យអ្នកគាំទ្រខកបំណង

យប់មិញ Vinicius Junior គឺជាអ្នកជួយបញ្ចូនបាល់ទៅកាន់ Karim Benzema ដើម្បីឲ្យកីឡាករវ័យចំណាស់នេះ រកបាន ១គ្រាប់នាំមុខ Ajax ដោយស្របច្បាប់ នៅតង់ទី ២។ Junior ត្រូវលេងក្នុងទម្រង់ប្រយុទ្ធ ជាមួយ Benzema និង Gareth Bale ប៉ុន្តែកីឡាករប្រេស៊ីលវ័យ ១៨ឆ្នាំនេះ ក៏ចុះមកជួយការពារយ៉ាងសកម្មផងដែរ។ យប់មិញ Junior រត់ពេញទីលានជាង ៨០នាទី មុនប្តូរចេញ។ ចំណែក កីឡាករវ័យក្មេង Marco Asensio ក៏មិនធម្មតាដែរ បន្ទាប់ពីប្តូរចូលជំនួស Benzema គេក៏រកបាន ១គ្រាប់ភ្លាម។ យ៉ាងណាក៏ដោយ ជ័យជម្នះរបស់ Real Madrid យប់មិញ ក៏មិនទាន់ផ្តល់ស្ថេរភាព ១០០ភាគរយ សម្រាប់ការប្រកួតជើងទី២នោះដែរ។

៣. Borrusia Dortmund ធ្វើឲ្យអ្នកគាំទ្រខកចិត្តខ្លាំង

តើមានអ្នកណាមួយ ដែលគិតថា Dortmund រកមិនបានសូម្បីតែមួយគ្រាប់នោះ? Dortmund មានកីឡាករសំខាន់ៗ ពេញជើងទាំងអស់ ខណៈកីឡាករសំខាន់ៗបំផុតរបស់ Tottenham កំពុងញាំញីដោយបញ្ហារបួស។ អ្នកគាំទ្រក្រុមអាល្លឺម៉ង់ ខំនាំគ្នាលើកទ័ពមកទស្សនាការប្រកួត ដោយហ៊ោកញ្ច្រៀវជាងក្រុមម្ចាស់ផ្ទះទៀត ប៉ុន្តែកម្លាំងចិត្តរបស់ក្រុមមាន់ខ្នាយមាស ចង់ជំនះបញ្ហា វាខ្លាំងជាងកម្លាំងគាំទ្ររបស់ Dortmund។ ក្រោយចប់ការប្រកួត Dortmund ត្រូវបានគេចំអកថា ខ្លាំងបានតែក្នុងលីគរបស់ខ្លួននៅអាល្លឺម៉ង់ ប៉ុន្តែពេលមកដល់ Champions League សូម្បីតែក្រុមដែលកំពុងមានវិបត្តិមួយ ក៏ធ្វើអីគេមិនបាន ហើយផ្តល់ ៣គ្រាប់ ដែលមានន័យថា ស្ទើរតែ ៨០ភាគរយទៅហើយ សម្រាប់ការបន្តឡើងទៅវគ្គ ៨ក្រុមចុងក្រោយ។

៤. Heung-Min Son នៅតែបន្តរះចាំងចែងសម្រាប់អ្នកគាំទ្របាល់ទាត់ ហើយកីឡាករ Spurs ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង

ជាកីឡាករកូរ៉េខាងត្បូងម្នាក់ ប៉ុន្តែ Heung-Min Son ធ្វើបានល្អមែនទែន រហូតធ្វើឲ្យស្ទើរតែគ្រប់បណ្តាសារព័ត៌មានកីឡា ដាក់រូបគេលើទំព័រមុខ បញ្ជាក់ថាជ័យជម្នះរបស់ Spurs គឺបានមកពី Son។ ការពិតទៅ យប់មិញ Jan Vertonghen ជាកីឡាករម្នាក់បំពេញតួនាទី ដោយអាចនិយាយថា នាំក្រុមទាំងមូលលេង! គាត់ការពារផង និងរកបាន ១គ្រាប់ខ្លួនឯងផង។ Christian Eriksen ក៏មិនធម្មតា ព្រោះគាត់ជួយបង្កើតឱកាសច្រើនសម្រាប់មាន់ខ្នាយមាស ខណៈអ្នកចាំទី Hugo Lloris ចាប់បានគ្រប់គ្រាប់បាល់ តម្រង់គោលដៅរបស់ Dortmund។ ទម្រង់លេង ៣-៤-១-២ របស់លោក Mauricio Pohcettino បានបំបែកទម្រង់ ៤-២-៣-១ របស់លោក Lucien។

Pochettino បន្ទោសអាជ្ញាកណ្តាល​ដែលសម្រេចចិត្ត​​ឲ្យកាតលឿង Son Heung-min ថា​បាន​ធ្វើ​ពុត​ផ្តួល​ខ្លួន

៥. Tottenham Hotspur ក្តោបឱកាសឡើងទៅវគ្គ ៨ក្រុមចុងក្រោយ

ការប្រកួតជើងទី១នេះ ក្រុមមាន់ខ្នាយមាសចំណេញ ៣គ្រាប់ទៅហើយ ដូច្នេះពេលធ្វើដំណើរទៅលេងនៅផ្ទះ Dortmund វិញ ប្រសិនបើគេអាចទប់ស្មើ ឬ រកបានតែមួយគ្រាប់ឈ្នះ នោះជាស្វ័យប្រវត្តិគេនឹងមានឱកាសឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ជាលើកដំបូង។ Dortmund នឹងអាចឡើងទៅវគ្គបន្តបាន ល្គឹកណាគេរកបាន ៤គ្រាប់លើក្រុម Spurs ប៉ុន្តែសួរថាលទ្ធភាពបែបនេះ អាចទៅរួច ឬទេ ខណៈការប្រកួតជើងទី២ នៅខែមីនាខាងមុខ កីឡាករសំខាន់ៗរបស់ Spurs ដូចជា Harry Kane និង Alli Dele នឹងត្រលប់មករួមលេងជាមួយ Heung Min-Son វិញ។

We can win the CL says Tottenham’s Pochettino

ទោះយ៉ាងណា បាល់ទាត់ គឺជាអ្វីដែលពិបាករំពឹងទុកឲ្យត្រូវណាស់! គ្រប់វិនាទីប្រកួត គឺសុទ្ធតែអាចមានភាពប្រែប្រួលគ្រប់ពេល៕

 

 

ដោយ៖ កូនមាន់មាស

មតិយោបល់