កំណត់​សម្គាល់ ៥​យ៉ាង​ពី​បរាជ័យ​របស់​ Man Utd ក្រោម​រន្ទះជើងភ្ញៀវ​ PSG

ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលរបស់អឺរុប UEFA Champions League ជើងទី ១ បានចាប់ផ្តើមនៅយប់មិញ ដោយ Manchester United បានប្រកួតចាញ់ក្រុមភ្ញៀវ Paris Saint-Germain ក្នុងទឹកដី Old Trafford ដោយលទ្ធផល ០ទល់នឹង២ ខណៈ Roma បានប្រកួតឈ្នះ FC Porto ២ទល់នឹង១។

បរាជ័យក្នុងទឹកដីរបស់ Manchester United ធ្វើឲ្យមានការភ្ញាក់ផ្អើលផង និងការសើចចំអកផង ពីអ្នកគាំទ្រក្រុមគូបដិបក្ខ។ ក្រោយការប្រកួតនេះ មានចំនុចមួយចំនួន ដែល Fox Sports ជាខេមរភាសា បានកត់សម្គាល់ ដោយចំនុចទាំងនោះ រួមមាន៖

១. Di Maria ឌឺអ្នកគាំទ្រ Man Utd

Angel Di Maria គឺជាអតីតកីឡាករ Man Utd មួយរដូវកាល កាលពីឆ្នាំ ២០១៤ ដល់ ២០១៥។ គេនៅចាំថា កាលណោះ វត្តមាន Di Maria មក Man Utd បានធ្វើឲ្យអ្នកគាំទ្របិសាចក្រហម មានក្តីសង្ឃឹមជាខ្លាំង។ ប៉ុន្តែអ្វីៗ មិនបានដូចការគិតទុកឡើយ ដោយសារកីឡាករអាស្សង់ទីនរូបនេះ ធ្វើមិនបានល្អសោះសម្រាប់ Man Utd ដែលជាហេតុធ្វើឲ្យគេត្រូវចាកចេញទៅកាន់ប្រទេសបារាំង។ ពេលនោះ គេនៅចាំបានថា អ្នកគាំទ្រ Man Utd ភាគច្រើន បានរិះគន់ និងចំអកយ៉ាងខ្លាំងចំពោះ Di Maria។ ហើយពេលឃើញវត្តមានកីឡាករនេះ នៅ Old Trafford ជាថ្មី អ្នកគាំទ្របិសាចក្រហម ក៏នៅតែបន្តរិះគន់ ដៀមដាមក្នុងទីលានទៀត។ អតីតកាលបែបនេះហើយ ទើបក្នុងការប្រកួតយប់មិញ Di Maria បានឌឺឲ្យអ្នកគាំទ្រ Man Utd ដោយសម្តីធ្ងន់ជាភាសាអង់គ្លេសផង អេស្ប៉ាញផង “fu** off” (ចេញឲ្យឆ្ងាយ) ដែលចង់បញ្ជាក់ថា គាត់ជាកីឡាករល្អ អាចជួយ PSG បាន។ ជាការពិត ២គ្រាប់យប់មិញ គឺទទួលបានពីការបញ្ចូនបាល (assits) របស់ Di Maria ទាំងអស់នៅតង់ទី ២។ គ្រាប់ទី១ ស៊ុតបញ្ជូលទីដោយកីឡាករ Presnel Kimpembe និងគ្រាប់ទី ២ ដោយ Kylian Mbappe។

២. Mbappe ធ្វើព្យុះភ្លៀងខ្លាំង

Kylian Mbappe កីឡាករវ័យ ២០ឆ្នាំ របស់ PSG នៅតែមានល្បឿនលឿន លេងស៊ីសង្វាក់យ៉ាងល្អ ទោះក្នុងតំបន់ប្រយុទ្ធគ្មាន Neymar និង Cavani ក៏ដោយ។ យប់មិញ Mbappe បានលេងចាប់ដៃគូជាមួយ Di Maria និង Dani Alves បានយ៉ាងល្អ។ ហើយកីឡាកររូបនេះ ក៏មានឱកាសស៊ុតតម្រង់ទីបានច្រើនដែរ មុនពេលស៊ុតចូលមួយគ្រាប់ក្រោយ Kimpembe នោះ។ ក្រោយការប្រកួតនេះ Mbappe បានឈានចូលដល់កម្រិតប្រហែល Ronado (ប្រេស៊ីល) ដែលអាចរកគ្រាប់បាល់បាន ៨គ្រាប់ពីការបង្ហាញខ្លួន ១៥ដង ជាមួយ PSG នៅក្របខណ្ឌ Champions League ត្រឹម ២រដូវកាល (២០១៧/២០១៨ និង ២០១៨/២០១៩) ។

Kylian Mbappe trains at Old Trafford as PSG prepare for UCL tie minus Neymar and Cavani

៣. Pogba ទទួលបានកាតក្រហម ទាំងមិនអស់ចិត្ត

Paul Pogba ដែលជាកីឡាករសំខាន់របស់ Man Utd បានទទួលកាតលឿងម្តង នៅតង់ទី ១ នាទីទី ២៦ បន្ទាប់មកគេក៏ទទួលបាន កាតលឿងម្តងទៀត នៅតង់ទី២ នាទីទី ៨៩ ដែលមានន័យថាជាកាតក្រហម។ កាតក្រហមនេះ នឹងធ្វើឲ្យ Pogba អវត្តមានពីជំនួបជើងទី ២ ជាមួយ PSG។ យ៉ាងណាក៏ដោយ ការកាត់សេចក្តីរបស់អាជ្ញាធរ ចំពោះកាតលឿងទី ២របស់ Pogba បានធ្វើឲ្យអ្នកគាំទ្របិសាចក្រហម និងមជ្ឈដ្ឋានមួយចំនួន មិនអស់ចិត្ត ហើយគិតថាវាជាភាពអយុត្តិធម៌សម្រាប់ Man Utd។ គួរបញ្ជាក់ដែរថា កាលពីយប់មិញ អាជ្ញាកណ្តាលបានចាយកាតលឿងចំនួន ៧ និងកាតក្រហម ១ដល់កីឡាករ Man Utd ខណៈ កីឡាករ PSG ទទួលបានកាតលឿង ២។

លោក SOLSKJAER សរសើរ​ POGBA និង RASHFORD ដែល​សហការ​គ្នា​បាន​ល្អ​

៤. លោក Ole Gunnar Solskjaer ស្គាល់រសជាតិចាញ់ជាលើកដំបូង

យើងដឹងហើយថា ១១ប្រកួតកន្លងមក គឺ Man Utd មិនចាញ់ទេ ក្រោមការដឹកនាំរបស់លោក Solskjaer នៅក្របខណ្ឌ Premier League និង FA Cup ដោយក្នុងនោះមានស្មើតែម្តងប៉ុណ្ណោះ។ ប៉ុន្តែនេះគឺជាលើកដំបូង ដែលគាត់បានបរាជ័យ ក្នុងក្របខណ្ឌកំពូលរបស់អឺរុប Champions League។ វាជាបទពិសោធន៍ថ្មីមួយ សម្រាប់លោក Ole ក្នុងការដឹកនាំក្រុម ប្រកួតនៅក្របខណ្ឌធំបែបនេះ។ ប៉ុន្តែការចាញ់បែបនេះ ក៏ជាក្តីបារម្ភមួយសម្រាប់ជំនួបលើកក្រោយនៅក្របខណ្ឌ FA Cup ដែល Man Utd ត្រូវជួប Chelsea នៅចុងសប្តាហ៍នេះ ហើយត្រូវបន្តជួប Liverpool នៅសប្តាហ៍ក្រោយទៀត។ សង្ឃឹមថា ពាក្យទំនាយដែលថា «តែបានចាញ់ហើយ គឺរាសីដាក់បន្តចាញ់ទៀត» មិនកើតឡើងសម្រាប់ Man Utd ទៅចុះ។

៥. Jesse Lingard និង Anthony Martial កំពុងស្ថិតនៅក្នុងមន្ទិលសង្ស័យពីការរបួស

Lingard ត្រូវបានប្តូរចេញតាំងពីតង់ទី១ បន្ទាប់មកគឺ Anthony។ វាជាការប្តូរចេញដោយសារបញ្ហារបួស។ ហើយក្រោយការប្រកួត លោក Ole ក៏មិនអាចបញ្ជាក់ថា កីឡាករទាំង២ នឹងអាចចូលលេងបានឬអត់ទេ ក្នុងជំនួបនៅចុងសប្តាហ៍នេះ។ ដូច្នេះ មានន័យថា កីឡាករទាំងនេះ អាចរងរបួសធ្ងន់គួរសមដែរ។

Manchester United face PSG test in chase for European glory

សូមបញ្ជាក់ថា ទាំងនេះ គ្រាន់តែជាការកត់សម្គាល់របស់ Fox Sports ជាខេមរភាសាប៉ុណ្ណោះ!

 

 

ដោយ៖ កូនមាន់មាស

មតិយោបល់