ស្ថាន​ភាព​យ៉ាប់​យឺនយ៉ាងច្រើន​​របស់ Tottenham ដែល​អាច​បង្ក​ឱកាស​ច្រើន​ដល់ Dortmund យប់​នេះ​

ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលអឺរុប UEFA Champions League បានឈានដល់ការប្រកួតគូទី ៣ និងទី៤ ហើយនៅយប់ថ្ងៃពុធនេះ បន្ទាប់ពីមានការប្រកួត ២គូហើយ កាលពីយប់មិញ។

នៅវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ១៤ខែកុម្ភៈ ឆ្នាំ ២០១៩ (ម៉ោងក្នុងប្រទេសកម្ពុជា) នឹងមានការប្រកួត ២គូទៀត ដែលជាជំនួបរវាង Ajax នៃក្របខណ្ឌ Eredivisie របស់ហូឡង់ ប្រកួតជាមួយ Real Madrid នៃក្របខណ្ឌ La Liga របស់អេស្ប៉ាញ។ និងមួយគូទៀត គឺ Tottenham Hotspurs នៃក្របខណ្ឌ Premier League របស់អង់គ្លេស ត្រូវប្រកួតជាមួយ Borrusia Dortmund នៃក្របខណ្ឌ Bundesliga របស់អាល្លឺម៉ង់។


ប៉ុន្តែពេលនេះ Fox Sports ជាខេមរភាសា សូមលើកយកជំនួបរវាង Tottenham ជាមួយ Dortmund មកនិយាយខ្លះៗ ដោយសារគិតថា នេះគឺជាជំនួបធំ និងគួរឲ្យចាប់អារម្មណ៍។ Tottenham នៅយប់នេះ ត្រូវធ្វើជាម្ចាស់ផ្ទះ ស្វាគមន៍ក្រុមលឿងខ្មៅ ក្នុងកីឡដ្ឋាន Wembley ជាកីឡដ្ឋានជាតិ ដែលកីឡាកររបស់ក្រុមមាន់ខ្នាយមាស ពុំដែលមានទំនុកចិត្តក្នុងការលេងនៅទីនោះទេ។ ប៉ុន្តែយ៉ាងណា ក៏ពួកគេគ្មានជម្រើសឡើងដោយសារកីឡដ្ឋានផ្ទាល់ខ្លួនរបស់ Spurs កំពុងស្ថិតក្នុងការសាងសង់។

Pochettino criticises schedule and claims Tottenham have ‘massive disadvantage’ ahead of UCL match

ទិដ្ឋភាពនៃការប្រកួតយប់នេះ វាហាក់ដូចជាយកមាន់បាក់ខ្នាយ ទៅប្រកួតជាមួយក្រុមខ្លាំងមួយ ដែលកំពុងស្ថិតនៅកំពូលតារាង Bundesliga ដោយ ២១ប្រកួត ចាញ់តែម្តង ហើយឈ្នះរហូតដល់ទៅ ១៥ដង និងស្មើតែ ៥ដង។ យ៉ាងណាក៏ដោយ ប្រសិនបើអភូតហេតុពិសេសអាចកើតឡើង នោះមាន់បាក់ខ្នាយ ក៏អាចមានសំណាងដែរ។

យើងក្រឡេកមើលពីស្ថានភាពរបស់មាន់ខ្នាយមាស Tottenham Hotspur សម្រាប់ជំនួបជាមួយ Dortmund នៅយប់នេះ៖

ស្ថានភាពរបួស៖

Harry Kane កីឡាករខ្សែប្រយុទ្ធមុតស្រួលរបស់ Spurs កំពុងរបួសជើង ហើយត្រូវរំពឹងថា អាចវិលចូលទីលានប្រកួតយ៉ាងឆាប់បំផុត ត្រឹមចុងខែកុម្ភៈនេះ។ ដូច្នេះ គ្មានឡើង Harry Kane ក្នុងតារាងប្រកួតជាមួយ Dortmund នៅយប់នេះ។

Dele Alli កីឡាករខ្សែបម្រើអង់គ្លេសនេះ ក៏ញាំញីដោយរបួសសរសៃពួរ ហើយរំពឹងនឹងវិលមកទីលាន នៅដើមខែមីនា។

Ben Davies ប្រឈមនឹងបញ្ហាក្រលៀន ហើយមិនដឹងថាពេលណាអាចវិលចូលលេងវិញបានទេ។ ខ្សែការពាររូបនេះ ជួបបញ្ហារបួសនេះ ពេលប្រកួតជាមួយ Chelsea នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ League Cup កាលពីពេលកន្លងទៅ។

Vincent Janssen កីឡាករហូឡង់នេះ ទំនងជារបួសជង្គង់ ហើយត្រូវសម្រាកព្យាបាល រហូតដល់ចប់រដូវកាលនេះ។

Eric Dier កីឡាករអង់គ្លេសនេះ មានជំងឺផ្ទាល់ខ្លួន ប៉ុន្តែគេរំពឹងថាប្រហែលជាអាចចូលលេងនៅថ្ងៃនេះ ទោះមិនបានពេញ ៩០នាទី ក៏បានប៉ុន្មាននាទីដែរ។

Erik Lamela មានការឈឺខ្នង ដែលគាត់ត្រូវសម្រាកព្យាបាល ប៉ុន្តែលោក Mauricio Pochettino ដែលជាគ្រូបង្វឹក ក៏រំពឹងថាគេអាចចូលលេងបានដូច Dier ដែរ។

ជម្រើស ១១នាក់ដំបូងរបស់ Spurs អាច៖

អ្នកចាំទី៖ Lloris
ខ្សែការពារ៖ Aurier, Alderweireld, Sanchez, Vertonghen
ខ្សែបម្រើ៖ Dier, Sissoko; Lamela, Eriksen
ខ្សែប្រយុទ្ធ Son; Lucas Moura

ព័ត៌មានចុងក្រោយពី Spurs៖ ប្រធានក្រុម Spurs អ្នកចាំទី Hugo Lloris បានសំណូមពរឲ្យអ្នកគាំទ្រ ទៅទស្សនាផ្ទាល់ ដើម្បីលើកទឹកចិត្ត Tottenham ក្នុងការប្រកួតដ៏ធំ នៅកីឡដ្ឋាន Wembley ព្រោះថាកន្លងមក ពួកគេតែងតែលេងក្នុងកីឡដ្ឋានជាតិនោះ ដោយខ្វះអ្នកគាំទ្រ ដែលធ្វើឲ្យអារម្មណ៍របស់ពួកគេ ដូចជាអាក់អន់ចិត្តបន្តិច។

ក្រឡេកមកមើលពីស្ថានភាពរបស់ Borrusia Dortmund វិញ៖

ស្ថានភាពរបួស៖ ប្រធានក្រុម Marco Reus ត្រូវបានរាយការណ៍ថា ជួបបញ្ហារបួសក្នុងជំនួបចុងក្រោយនៅ Bundesliga ហើយគេទំនងមិនអាចបង្ហាញខ្លួនក្នុងការប្រកួតនៅយប់នេះឡើយ។ ក្រៅពីនោះ កីឡាករសំខាន់ៗរបស់ Dortmund នៅតែមានសុខភាពល្អ។

ជម្រើស ១១នាក់ដំបូងរបស់ Dortmund អាច៖

អ្នកចាំទី៖ Burki
ខ្សែការពារ៖ Hakimi, Weigl, Diallo, Schmelzer
ខ្សែបម្រើ៖ Witsel, Delaney; Sancho, Pulisic
ខ្សែប្រយុទ្ធ៖ Gotze; Alcacer

ព័ត៌មានចុងក្រោយរបស់ Dortmund៖ កីឡាករវ័យក្មេងរបស់ Dortmund គឺ Jadon Sancho បានក្រើនរម្លឹកប្រាប់មិត្តភក្តិនៅ Spurs ឲ្យមានការប្រុងប្រយ័ត្ន ព្រោះថា Dortmund អាចបង្កព្យុះភ្លៀងខ្លាំង ក្នុងជំនួបនៅអង់គ្លេសនេះ។

Dortmund ជ្រុះចេញពី​ការប្រកួត​ពានរង្វាន់បាល់ទាត់អាល្លឺម៉ង់ហើយ

សូមរម្លឹកថា ក្នុងការប្រកួត UEFA Champions League កាលពីរដូវកាលមុន Tottenham Hotspur គឺជាក្រុមដែលបានទម្លាក់ Borrusia Dortmund ឲ្យខ្ទាតធ្លាក់ចេញ មិនឲ្យឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ដោយចាញ់ Spurs ទាំង ២ជើង។ តើលើកនេះ Dortmund អាចសងសឹង Spurs បានទេ នៅពេលមាន់ខ្នាយមាស កំពុងតែធ្លាក់ដុនដាបបែបនេះ? សម្រាប់ Fox Sports ជាខេមរភាសា យើងគិតថា Spurs នឹងមានឱកាសឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ប្រសិនគេអាចទប់ឲ្យការប្រកួតយប់នេះ ស្មើបាន៕

មតិយោបល់