ចំនុច​មួយ​ចំនួន ដែល​បញ្ជាក់​ថា Man Utd មាន​ប្រៀប​ជាង PSG យប់​នេះ​

ការប្រកួតក្របខណ្ឌកំពូលអឺរុប UEFA Champions League វគ្គ ១៦ក្រុមចុងក្រោយ នឹងចាប់ផ្តើមដំណើរការ ពីយប់ថ្ងៃទី ១២ខែកុម្ភៈឆ្នាំ ២០១៩នេះហើយ។ នៅរាត្រីនេះ បើគិតទៅ គឺវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ១៣ខែកុម្ភៈឆ្នាំ ២០១៩ (គិតម៉ោងក្នុងប្រទេសកម្ពុជា) ក្រុមធំ ២នឹងត្រូវប្រកួតគ្នា។

ជំនួបទី១ គឺ Manchester United នៃក្របខណ្ឌ Premier League ប្រកួតជាមួយ Paris Saint-Germainនៃក្របខណ្ឌ Ligue1។ និងមួយគូទៀត គឺ Roma នៃក្របខណ្ឌ Serie A ប្រកួតជាមួយ FC Porto នៃក្របខណ្ឌ Primeira Liga របស់ព័រទុយហ្កាល់។ ប៉ុន្តែពេលនេះ Fox Sports ជាខេមរភាសា សូមលើកយកតែគូ Man Utd ប្រកួតជាមួយ PSG មកនិយាយ ដោយយើងគិតថា គូនេះ មានភាពទាក់ទាញខ្លាំងជាង។

ភាពទាក់ទាញនៃក្រុមទាំង២ ព្រោះថាពួកគេកំពុងឡើងជើងខ្លាំងដូចគ្នា ប៉ុន្តែពេលនេះ Manchester United ហាក់ដូចជាកំពុងមានប្រៀបជាង។ មានប្រៀបព្រោះថា ១១ប្រកួតចុងក្រោយ បិសាចក្រហម មិនទាន់ស្គាល់ពាក្យចាញ់នៅឡើយទេ។ Man Utd វិវត្តន៍ខ្លួនតាំងពីក្បែរពាក់កណ្តាលតារាង មកស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ត្រឹមតែប្រមាណជាង ១ខែប៉ុណ្ណោះ។ កីឡាករសំខាន់ៗរបស់ Man Utd នៅពេញតារាង មិនមានរបួសនោះទេ ខណៈកីឡាករសំខាន់ៗរបស់ PSG កំពុងញាំញីដោយបញ្ហារបួស និងត្រូវអវត្តមាន ពីជំនួបនៅយប់នេះ។

Verratti trains for PSG despite injury worries

PSG៖ ការប្រកួតយប់នេះ ត្រូវគេរំពឹងថា នឹងអវត្តមាន Neymar, Edinson Cavani និង Thomas Meunier ។ Neymar និង Cavani គឺជាខ្សែប្រយុទ្ធសំខាន់ ក្នុងចំណោមខ្សែប្រយុទ្ធទាំង ៣ខាងលើ មាន Mbappe, Neymar និង Cavani។ គ្រូបង្វឹក PSG លោក Thomas Tuchel បានទទួលស្គាល់ថា «វាពិតជាពិបាក» សម្រាប់ការប្រកួតនោះ។ តែលោកសង្ឃឹមថា Cavani អាចចូលលេងវិញបាន នៅថ្ងៃអង្គារនេះ។

លោក Tuchel កំពុងតែគិតពីយុទ្ធសាស្ត្រផ្លាស់ប្តូរទម្រង់លេង ដោយលោកលើកឡើងថា៖ «គ្មាន Naymar គ្មាន Marco គ្មាន Cavani ឥឡូវយើងត្រូវការគម្រោង D (plan D)។ ខ្ញុំមិនបានគិតពីគម្រោងផ្សេងៗច្រើនទេ។ យើងត្រូវតែវិភាគពីការលេងរបស់ Man Utd ហើយយើងត្រូវតែនៅឲ្យស្ងៀម និងមានទំនុកចិត្ត។ ប៉ុន្តែជាទូទៅ សម្រាប់គំនិតខ្ញុំ គឺគ្រប់ការប្រកួតជាមួយ Manchester United, Liverpool, ឬ ក៏សូម្បី Red Star Belgrade គឺយើងត្រូវការកីឡាករសំខាន់ៗ ជាមួយទំនុកចិត្ត បទពិសោធន៍ គុណភាព ដែលអាចលេងក្នុងការប្រកួតធំៗរបៀបនេះបាន ព្រោះថាការប្រកួតបែបនេះ វាពោរពេញដោយសម្ពាធ អញ្ចឹងហើយយើងត្រូវការមនុស្សដែលអាចគ្រប់គ្រងសម្ពាធនេះបាន»។

Man Utd៖ គេនៅចាំបានថា ក្នុងការប្រកួតកាលពីចុងសប្តាហ៍កន្លងទៅ Man Utd បានទុកជើង​កីឡាករ Rashford និង Jesse Lingard មិនឲ្យ​ចូលលេង។ ហើយលោក Ole Gunnar Solskjaer ក៏បានថ្នមកីឡាករផ្សេងទៀតរបស់គាត់ផងដែរ។ អ្វីដែលពិសេស ពេលនេះ កីឡាករជម្រើសទី ១ របស់លោក Solskjaer នៅពេញតារាងទាំងអស់ មិនមានរបួសទេ។ មិនមានរបួស ហើយពួកគេម្នាក់ៗ ក៏ពោរពេញទៅដោយទំនុកចិត្ត ជាពិសេសគឺ Paul Pogba, Anthony Martial, Ander Herrera បូករួមនឹងខ្សែការពារសំខាន់ៗ ៤នាក់ទៀត ដូចជា Luke Shaw, Chris Smalling, Phil Jones, Diogo Dalot។ ហើយ​រឹតតែមានប្រៀប​ទៀតនោះ គឺនេះជាការប្រកួតក្នុងទឹកដី Old Trafford ដែល​បិសាចក្រហម នឹងមានអ្នក​គាំទ្រ​ច្រើនជាង PSG។ យ៉ាងណាក៏ដោយ លោក Solskjaer ពុំដែលមើលងាយគូប្រកួតរបស់លោកទេ ហើយយើងជឿជាក់ថា ការប្រកួតនេះ បិសាចក្រហម នឹងប្រឹងឲ្យអស់ពីចិត្ត ដើម្បីយកឈ្នះលើ PSG។

តើ​លោក OLE GUNNAR SOLSKJAER អាចនឹង​ក្លាយ​ជា​អ្នក​ចាត់ការ​អចិន្ត្រៃយ៍របស់​ក្លឹប MANCHESTER UNITED ដែរ​ឬទេ?

សរុបមក យោងតាមអ្វីដែលបានរៀបរាប់នេះ Fox Sports ជាខេមរភាសា សូមទស្សន៍ទាយថា Man Utd ២-១ PSG! យ៉ាងណាក៏ដោយ យើងក៏នៅតែពិបាកគិតថា តើ ២ក្រុមនេះមួយណា នឹងឆ្លងទៅវគ្គ ៨ក្រុមចុងក្រោយដែរ៕

 

ដោយ៖ កូនមាន់មាស

មតិយោបល់