ក្លឹប​នៅ​អ៊ីតាលី​ចង់ប្រជែង​ជាមួយ​ Man United ដើម្បីទិញ​កីឡាករ Zlatan Ibrahimovic

មាន​ព័ត៌​មាន​ចចាម​អារ៉ាម​មួយ​ដែល​បាន​លើក​ឡើងថា​ ក្លឹប​ Bologna នៅ​លីគ​កំពូល​អ៊ីតាលី​បាន​សម្រេចចិត្ត​​ប្រជែង​ជាមួយ​ក្លឹប​ Manchester United ដើម្បី​ដណ្ដើម​ទិញ​កីឡាករ Zlatan Ibrahimovic ដែល​នឹង​​អាច​ផ្ទេរ​ដោយ​ឥត​គិត​ថ្លៃ​ក្នុង​ខែមករា​​ដែល​នឹង​ឈាន​ចូល​មក​ដល់​​នា​ពេល​ដ៏​ខ្លី​ខាង​មុខនេះ។

សារព័ត៌​មាន​ Corriere Dello Sport បាន​ធ្វើ​សេចក្ដី​រាយការណ៍​ តាមរយៈ​សារព័ត៌​មាន Sky Sports ថា​ប្រធាន​ក្លឹប​ Bologna គឺ​លោក Joey Saputo បាន​បើក​ភ្លើង​បៃតង​​អនុញ្ញាត​ឱ្យ​ក្រុម​របស់លោក​តាមទិញ​កីឡាករ Ibrahimovic ហើយ។

កីឡាករ​ដែល​មាន​វ័យ​ ៣៨ឆ្នាំ​រូបនេះ​​​កំពុង​លេង​ឱ្យ​ក្លឹប LA Galaxy ក្នុង​លីគ​កំពូល​អាមេរិច ហើយ​គេ​​នៅសល់​ពេល​តែប៉ុន្មាន​សប្ដាហ៍​ទៀតប៉ុណ្ណោះ ព្រោះ​កុងត្រា​របស់គេ​ជាមួយ​ក្លឹប​នេះ​នឹង​ផុត​កំណត់ត្រឹមថ្ងៃទី៣១ ខែធ្នូ​ខាង​មុខ​នេះ​ហើយ។

យោង​តាម​សារព័ត៌មាន​អ៊ីតាលី​មួយនេះ កីឡាករ Ibrahimovic ហាក់​ដូចជា​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​វិល​ត្រឡប់​ទៅ​លេង​នៅ​ទឹកដីអ៊ីតាលីវិញ ដែល​នៅទីនោះ គេធ្លាប់លេង​ឱ្យ​ក្លឹប​ AC Milan, Inter និង​ Juventus។

ក៏​មាន​ការ​លើក​ឡើង​ផងដែរថា កីឡាករ​រូបនេះ​មាន​តម្លៃ​ខ្លួន ៨លានអឺរ៉ូ សម្រាប់រយៈ​ពេល​ ១ឆ្នាំ​កន្លះ ហើយ​ក្លឹប Bologna បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ដើម្បីដណ្ដើម​យកគេ​ឱ្យ​បាន​ក្នុង​អំឡុង​ពេល​ដោះដូរ​កីឡាករ​នា​រដូវ​រងារ​ខាង​មុខនេះ។

ដំណឹង​នេះ​ ជាដំណឹង​មួយ​មិនសូវល្អ​ទេ សម្រាប់ក្លឹប​ Manchester United ដែលមាន​បំណង​ចង់​បាន​កីឡាករ​រូបនេះ​ដោយ​ឥត​គិត​តម្លៃ​ផ្ទេរ​ដែរ។

កីឡាករ Ibrahimovic ដែល​ធ្លាប់​លេង​ជាមួយ​ក្រុម​បិសាច​ក្រហម​ចន្លោះឆ្នាំ២០១៦ ដល់២០១៨ នឹង​ក្លាយ​ជា​ជម្រើស​ដ៏​ស័ក្ដិ​សម​សម្រាប់​​ក្រុម​នេះ​ដែល​កំពុង​មាន​បញ្ហា​នៅ​ផ្នែក​ខ្សែ​ប្រយុទ្ធ បន្ទាប់ពី​បាន​លក់ចេញ​កីឡាករ​មួយចំនួន​ដូចជា​ Romelu Lukaku និង Alexis Sanchez កាលពីខែសីហាមក៕

 

‘I learned to win and win and win’ – Guardiola

មតិយោបល់