Loris Karius និយាយថា​អាច​នឹង​លេង​នៅ​ Liverpool ម្ដងទៀត

​ថ្វី​បើ​កំពុង​លេង​ក្នុងកុងត្រា​ខ្ចីជើង​នៅ​ក្លឹប​ Besiktas ក៏​ដោយ​ក្ដី ក៏អ្ន​កចាំទី​ Loris Karius មានអារម្មណ៍​ថា​គេនៅតែអាច​មាន​ឱកាស​​ទៅបន្ត​លេង​នៅ​ក្លឹប​ Liverpool ម្ដងទៀត។

Karius បាន​ចូល​រួម​ជាមួយ​ក្លឹប​​ទួរគី​មួយនេះ​ក្នុងកុងត្រា​ខ្ចីជើង​រយៈ​ពេល​ ២ឆ្នាំ​​ ក្រោយពី​បាន​ចូល​រួម​ប្រកួត​ឱ្យ​ក្លឹប​ Liverpool ក្នុងការ​ប្រកួត​​ឆេម​ពានស៍​លីគ​​ដែលចាញ់​ក្លឹប​ Real Madrid កាលពីឆ្នាំ​២០១៨។

អ្នកចាំទីរូបនេះ​នៅ​តែជាប់កុងត្រា​ជាមួយ​ក្លឹប Liverpool ដដែល ដែលមានសុពលភាពរហូតដល់​ឆ្នាំ​២០២១ ហើយ​ Karius មានអារម្មណ៍​ថា​គេ​នៅ​តែអាច​មាន​ឱកាស​លេង​នៅ​​ Liverpool ម្ដងទៀត។

Karius បាន​និយាយ​ប្រាប់សារព័ត៌​មាន UK newspapers តាមរយៈ​សារព័ត៌​មាន The Guardian ថា៖ “ខ្ញុំជាប់កុងត្រាខ្ចីជើង​ដល់ចុងរដូវកាលនេះ​ បន្ទាប់មក​ទៀត​ខ្ញុំ​នឹងដឹង​ថា​តើខ្ញុំ​នៅបន្តលេង​នៅ Liverpool ឬក្លឹប​ណាមួយ​នៅអង់គ្លេស ឬអាល្លឺម៉ង់។

“ឥឡូវនេះ​ខ្ញុំ​ផ្ដោត​អារម្មណ៍​តែ​ទៅលើ​ការ​ប្រកួ​តរាល់សប្ដាហ៍​ប៉ុណ្ណោះ ជំហាន​បន្ទាប់មក​ទៀត​យើង​មិនទាន់ដឹងទេ”។

“ខ្ញុំ​រីករាយ​នឹង​ពេល​វេលា​ដែល​ខ្ញុំ​លេង​នៅទីនេះ។ ត្រូវ​ហើយ បើលេង​នៅ​អង់គ្លេស​ ខ្ញុំ​អាច​ទទួល​បាន​ការចាប់អារម្មណ៍​ច្រើន​ជាងនេះ​ ប៉ុន្តែ​ Besiktas ជា​ក្លឹប​មួយ​ល្អ​ ទោះជា​យើង​មាន​ជួប​បញ្ហា​ម្ដង​ម្កាល​ក៏​ដោយ។ ឆ្នាំ​មុន​មិនសូវរលូន​នោះទេ ពេល​ខ្ញុំ​មកទីនេះ​ដំបូង​ក៏​អញ្ចឹង​ដែរ​ ប៉ុន្តែជាទូទៅ​​ រដូវកាល​ដំបូង​នៅទីនេះ​គឺ​ល្អ​ណាស់”។

“លីគ​កំពូល​អង់គ្លេស​ជា​លីគ​ដែល​ល្បី​បំផុត​​ ហេតុ​នេះ​​វាទទួលបាន​ការចាប់អារម្មណ៍​ខ្លាំ​ង​ ហើយ​ខ្ញុំ​ក៏​នៅ​ទាក់​ទង​​​​​​ជាមួយ​ក្លឹប​ Liverpool ដែរ ដូច្នេះ ខ្ញុំ​អាច​នឹង​លេង​ឱ្យ​ Liverpool​ ម្ដង​ទៀត​ យើង​មិនអាច​ដឹង​មុន​នោះទេ”។

“ឥឡូវ​នេះ​ពិបាក​និយាយ​ណាស់ បើ​មិនមែន​ Liverpool ក៏​អាច​ជា​ក្លឹប​ណា​មួយ​ដែល​ល្អ​គួរសម​ដែរ​ រឿង​នេះ​ខ្ញុំ​ជឿ​ជាក់ ហេតុ​នេះ​​ខ្ញុំ​មិន​បារម្ភ​នោះទេ”។

 

 

Karius បាន​បង្កើត​កំហុស​ពីរលើក​ក្នុងចំណោម​គ្រាប់​បាល់ ៣គ្រាប់​​​​ដែល​ Real Madrid ធ្វើ​បានសម្រេច​​នៅទីក្រុង Kiev កាលពីឆ្នាំ​មុន។ ឥឡូវ​នេះ​ Liverpool មាន​ Alisson ជាអ្នកចាំទីជម្រើសទី១ និង Adrian ជាជម្រើសទី២។

កីឡាករ​ដែល​មាន​វ័យ ២៦ឆ្នាំរូបនេះ​មាន​របួស​ប៉ះពាល់ខួរក្បាល​​ក្នុងការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នោះ ហើយ​គេ​និយាយ​ថា​​គេ​មិនបានគិត​ពី​ស្ថានភាព​បរាជ័យ​នោះទៀត​ទេ។

“ខ្ញុំ​មិនគិត​ពីរឿង​នោះទៀតទេ វាបានកើត​ឡើង​យូរ​ណាស់មកហើយ ជិត​ ២រដូវកាលហើយ។ ស្ថានភាព​ពេល​នោះ​ស្មុគស្មាញ ខ្ញុំ​មានរបួស​ធ្ងន់ ហើយ​គ្មាន​នរណា​និយាយ​ពីរឿង​នោះទេ។ មហាជនអាចនិយាយ​អ្វី​តាមដែលគេ​ចង់និយាយ​ ប៉ុន្តែ​វា​មិនបាន​រំខានដល់ខ្ញុំ​ទៀត​នោះទេ”។

“ក្រោយ​ពេល​ដែល​ពួកគេ​បានពិនិត្យ​ពិច័យ​ម៉ត់ចត់ទៅ ទើបគេដឹងថាជា​របួស​ប៉ះពាល់ដល់ខួរក្បាល ប៉ុន្តែ​ក្នុងពេល​ប្រកួត​ ម្នាក់ៗ​មិនអាចចាប់អារម្មណ៍​ដល់​រឿងនេះ​នោះទេ។ អ្វីៗ​បានក្លាយជាអតីតកាលហើយ​ ខ្ញុំ​រីករាយណាស់ដែល​ពួកគេ​អាច​ឈ្នះ​ពាន​រង្វាន់​មួយនេះ​នៅ​មួយ​ឆ្នាំ​ក្រោយមក”។

“ខ្ញុំ​នៅ​តែទាក់ទងជាមួយ​គ្រូបង្វឹក​អ្នកចាំទី​ និង​កីឡាករ​ផ្សេងៗ​ទៀត។ ពួកគេ​អាច​នឹង​មាន​ឱកាស​ឈ្នះ​ពាន​រង្វាន់​នេះ​ម្ដង​ទៀត​នៅឆ្នាំ​នេះ”៕

 

លោក Klopp និយាយអំពី​ការប្រកួតជាមួយ Leicester City ដែលដឹកនាំ​ដោយ​អតីត​​អ្នកចាត់ការ​ Liverpool

 

មតិយោបល់