លោក Zidane ត្រៀម​ប្តូរគម្រោង​ដើម្បី​ទាញកីឡាករ​សំខាន់ម្នាក់ពី PSG វិញ

នរណាក៏បាន​ដឹងដែរថា Real Madrid ចង់បាន Neymar ក្នុងពេល​ទីផ្សារ​ដោះដូរកីឡាករបើកទ្វារ កាលពីពេលកន្លងទៅ ប៉ុន្តែ​រឿងនេះ មិនអាចកើតឡើងបាន ដោយសារតែទាំង​ក្លឹប PSG ផង និង Neymar ផង សុទ្ធតែមិន​អាចឈានទៅដល់ការ​ព្រមព្រៀង​ជាមួយ​ក្លឹប​យក្សអេស្ប៉ាញនេះ។

ស្រប​ពេលជាមួយគ្នា នៅពេល​មាន​ដំណឹងថា Neymar ពិតជាមិន​ដាច់​អាល័យ​ពី Barcelona នោះ ស្រាប់​តែ Real Madrid ក៏មិនគិតសន្សំចិត្ត​ក្នុងការ​តាម​ទិញ Neymar ទៀតដែរ។ ប៉ុន្តែ លោក Zinedine Zidane នៅតែមានកូនចិត្ត​ស្រលាញ់ និង​ចង់បាន​កីឡាករ​ PSG ដែលជាម្ចាស់​ជើងឯក​បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ គឺ Kylian Mbappe។

សេចក្តីរាយការណ៍ពីសារព័ត៌មានអេស្ប៉ាញ និងបារាំង បានបង្ហើប​ថា លោក Zidane នៅតែតាម​ចរចាជាមួយ PSG រឿង Mbappe ដោយ​នៅពេលថ្មីៗនេះ គេក៏បាន​ដឹងថា Real Madrid អាច​ឲ្យ​ប្រាក់ ១៥០លានអឺរូ សម្រាប់​តម្លៃផ្ទេររបស់ Mbappe បូក​រួម​នឹង​កីឡាករ​វ័យ​ក្មេងរបស់ខ្លួន​គឺ Vinicius Jr ទៅកាន់ PSG។ លក្ខខណ្ឌនេះ ទំនងអាចទៅរួច ប្រសិនបើ Mbappe ក៏យល់​ព្រមដែរ។

យ៉ាងណាក៏ដោយ គ្រប់​យ៉ាងក៏ត្រូវការ​ការសម្រេចបន្ថែម​ទៀត ពីម្ចាស់ក្លឹប Real Madrid លោក Florentino Perez ផងដែរ៕

មតិយោបល់