ខ្សែការពារ ៧នាក់ ដែលដោះដូរខ្លួន ធ្វើឲ្យផ្អើលពិភពបាល់ទាត់

ក្រោយពេលខ្សែការពារអង់គ្លេស Harry Maguire បានចុះកុងត្រាជាផ្លូវការទៅលេងនៅក្លឹប Manchester United ក្នុងតម្លៃ ៨០លានផោន ធ្វើឲ្យគេនឹកឃើញដល់ខ្សែការពារផ្សេងៗទៀត ដែលមានតម្លៃខ្លួនឡើងថ្លៃរហូត រហូតធ្វើឲ្យផ្អើលពិភពបាល់ទាត់ ពេលពួកគាត់ប្តូរក្លឹប។

ការធ្វើឲ្យកក្រើកពិភពបាល់ទាត់នោះ ក៏ព្រោះតែតម្លៃខ្លួនដ៏មហិមារបស់ខ្សែការពារទាំងនោះ ដែលចេះតែមានតម្លៃខ្ពស់ជាលំដាប់។ យើងតាមដានកីឡាករខ្សែការពារ ៧នាក់ ដែលមានតម្លៃខ្លួនថ្លៃបំផុត តាំងពីឆ្នាំ ២០១៧មក៖

១. Harry Maguire តម្លៃ ៨០លានផោន ពី Leicester ទៅ Manchester United ក្នុងខែសីហា ឆ្នាំ ២០១៩

មកដឹងពីប្រាក់ខែ និងលេខអាវ របស់ Harry Maguire នៅ Man Utd

កំណត់ត្រាខ្សែការពារថ្លៃបំផុតលើលោករបស់ Virgil van Dijk តាំងពីឆ្នាំ ២០១៨ ត្រូវបានបំបែកដោយ Maguire ត្រឹមខែសីហា ឆ្នាំ ២០១៩។ ប៉ុន្តែគេនៅមិនទាន់អាចវាយតម្លៃ ថាតើ Maguire នឹងមានសមត្ថភាពសមាមាត្រទៅនឹងតម្លៃខ្លួនកប់ពពកបែបនេះ នៅ Man Utd បានទេ។ យ៉ាងណា កាលពីរដូវកាលមុន គាត់គឺជាចំណែកដ៏សំខាន់សម្រាប់ Leicester និងក្រុមជម្រើសជាតិអង់គ្លេស។

២. Virgil van Dijk តម្លៃ ៧៥លានផោន ពី Southampton ទៅ Liverpool ក្នុងខែមករា ឆ្នាំ ២០១៨

Van Dijk បានបំបែកកំណត់ត្រាខ្សែការពារថ្លៃបំផុតរបស់ Lucas Hernandez ត្រឹមខែមករា ឆ្នាំ ២០១៨។ ជាខ្សែការពារហូឡង់ម្នាក់ ដែលមានតម្លៃខ្លួនថ្លៃបំផុត! ប៉ុន្តែមជ្ឈដ្ឋានជាច្រើន យល់ថា Van Dijk ពិតជាសក្តិសមនឹងតម្លៃនេះហើយ ព្រោះថាវត្តមានរបស់គេនៅ Liverpool ១រដូវកាលកន្លះ ក្លឹបក៏អាចឈ្នះពានរង្វាន់ Champions League ជាលើកដំបូង តាំងពីឆ្នាំ ២០០៥មក។ មិនត្រឹមតែឈ្នះពានជាមួយក្លឹបទេ ប៉ុន្តែយើងក៏មិនត្រូវភ្លេចថា Van Dijk បានឈ្នះពានរង្វាន់ផ្ទាល់ខ្លួនជាច្រើន រហូតដល់ធ្វើឲ្យគេគិតថា ខ្សែការពារហូឡង់នេះ នឹងអាចឈ្នះ Ballon d’Or នៅឆ្នាំ ២០១៩នេះទៀតផង។ VAN DIJK ទទួល​បាន​ពាន​រង្វាន់​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​ក្នុង​លីគ​កំពូល​អង់​គ្លេស

៣. Lucas Hernandez តម្លៃ ៦៨លានផោន ពី Atletico Madrid ទៅកាន់ Bayern Munich ក្នុងខែកក្កដា ឆ្នាំ ២០១៩

ខ្សែការពារសញ្ជាតិបារាំងនេះ នៅរួមរស់ជាមួយ At. Madrid តាំងពីថ្នាលយុវជន និងបានលេងក្នុងឈុតធំរយៈពេលប្រមាណ ៥ឆ្នាំ។ ប្រការនេះ ហើយទើបក្លឹបយក្សអាល្លឺម៉ង់ Bayern Munich មិនខ្លាចក្នុងការចាយលុយទិញរូបគេ មកពង្រឹងក្រុមបន្ថែម សម្រាប់គោលដៅ Champions League រដូវកាលថ្មីនេះទេ។ ម្យ៉ាងទៀត Lucas ទើបតែមានអាយុ ២៣ឆ្នាំ ដែលជាក្តីរំពឹងរយៈពេលវែងរបស់ Bayern Munich បន្តទៀត។

៤. Matthijs de Ligt តម្លៃ ៦៧.៥លានផោន ពី Ajax ទៅកាន់ Juventus ក្នុងខែកក្កដា ឆ្នាំ ២០១៩

Matthijs de Ligt សម្រេចជ្រើសរើស Juventus ក្នុងតម្លៃផ្ទេរជាង ៦០លានផោន

តើមានខ្សែការពារអាយុក្រោម ២០ឆ្នាំ ប៉ុន្មាននាក់ទៅ ដែលមានតម្លៃខ្លួនថ្លៃបែបនេះ? ថ្នាលយុវជនក្លឹប Ajax នេះ គឺជាឆ្អឹងខ្នងសំខាន់សម្រាប់ក្លឹបកំពូលរបស់ហូឡង់ តាំងពីគេមានអាយុ ១៦ឆ្នាំ។ ដូច្នេះហើយ ទើបនៅឆ្នាំមុន ក្លឹបបានតែងតាំងគេឲ្យក្លាយជាប្រធានក្រុម ទាំងក្មេងវ័យ។ de Ligt ត្រូវបានគេចាត់ទុកថា ជាយុវជនមាស តាមរយៈសមត្ថភាពទប់ asissts និងរកគ្រាប់បាល់បានផង ក្នុងការប្រកួត Champions League កាលពីរដូវកាលមុន ជាមួយ Real Madrid និង Juventus។

៥. Aymeric Laporte តម្លៃ ៥៧លានផោន ពី Athletic Club ទៅ Man City ក្នុងខែមករា ឆ្នាំ ២០១៨

Man City បានទិញ Laporte ក្នុងពេលដែលទីផ្សារដោះដូរកីឡាករជិតបិទទ្វារ កាលពីខែមករា ឆ្នាំ ២០១៨ ក្នុងតម្លៃមួយ បំបែកកំណត់ត្រារបស់ក្លឹប ទោះមិនបំបែកទាំងពិភពលោកក៏ដោយ។ Laporte បានក្លាយជាតួអង្គការពារដ៏សំខាន់របស់ City រហូតធ្វើឲ្យក្លឹបទទួលបានជោគជ័យជាបន្តបន្ទាប់ និងខ្លាំងបំផុត គឺនៅរដូវកាលមុន ដែល City ឈ្នះបានពានធំ ៣ តែឯង។

៦. Benjamin Mendy តម្លៃ ៥២លានផោន ពី Monaco ទៅ Man City ក្នុងខែកក្កដា ឆ្នាំ ២០១៧

ខ្សែការពារបារាំងនេះ គឺជាកីឡាករម្នាក់ ដែល City បានទិញមក ក្រោយក្លឹបទិញបាន Kyle Walker ក្នុងតម្លៃ ៤៥លានផោន។ ប៉ុន្តែទិញមកបានតែមួយខែ Mendy ក៏របួសមិនអាចលេងបាននៅខែកញ្ញា។ ជាការពិត Mendy ពិតជាកីឡាករម្នាក់ ដែលតែងតែញុំាញីដោយបញ្ហារបួស។ តាំងពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩នេះ គេបង្ហាញខ្លួនឲ្យ Man City បាន តែ ១៧ដងប៉ុណ្ណោះ។ ប៉ុន្តែគេដូចជាកីឡាករផ្កាយសំណាងម្នាក់ សម្រាប់ City ព្រោះថា តាំងពីគេចូលទៅក្រុមមេឃា ក្រុមនេះ ក៏បានក្លាយជាជើងឯក Premier League ហើយមួយឆ្នាំក្រោយមកក្រុមជម្រើសជាតិបារាំងរបស់គេ ក៏ក្លាយជាជើងឯកបាល់ទាត់ពិភពលោក World Cup ២០១៨។ (ប្រហែលគេទុក Mendy សម្រាប់ហុងស៊ុយក្លឹបទេដឹង?)

៧. Kyle Walker តម្លៃ ៤៥លានផោន ពី Tottenham ទៅ Man City ក្នុងខែកក្កដា ឆ្នាំ ២០១៧

ដូចបានជម្រាបមុននេះបន្តិច គឺ Walker ជាកីឡាករ ដែលប្រុងនឹងក្លាយជាខ្សែការពារថ្លៃបំផុតបំបែកកំណត់ត្រាទៅហើយ កាលពីឆ្នាំ ២០១៧នោះ ប៉ុន្តែត្រឹមរយៈពេល ១០ថ្ងៃប៉ុណ្ណោះ Mendy ក៏ចូលទៅប្រជែងតំណែងនោះទៅ។ យ៉ាងណា Walker នៅតែមានតម្លៃសម្រាប់ City ដោយគេបានបន្តកុងត្រាថ្មី កាលពីខែមិថុនា ឆ្នាំ ២០១៩ថ្មីៗនេះ៕

 

John Dykes’ 2018/19 Premier League Best XI Signings

មតិយោបល់