ហេតុផលដែល Man Utd អាចមិនចំណេញប្រសិនយក Paulo Dybala ពី Juventus!

Manchester United កំពុងតែត្រៀមធ្វើការប្តូរខ្សែប្រយុទ្ធ Romelu Lukaku ជាមួយនឹងខ្សែប្រយុទ្ធ Paulo Dybala ក្នុងក្លឹប Juventus។ ដំណឹងនេះ វាកាន់តែជិតច្បាស់ ព្រោះថា Lukaku បានយល់ព្រមរួចទៅហើយជាមួយ Juventus នៅឡើយតែ Dybala ប៉ុណ្ណោះ ដែលមិនព្រមចង់ចេញពីអ៊ីតាលី។

យ៉ាងណាក៏ដោយ Fox Sports ជាខេមរភាសា មានការកត់សម្គាល់ថា ប្រសិនបើ Man Utd ព្រមយក Dybala មកអង់គ្លេស នោះ Man Utd អាចនឹងមិនសូវចំណេញច្រើន។ ហេតុផលទី ១ ដែលយើងហ៊ាននិយាយបែបនេះ ព្រោះថាបើតាមដំណឹងដែលទទួលបាន គឺខ្សែប្រយុទ្ធអាស្សង់ទីនរូបនេះ បានទាមទារ Man Utd ឲ្យផ្តល់តម្លៃពលកម្មយ៉ាងសម្បើមដល់ខ្លួន ពោលគឺ ៣៥ម៉ឺនផោន ក្នុងមួយសប្តាហ៍ ដែលជាតម្លៃស្មើនឹង Alexis Sanchez។ ដូច្នេះ មានន័យថា មិនគិតបូករួមទាំងការបង់ពន្ធ Dybala ចង់បានប្រាក់សុទ្ធ ១០លានផោន ក្នុងមួយឆ្នាំ។

ពិតណាស់ថា Man Utd គ្មានបញ្ហាចំពោះការផ្តល់តម្លៃពលកម្មបែបនេះ ប៉ុន្តែប្រសិនបើក្លឹបពិតជាយល់ព្រមមែន វាអាចបង្កើតជាបរិយាកាសអាប់អួរ អាក់អន់ចិត្តក្នុងក្រុម ខណៈ Paul Pogba អតីតកីឡាករ Juventus ទទួលបានបៀរវត្សត្រឹមតែប្រមាណ ២៩ម៉ឺនផោន ក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។ ហើយប្រាក់ខែនេះ ក៏ខ្ពស់ជាងខ្សែប្រយុទ្ធផ្សេងទៀត ដែលខ្សែប្រយុទ្ធផ្សេងទៀត ក្រៅតែពី Sanchez។

ហេតុផលមួយទៀត គឺដោយសារតែ Dybala មិនមែនជាកីឡាករក្នុងជម្រើសដំបូងរបស់លោក Maurizio Sarri គ្រូបង្វឹកថ្មីរបស់ Juventus។ ដោយសារតែមិនមែនជាជម្រើសដំបូងហ្នឹងហើយ ទើបលោក Sarri សុទ្ធចិត្តប្រថុយបញ្ចូន Dybala មកដោះដូរជាមួយ Lukaku។ លោក Ole Gunnar Solskjaer ដូចជាមិនពេញចិត្ត Lukaku មែន ប៉ុន្តែបើប្រៀបធៀបទៅ Lukaku ដូចជាបានចូលលេងច្រើនជាងបម្រុង។ ប៉ុន្តែ Dybala នៅ Juventus គឺផ្ទុយគ្នា។

តាមស្ថិតិក្នុងការប្រកួតនៅក្របខណ្ឌ Serie A នៅរដូវកាល ២០១៨/២០១៩ Dybala បង្ហាញខ្លួនឲ្យ Juventus បាន ៣០ដង និងរកគ្រាប់បាល់បានតែ ៥គ្រាប់ប៉ុណ្ណោះ។ ប៉ុន្តែ Lukaku វិញ នៅ Premier League គេអាចរកបាន ១២គ្រាប់ ឲ្យ Man Utd ក្នុងការបង្ហាញខ្លួនបាន ៣២ដង។

ជារួម Dybala អាចមិនមែនជាម៉ាស៊ីនរកគ្រាប់បាល់សម្រាប់ Man Utd នោះទេ ដូច្នេះប្រសិនបើក្លឹបហ៊ានចំណាយប្រាក់ខែដល់ទៅ ៣៥ម៉ឺនផោនក្នុងមួយសប្តាហ៍ សម្រាប់កីឡាករវ័យ ២៥ឆ្នាំនេះ នោះវាអាចថាជាចំណុចដែលមិនសូវផ្តល់ផលចំណេញច្រើនដល់ Man Utd ខណៈពេលនេះ បិសាចក្រហម មានកីឡាករថ្នាលរបស់ខ្លួនជាច្រើន ដែលកំពុងរះសមត្ថភាព តួយ៉ាងដូចជា Marcus Rashford, Tahith Chong, Angel Gomes ឬ Mason Greenwood ជាដើម៕

‘Best year of my career’ – Ronaldo justifies Juventus move

ដោយ៖ កូនមាន់មាស

មតិយោបល់