កីឡាករ​ជប៉ុន​​មួយរូប​ទៀត​ដែល​នឹង​ផ្ទេរ​ចូល​លេង​នៅ​លីគ​អេស្ប៉ាញ​

កីឡាករ​សញ្ជាតិ​ជប៉ុន Hiroki Abe នឹង​ផ្ទេរ​ពី​ក្លឹប Kashima Antlers ហើយ​គេ​រំពឹង​ថា​នឹង​លេង​ក្នុង​ក្រុម Barcelona B នៅ​រដូវកាល​ក្រោយ​នេះ។

ក្លឹប Kashima Antlers ក្នុង​លីគ J1 របស់​ជប៉ុន​បានបញ្ជាក់​ថា​ តារា​បាល់ទាត់​​វ័យក្មេង​កំពុងរះគឺ Hiroki Abe បាន​យល់​ព្រម​ផ្ទេរ​ទៅ​ក្លឹប Barcelona ហើយ។

កីឡាករ​ដែល​មានវ័យ ២០ឆ្នាំ​រូប​នេះ​នឹង​ត្រូវ​ទទួល​ការ​ពិនិត្យ​សុខភាព​ និង​ចុះ​កុងត្រា នៅពេលដែល​ក្លឹបទាំងពីរ​ឈាន​ដល់​​កិច្ច​ព្រមព្រៀង​ចុងក្រោយ។

កិច្ច​ព្រមព្រៀងនេះ​អាចតម្រូវ​ឱ្យ​ក្លឹប Barcelona ចំណាយ​តម្លៃផ្ទេរ​ប្រហែល​ ២លានអឺរ៉ូ។

ដោយ​យោង​គេហទំព័រ​របស់​ក្លឹប Kashima កីឡាករ Abe បាន​និយាយថា៖ ​”ចាកចេញ​ពីក្លឹបក្នុង​រដូវកាល​នេះ ជាការ​សម្រេចចិត្ត​មួយ​ដ៏​លំបាក”។

“ខ្ញុំ​ចង់​ទទួល​យក​ការសាកល្បងថ្មី​នៅ​ Barcelona ទើបខ្ញុំ​សម្រេចចិត្ត​ចាកចេញ។ ខ្ញុំជឿថា​នឹង​មាន​ការ​លំបាក និងឧបសគ្គ​ជាច្រើន ប៉ុន្តែ​របស់ទាំងនេះ​ចាំបាច់​សម្រាប់ការ​លូតលាស់របស់ខ្ញុំ”។

Abe ត្រូវ​គេ​រំពឹង​ថា​នឹង​លេង​ក្នុងក្រុម Barcelona B ប៉ុន្តែបើតាម​សេចក្ដីរាយការណ៍​ពីសារព័ត៌មាន​របស់អេស្ប៉ាញ គេ​អាច​នឹង​មានវត្តមាន​ក្នុង​ឈុតធំ​របស់​លោក Ernesto Valverde ក្នុងការ​ធ្វើដំណើរ​ប្រកួត​ចន្លោះ​រដូវកាល​នៅ​ប្រទេស​ជប៉ុន។

ក្នុងនាមជាម្ចាស់តំណែងជើងឯក​ពានរង្វាន់ AFC Champions League កាលពីឆ្នាំ​មុន Abe បាន​បង្ហាញ​ខ្លួន​ចូល​លេង​ទាំង ៣ប្រកួត​របស់​ក្រុម​ជម្រើសជាតិ​ជប៉ុន​នៅឯការ​ប្រកួត​ពានរង្វាន់ Copa America ដែល​ពួកគេ​ទទួលបានលទ្ធផល​ស្មើគ្នាជាមួយ​ក្រុមអ៊ុយ​រូហ្កាយ និងអេក្វាឌ័រ បន្ទាប់ពីចាញ់​ក្រុម​ឈីលី​ក្នុងលទ្ធផល​ ៤ទល់​នឹងសូន្យ៕

 

Neymar transfer doesn’t ‘concern’ Neto as Brazilian ‘keeper arrives at Barcelona

មតិយោបល់