Everton បានក្លាយជាកីឡាករត្រូវប៉ាន់ បន្ទាប់ពីបានជំនួសតំណែង Neymar នៅ Copa America

លោកអ្នកប្រហែលជាចាំបានថា ដោយសារតែអវត្តមាន Neymar គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល បានសម្រេចចិត្តកោះហៅ Everton Sousa Soares ខ្សែប្រយុទ្ធក្លឹប Gremio ជាក្លឹបក្នុងស្រុកប្រេស៊ីល មកជំនួសតំណែងក្នុងតំបន់ប្រយុទ្ធ។ ហើយទីបំផុតកីឡាករវ័យ ២៣ឆ្នាំនេះ មិនបានធ្វើឲ្យគ្រូបង្វឹក និងក្រុមទាំងមូលអស់សង្ឃឹមទេ គឺគេបានបង្ហាញទម្រង់លេងយ៉ាងល្អ រហូតអាចជួយឲ្យប្រេស៊ីលក្លាយជាជើងឯក Copa America ជាលើកទី ៩។

ប្រការទាំងនេះហើយ ដែលធ្វើឲ្យក្លឹបធំៗនៅអឺរុបជាច្រើន ចាប់អារម្មណ៍ទៅលើ Everton។ ការចាប់អារម្មណ៍នេះ ព្រោះណាមួយ Everton នៅវ័យក្មេង ទើបតែមានអាយុ ២៣ឆ្នាំ។ ហើយណាមួយទៀត Everton ក៏នឹងមានតម្លៃសមរម្យគួរតែទិញចូលយកមកបណ្តុះបណ្តាល ដោយសារក្លឹបរបស់គេក៏មិនធំដុំណាស់ដែរ។
ក្លឹបដែលកំពុងចែចូវចង់បាន Everton ក្នុងពេលនេះ រួមមានដូចជា Manchester United, Atletico Madrid, Napoli, Burrusia Dortmund និង Bayern Munich។ នេះបើតាមសារព័ត៌មានប្រេស៊ីល Globo Esporte។

កាសែតដដែលបន្ថែមថា ក្លឹបនៅ Bundesliga របស់អាល្លឺម៉ង់ Bayern Munich បានដាក់សំណើរមកកាន់ក្លឹប Gremio មុនគេ។ ប៉ុន្តែក្លឹប Altetico បានប្រាប់ទៅភ្នាក់ងាររបស់ Everton ថាគេហ៊ានឲ្យតម្លៃ ៣៥លានអឺរូ សម្រាប់កីឡាករវ័យ ២៣ឆ្នាំនេះ។

បន្ទាប់មកគឺ Manchester United ដែលពេលនេះ កំពុងតែចរចាផ្ទាល់ជាមួយក្លឹប Gremio។ ប៉ុន្តែក្លឹបនៅប្រេស៊ីល បានឆ្លើយតបទៅកាន់បិសាចក្រហមថា គេចង់បានតម្លៃផ្ទេរយ៉ាងតិចក៏ ៤០លានអឺរូ សម្រាប់ Everton ដែរ ព្រោះកីឡាកររូបនេះ គឺជាកីឡាករម្នាក់ដែលមានឥទ្ធិពលក្នុងព្រឹត្តិការណ៍ Copa America នាពេលកន្លងមក។

Copa America 2019: Hosts Brazil denied by VAR in 0-0 draw

ប្រធានក្លឹប Gremio លោក Romildo Bolzan Jr បាននិយាយថា គាត់ចង់លក់ Everton ឲ្យបានតម្លៃថ្លៃបំផុតបំបែកកំណត់ត្រាកីឡាករ Arthur ដែលត្រូវបាន Barcelona ទិញយកទៅកាលពីរដូវកាលមុន ក្នុងតម្លៃ ៣១លានអឺរូ។

គួរជម្រាបថា កីឡាករ Everton អាចលេងបានច្រើនផ្នែក ក្នុងផ្នែកប្រយុទ្ធ និងបម្រើ ប៉ុន្តែពេលនេះ ក្លឹប និងក្រុមជម្រើសជាតិ បានតម្រូវឲ្យគេលេងប្រយុទ្ធខាងឆ្វេង។ ក្នុងឆ្នាំ ២០១៩នេះ គេបង្ហាញខ្លួនឲ្យ Gremio បាន ១៩ដង និងស៊ុតបញ្ចូលទីបាន៩គ្រាប់។ ចំណែកក្នុងព្រឹត្តិការណ៍ Copa America ដែលទើបតែបញ្ចប់ទៅកាលពីសប្តាហ៍មុន Everton រកបាន ៣គ្រាប់ បានជាប់ឈ្មោះជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេពី Copa America ២០១៩៕

មតិយោបល់