Barcelona ទិញ​កីឡាករ​វ័យ​ក្មេង​​សញ្ជាតិ​អង់គ្លេស​ពី​ក្លឹប West Brom

បន្ទាប់ពី​បានលេង​ឱ្យ​ក្លឹប West Brom និង​ឈុតយុវជន​របស់​ក្រុមជម្រើសជាតិ​អង់គ្លេស កីឡាករវ័យក្មេង​ Louie Barry បាន​ចូល​រួម​ជាមួយ​ Barcelona ហើយ ក្នុងកុងត្រា​ដែលមានសុពលភាព ៣ឆ្នាំ។

ក្លឹប Barcelona បាន​ឈាន​មុខ​ក្លឹប​ធំៗ​ផ្សេងៗ​ទៀត​របស់​អឺរ៉ុប​ក្នុងការ​ទិញ​កីឡាករយុវជន​ជម្រើសជាតិអង់គ្លេស​ Louie Barry។

ក្លឹប​ម្ចាស់ជើងឯក​លីគ​កំពូល​បារាំង Paris Saint-Germain ព្រម​ទាំង​ក្លឹប​មួយ​ចំនួន​ផ្សេង​ទៀត​ក្នុង​លីគ​កំពូល​អង់គ្លេស សុទ្ធ​តែមានព័ត៌​មាន​ថា​ចាប់អារម្មណ៍​ចង់​បាន​កីឡាករ​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប West Brom រូបនេះ​។

ប៉ុន្តែ​មាន​តែ​ក្លឹប Barcelona ប៉ុណ្ណោះដែល​អាច​ធ្វើ​បាន​សម្រេច​ក្នុងការ​ចុះ​កុងត្រា​ទិញ​កីឡាករ​ដែល​មានវ័យ ១៦ឆ្នាំ​រូបនេះ​ ដែល​ពេល​នេះ​គេ​នឹង​ក្លាយជា​សមាជិក​ក្រុម​យុវជន Juvenil A របស់​ Barcelona ក្នុងកុងត្រា​រយៈ​ពេល ៣ឆ្នាំ។

Barry បាន​រួម​រស់​ជាមួយ​ក្លឹប West Brom អស់រយៈ​ពេល ១០ឆ្នាំ​មកហើយ និង​បានចូល​លេង​ជា​លើក​ដំបូង​ឱ្យ​ក្លឹប​នៅ​លីគ​លំដាប់ទី២ របស់​អង់គ្លេស​នេះ​ ក្នុងក្រុម​អាយុក្រោម ២៣ឆ្នាំ​កាល​ពី​រដូវកាល​មុន។

 

គេ​ធ្លាប់ជា​កីឡាករ​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​នៃសាធារណរដ្ឋអៀរឡង់ ប៉ុន្តែ​បាន​ប្ដូរ​មក​ក្រុម​ជម្រើសជាតិ​អង់គ្លេស​វិញ​​ក្នុង​ឆ្នាំ២០១៩ នេះ ដោយ​បាន​ចូល​លេង​ជាលើក​ដំបូង​ពេល​ប្រកួត​ជាមួយ​ក្រុមជម្រើសជាតិ​ប្រេស៊ីល​កាលពីខែ​កុម្ភៈ​ ហើយ​គេ​រក​បាន​គ្រាប់​បាល់​ ៧គ្រាប់​​ក្នុង​ការ​បង្ហាញ​ខ្លួន​ចូល​លេង​ ៩លើក៕

 

ខ្សែ​ការពារ​ Arsenal គឺ​ Shkodran Mustafi លេង​ខុសទីតាំង

មតិយោបល់