លោក Solskjaer ខំ​លួងលោម Lukaku ឲ្យនៅបន្ត ដោយការសន្យាទាំងនេះ

សារព័ត៌មានអង់គ្លេស បានចុះផ្សាយថា អំឡុងពេល Manchester United ត្រូវទៅហាត់សមត្រៀមប្រកួតមិត្តភាពនៅក្រៅប្រទេស អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer បានព្យាយាមបញ្ចុះបញ្ចូល Romelu Lukaku ឲ្យបន្តនៅ Man Utd មួយរដូវកាលទៀត។

ការបញ្ចុះបញ្ចូលរបស់លោក Ole នេះ ធ្វើឡើងស្របពេលដែល Man Utd ត្រូវប្រកួតមិត្តភាពជាមួយ Inter Milan នៅប្រទេសសិង្ហបុរី។ Inter Milan ដែលជាក្រុមមួយ ចង់បាន Lukaku បំផុត។ ហើយ Inter ក៏ប្រកាសថា គេនឹងសម្រេចការចរចាគ្រប់យ៉ាងពីរឿងដោះដូរ Lukaku នៅពេលដែលគេ ទៅប្រកួតនៅប្រទេសសិង្ហបុរីហ្នឹងដែរ។

តាមដំណឹងពីក្លឹប Man Utd គឺលោក Ole បានសន្យាថា នឹងដាក់ Lukaku ឲ្យលេងក្នុងជម្រើសដំបូងដដែល ទោះបីជាបានបន្តកុងត្រាជាមួយ Marcus Rashford ហើយក៏ដោយ។ ហើយគាត់ក៏នឹងឲ្យ Lukaku លេងឲ្យបានពេញលេញផងដែរ។

ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា តើ Lukaku នឹងព្រមទទួលយកការសន្យារបស់លោក Ole ឬអត់ទេ ខណៈគេធ្លាប់បង្ហាញចំណាប់អារម្មណ៍ចាកចេញ ទៅតាមគ្រូបង្វឹកចាស់ គឺលោក Antonio Conte ដែលត្រូវដឹកនាំក្លឹប Inter Milan នៅ Serie A។ ហើយក្រៅពី Inter Milan ក្លឹបនៅ Serie A ផ្សេងទៀត ដូចជា Juventus និង Napoli ក៏កំពុងតែត្របាញ់ទាក់ទងមកកាន់ភ្នាក់ងាររបស់ Lukaku ផងដែរ។

តែជាការកត់សម្គាល់ Inter Milan ហាក់ដូចជាមានភាគរយខ្ពស់ជាងគេ សម្រាប់ចំណាប់អារម្មណ៍របស់ Lukaku។ ប្រធានក្លឹប Inter ទៀតសោត គឺលោក Giuseppe Marotta ក៏បានបញ្ជាក់ច្បាស់ៗថា Inter នឹងមិនចុះចាញ់ ក្នុងការចុះកុងត្រាជាមួយ Lukaku ជាដាច់ខាត ហើយពេលនេះ ការងារនៃការដោះដូរកីឡាករ កំពុងតែរលូនទៅមុខ។ លោក Marotta និយាយថា៖

«យើងកំពុងតែធ្វើការយ៉ាងសកម្ម ដើម្បីទទួលបានក្រុមដ៏ល្អមួយតាមតែអាចធ្វើបាន សម្រាប់រដូវកាលថ្មី។ យើងមានមហិច្ឆតា និងចង់បានក្រុមល្អបំផុតមួយ។ យើងក៏ចង់ស្វែងរកផ្លូវ ដើម្បីគោរពតាមលក្ខខណ្ឌហិរញ្ញវត្ថុដែរ។ យើងមិនអាចប្រញាប់លើរឿងនេះទេ ព្រោះវាអាចមានកំហុស។ យើងមានគំនិតច្បាស់ហើយ តែយើងតែត្រូវអត់ធ្មត់»។

Pogba in core-strength training as Man Utd get pre-season underway in Australia

សូមបញ្ជាក់ថា Lukaku គឺជាអតីតកីឡាកររបស់ក្លឹប Chelsea និង Everton។ ហើយកាលពីឆ្នាំ ២០១៧ Man Utd បានទិញ Lukaku ពី Everton ក្នុងតម្លៃ ៧៥លានផោន។ ប៉ុន្តែទោះបីជាលេងនៅ Man Utd បាន ២ឆ្នាំហើយក៏ដោយ ក៏ Man Utd នៅតែចង់លក់ Lukaku ឲ្យបានដល់តម្លៃដែលទិញមកដែរ ដែលនេះនៅតែជាបញ្ហាចម្រូងចម្រាស់សម្រាប់ការដោះដូរជាមួយ Inter Milan។

សូមបញ្ជាក់ដែរថា មុនបើករដូវកាល Premier League ២០១៨/២០១៩ Man Utd ទៅចេញទៅប្រកួតមិត្តភាព International Champions Cup ក្នុនងប្រទេសអូស្រ្តាលី សិង្ហបុរី និងចិន៕

មតិយោបល់