ក្លឹប Atletico Madrid សម្រេច​ទិញ​កីឡាករ Alvaro Morata ជាអចិន្ត្រៃយ៍

ក្លឹប Atletico Madrid បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ទិញ​កីឡាករ Alvaro Morata ជាអចិន្ត្រៃយ៍​ពី​ក្លឹប Chelsea ចាប់​ផ្ដើម​ពី​រដូវកាល ២០២០-២០២១ នេះ​ទៅ​ហើយ។

កីឡាករ Alvaro Morata នឹង​ផ្ទេរ​មក​លេង​នៅ​ក្លឹប Atletico Madrid ជាអចិន្ត្រៃយ៍​ចាប់​ពី​រដូវកាល ២០២០-២០២១ នេះ​ហើយ បន្ទាប់ពី​ក្លឹប Atletico Madrid ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ​ក្លឹប Chelsea ដើម្បី​ប្រែ​ក្លាយ​កុងត្រា​ខ្ចី​ជើង​នេះ​ទៅ​ជា​កុងត្រា​អចិន្ត្រៃយ៍។

កីឡាករ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​​បាន​ចាក​ចេញ​ពី​ក្លឹប Chelsea មក​លេង​នៅ​ទឹកដី Wanda Metropolitano ក្នុង​កុងត្រា​ខ្ចី​ជើង​រយៈពេល ១៨ខែកាល​ពី​ខែ​មករា ហើយ​ពេល​នេះ​ក្លឹប​បាន​បញ្ជាក់​ថា​គេ​នឹង​មិន​វិល​ត្រឡប់​ទៅ​ទឹកដី​ Stamford Bridge វិញ​ឡើយ។

គេ​ជឿថា​ក្លឹប Atletico Madrid បាន​យល់​ព្រម​បង់​តម្លៃ​​ប្រហែល ៥០លាន​ផោន បន្ទាប់ពី​មាន​ព័ត៌​មាន​ថា​ក្លឹប Chelsea អាច​នឹង​ប្រើ​លក្ខខណ្ឌ​ហៅ​កីឡាករ​រូប​នេះ​ត្រឡប់ទៅ​វិញ​ ដែល​បាន​ចង​នៅ​ក្នុង​កុងត្រា​ខ្ចីជើង​របស់​កីឡាករ​វ័យ ២៦ឆ្នាំ​រូបនេះ។

Morata ដែល​រក​បាន​គ្រាប់​បាល់ ៦គ្រាប់​​ក្នុង​អំឡុង​ ៥ខែ​ចុង​ក្រោយ​នៃ​រដូវកាល​​លីគ​កំពូលអេស្ប៉ាញ​ នឹង​ត្រូ​វបន្ដ​កុងត្រា​ខ្ចី​ជើង​របស់គេ​រហូត​ដល់​ពេល​ដែល​កុងត្រា​អចិន្ត្រៃយ៍​របស់​គេ​ចាប់ផ្ដើម​ដំណើរការ។

 

ក្លឹប Atletico Madrid កំពុង​ជាប់រវល់​ក្នុងអំឡុង​ពេល​មុន​រដូវកាល​ថ្មី​ចាប់​ផ្ដើម ដែល​ក្នុងនោះ​រួម​មាន​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​កុងត្រា​របស់​ Morata ការ​ទិញ​កីឡាករ​​ខ្សែ​បម្រើ Marcos Llorente និង Hector Herrera ខ្សែ​ការពារ​កណ្ដាល Felipe និងកីឡាករ​វ័យ​ក្មេង Joao Felix ដែល​ទិញ​ពី​ក្លឹប Benfica ក្នុ​ងតម្លៃ​ផ្ទេរ ១២៦លានអឺរ៉ូ។

យ៉ាង​ណា​មិញ អ្នកចាត់ការ​ថ្មី​គឺ​លោក Frank Lampard មិន​មានឱកាស​អាច​ប្រើ​ថវិកា​ដែលទទួលបានពីការ​ដោះដូរ​នេះទេ ដោយសារ​ក្លឹប Chelsea នៅ​ស្ថិត​ក្នុងការ​ពិន័យ​ហាម​ឃាត់​ដោះ​ដូរ​កីឡាករ​នៅឡើយ ដែល​ក្លឹប​នេះ​បាន​ដាក់ការ​តវ៉ា​ប្រឆាំង​នឹង​ស្ថាប័ន​តុលាការ​អាជ្ញា​កណ្ដាល​សម្រាប់​កីឡា (Court of Arbitration for Sport)៕

បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​​ដើម្បី​ទទួល​ការ​សាកល្បង​ដ៏ធំ​បំផុត​ពេល​ដែល​គេ​ក្លាយ​ជា​អ្នក​ចាត់ការ​ក្លឹប Chelsea

មតិយោបល់