ប្រធាន​ក្លឹប​ Barcelona ប្រាប់​​ការពិត​ពី​ឥទ្ធិ​ពល​របស់​ Messi ក្នុងការ​ដោះដូរ​កីឡាករ

ប្រិយមិត្ត​ធ្លាប់​តែ​បាន​ឮ​ព័ត៌​មាន​អំពី​ឥទ្ធិពល​របស់​​កីឡាករ​ Lionel Messi ក្នុងការ​សម្រេច​ចិត្ត​លក់​កីឡាករ​ណាម្នាក់ចេញ ឬទិញកីឡាករ​ណាមួយ​ចូល។ ​ទី​បំផុត យើង​ទទួលបាន​ព័ត៌​មាន​អំពី​កម្រិត​ឥទ្ធិ​ពល​របស់​គេ​ក្នុង​ការ​សម្រេច​ចិត្ត​​ដោះ​ដូរ​កីឡាករ​របស់​ក្លឹប Barcelona ហើយ។ ដោយ​យោង​សម្ដី​របស់​ប្រធាន​ក្លឹប Barcelona គឺ​លោក Josep Maria Bartomeu លោក​បាន​លើក​ឡើងថា Messi មិន​មាន​សិទ្ធិ​ពិសេស​ណា​មួយ​ក្នុង​ការទាមទារ​ឱ្យ​ក្លឹប​​ទិញ ឬលក់​កីឡាករ​ណា​ម្នាក់​នោះទេ។

ព័ត៌​មាន​នេះ​ទទួល​បាន​តាមរយៈ​លោក Samuel Marsden ជា​អ្នក​យក​ព័ត៌​មាន​​​ក្នុង​លីគ​កំពូល​អេស្ប៉ាញ​របស់​សារ​ព័ត៌មាន ESPN ដែល​បាន​ទម្លាយ​ពាក្យ​ពិត​របស់​លោក Bartomeu តាម​រយៈ​បណ្ដាញ​សង្គម Twitter របស់​ខ្លួន​កាលពីថ្ងៃសុក្រ ទី៥ ខែ​កក្កដា ដូច​មាន​បង្ហាញ​ខាង​ក្រោម៖

ដោយ​យោង​សម្ដី​​លោក Bartomeu ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​ឥទ្ធិ​ពល​របស់​ Messi លើ​គោលការណ៍​ដោះ​ដូរ​កីឡាករ​របស់​ក្លឹប Barcelona មិន​មែនជា​ការ​ពិត​ទេ ហើយ​លោក​ចង់​ឱ្យ​ពាក្យ​ចចាម​អារ៉ាម​ទាំង​នោះ​បញ្ចប់ទៅ​ភ្លាមៗ។

លោ​ក​ប្រធាន​ក្លឹប​ Barcelona ត្រូវ​បានស្រង់​សម្ដី​ថា៖ “Messi មិន​ស្នើ​សុំ​ឱ្យ​ក្លឹប​ទិញ​កីឡា​ករ​ណា​ម្នាក់​នោះទេ អ្វី​ដែល​គេ​សំណូម​ពរ​ចង់​បាន​គឺ​គេ​ចង់​បាន​ក្រុម​មួយ​ដែល​មាន​ភាព​ប្រកួត​ប្រជែង”។

ប្រធាន​ក្លឹប Barcelona ច្រាន​ចោល​ពាក្យ​ចចាម​អារ៉ាម​ដោយ​និយាយ​ថា​ Messi មិន​មានសិទ្ធិ​ដោះ​ដូរ​កីឡាករ​ទេ

ព័ត៌​មាន​ចចាម​អារ៉ាម​ពាក់​ព័ន្ធ​នឹង​​ឥទ្ធិពល​របស់​កីឡាករ​​ដែល​មាន​វ័យ ៣២ឆ្នាំ​រូប​នេះ​ក៏​​ធ្លាប់​កើត​ឡើង​នៅ​ក្នុង​ការ​ប្រកួត​ Copa America ផងដែរ​ ជា​ហេតុ​ញ៉ាំង​ឱ្យ​មិត្ត​រួម​ក្រុម​សញ្ជាតិ​អ៊ុយរូ​ហ្កាយ​គឺ​កីឡាករ Luis Suarez ទ្រាំ​មិន​បាន​ក៏​ចេញ​មុខ​និយាយ​ការពារ​មិត្ត​រួម​ក្រុម​របស់គេ។

Suarez ត្រូវ​បានសារព័ត៌​មាន Express​ ស្រង់​សម្ដី​​ពី​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌​មាន FOX Sports ថា៖ “Messi គ្មាន​បាន​និយាយ​អ្វី​មួយ​ម៉ាត់ទេ”។

“គេ​មិន​បាន​និយាយ​ពី​អ្នកចាត់ការ​ណា​ម្នាក់ ឬ​កីឡាករ​ណា​ម្នាក់​នោះទេ អ្វី​ក៏​គេ​មិន​បាននិយាយ​ដែរ។ ហើយ​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​អាស្សង់ទីន​ ខ្ញុំ​ក៏​គិត​ថា​គេ​មិន​ដែល​និយាយ​ពី​រឿង​នេះ​ដែរ។ មាន​អ្នកចាត់ការ​​ដែល​បានសួរ​ Messi ហើយ​គេ​នឹង​ឆ្លើយតប​ថា អត់ទេ កុំសួរ​ខ្ញុំអី សូម​សម្រេចចិត្ត​ដោយ​ខ្លួន​ទៅ”។

គេ​ក៏​បាន​និយាយ​បន្ថែម​ទៀតថា៖ “​យើង​បាន​និយាយ​​ច្រើន​អំពី​រឿង​នេះ​ ហើយ​វាបាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍​របស់ Mess”៕

មតិយោបល់