Atletico Madrid ចោទ​ប្រកាន់​ថា Barcelona និង Antoine Griezmann ធ្វើ​ខុសច្បាប់​ដោះ​ដូរ​កីឡាករ

ក្លឹប Barcelona និង​កីឡាករ Antoine Griezmann បាន​រង​ការ​ចោទ​ប្រកាន់​​ថា​​មិន​បាន​គោរព​តាម​ច្បាប់​​ដោះដូរ​កីឡាករ ដោយ​ក្លឹប Atletico Madrid បាន​​ចោទ​ប្រកាន់​ថា​ពួក​គេ​បាន​ចាប់​ផ្ដើម​ពិភាក្សា​ពី​ការ​ផ្ទេរ​នេះ​តាំង​ពី​ខែ​កុម្ភៈ​មក​ម្ល៉េះ។

ក្លឹប Atletico Madrid បាន​ធ្វើការ​វាយ​ប្រហារ​ទៅ​លើ​ក្លឹប Barcelona និង​កីឡាករ​របស់​ខ្លួន​គឺ​កីឡាករ Antoine Griezmann ដោយ​បាន​អះអាងថា​ពួកគេ​បាន​លួច​ចរចាស្ងាត់ៗ​ពីការ​ផ្ទេរ​មួយ​នេះ​តាំងពី​ខែ​កុម្ភៈ​មក​ម្ល៉េះ។

កីឡាករ​ខ្សែ​ប្រយុទ្ធ​ជម្រើសជាតិ​បារាំង Griezmann មាន​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​​ការ​ផ្ទេរ​មក​ទឹកដី Camp Nou ជា​យូរ​មក​ហើយ ពោល​គឺ​ចាប់តាំងពី​ពេល​ដែល​គេ​បាន​ប្រកាស​ថា​នឹង​ចាក​ចេញ​ពី​ក្លឹប Atletico មក​ម្ល៉េះ។

យ៉ាង​ណា​មិញ គេ​មាន​ជាប់​កុងត្រា​ជាមួយ​ក្លឹប Atletico រហូតដល់​ឆ្នាំ២០២៣ ហើ​យ​រាល់ការ​ជជែក​ពិភាក្សា​អំពី​ការ​ផ្ទេរ​ណាមួយ ចាំបាច់​ត្រូវ​មាន​ការ​យល់​ព្រមពី​ក្លឹប​របស់គេ​បច្ចុប្បន្ន​ជាមុនសិន។

ក្លឹប Atletico បាន​លើកឡើងថាពួកគេ​ជំទាស់​ដាច់ខាត​ចំពោះ​ទង្វើ​របស់បុគ្គល​ដែល​មានពាក់​ព័ន្ធ​ក្នុងរឿងនេះ ហើយ​បាន​អះអាងថា​ការចរចារវាង Barcelona និង Griezmann បាន​កើត​ឡើង​នៅ​ក្នុងដំណាក់​កាល​ដ៏​សំខាន់​នៃ​រដូវកាល​ប្រកួត​ និង​ល្មើស​ចំពោះ​ច្បាប់​ដោះដូរ​កីឡាករ។

Griezmann ដែល​មានវ័យ ២៨ឆ្នាំ​ អាច​ប្ដូរ​ក្លឹប​បាន​ក្នុង​តម្លៃ​ផ្ទេរ ១២០លានអឺរ៉ូ ជា​តម្លៃ​ផ្ដាច់​កុងត្រា​របស់គេ​នៅ​ក្នុង​អំឡុង​ពេល​ដោះ​ដូរ​កីឡាករ​នេះ​ ហើយ​ Barcelona អាច​នឹង​បំពេញ​លក្ខខណ្ឌ​មួយ​នេះ។

យ៉ាង​ណាមិញ នៅ​ក្នុង​ការ​អះអាង​មួយ​ផ្សេងទៀត​កាលពីថ្ងៃសុក្រ ក្លឹប Atletico បានលើក​ឡើងថា ក្លឹប Barcelona ស្នើសុំពន្យារពេល​បង់​ថ្លៃផ្ទេរ ជាសំណើរ​មួយ​ដែល​ត្រូវបានក្លឹប Atletico បដិសេធ។

 

ព័ត៌​មាន​ពាក់ព័ន្ធ​នឹង​ការ​ជួប​គ្នា​រវាង​មន្ត្រី​ក្លឹបទាំងពីរ​​ត្រូវ​បានបញ្ចេញ​កាល​ពី​ថ្ងៃសុក្រ ពេល​ដែល​ប្រធាន​ក្លឹប​ Barcelona គឺ​លោក Josep Maria Bartomeu បានជជែក​ពី​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ។

ព័ត៌​មាន​នោះ​ហាក់ដូចជា​បានធ្វើ​ឱ្យ​ក្លឹប Atletico មិន​សប្បាយចិត្ត ទើប​មានការ​ចេញ​សេចក្ដី​ថ្លែងការ​មួយ​ដែល​សរសេរថា៖ “កាលពីថ្ងៃទី១៤ ខែឧសភា កីឡាករ Antoine Griezmann បាន​ប្រាប់នាយកប្រតិបត្តិ​គឺ​លោក Miguel Angel Gil អ្នកចាត់ការ​គឺ​លោក Diego Simeone និង​ប្រធាន​ផ្នែក​កីឡា​គឺ​លោក Andrea Berta ពី​ការ​សម្រេច​ចិត្ត​ចាក​ចេញ​របស់​គេ​នៅ​ចុង​រដូវកាល”។

“បន្ទាប់ពី​ការ​ប្រជុំ​នោះ​ប៉ុន្មានថ្ងៃ ក្លឹប Atletico Madrid ទទួលបានព័ត៌មានថា កីឡាករ​រូបនេះ និង​ក្លឹប Barcelona បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​កាលពី​ខែ​មីនា ពោលគឺ​ក្រោយពី​វិល​ត្រឡប់​មកពីការ​ប្រកួត​ឆេម​ពានស៍​លីគ​ជាមួយ​ក្លឹប Juventus វិញ គឺ​ពួកគេ​បានចរចា​​ពី​លក្ខ​ខណ្ឌនៃ​កិច្ច​ព្រមព្រៀងនេះតាំង​ពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ​មក​ម្ល៉េះ”។

“ពាក់​ព័ន្ធ​នឹង​ការលើក​ឡើង​របស់​លោក Bartomeu កាលពីថ្ងៃសុក្រ យើង​សូម​បញ្ជាក់​ថា​នេះជា​ការពិត​ដែល​មាន​ការ​ប្រជុំ​មួយ​កាលពីថ្ងៃម្សិលមិញ​រវាង​លោក Miguel Angel Gil ជា​មួយ​នាយក​ប្រតិបត្តិ​របស់​ក្លឹប Barcelona គឺ​លោក Oscar Grau តាម​សំណើរ​របស់​ក្លឹប Barcelona ហើយ​នៅ​ក្នុងការ​ប្រជុំ​នោះ លោក Grau បានបញ្ជាក់ពី​បំណង​របស់​លោកថា នៅពេល​ដែល​តម្លៃ​ផ្ដាច់​កុង​ត្រា​របស់​​កីឡាករ Antoine Griezmann ត្រូវ​បន្ថយ​ពី​ ២០០លានអឺរ៉ូ មក​នៅ​ត្រឹម ១២០លានអឺរ៉ូ លោក​ចង់​ស្នើ​សុំ​ពន្យារពេល​បង់​តម្លៃ​ផ្ទេរ​ខាងលើ​​ដែល​ត្រូវ​កំណត់​នៅ​ថ្ងៃទី១ ខែ​កក្កដា”។

“ក្លឹប ​Atletico Madrid បាន​បដិសេធ​សំណើរ​នេះ ព្រោះយើងជឿជាក់ថា​ក្លឹប Barcelona និង​កីឡាករ​រូបនេះ​មិន​បាន​បង្ហាញ​ការ​គោរព​ចំពោះ​ក្លឹប Atletico Madrid និង​អ្នកគាំទ្រ​នោះទេ”។

 

ក្លឹប Atletico បាន​លើកឡើងថា Griezmann ត្រូវ​ត្រឡប់​មក​ក្លឹប​វិញ​ដើម្បី​ចូលរួម​ការ​ហ្វឹកហាត់​មុន​រដូវកាលចាប់ផ្ដើម ដោយបានសរសេរថា៖ “ជា​លទ្ធផល ក្លឹប Atletico Madrid បាន​ណែនាំ​ឱ្យ​កីឡាករ​រូបនេះ​ បងស្រី​ ភ្នាក់ងារ និង​មេធាវីរបស់គេថាដើម្បី​គោរពតាម​កាតព្វកិច្ច​នៅ​ក្នុងកុងត្រា Antoine Griezmann ចាំបាច់​ត្រូវ​បង្ហាញ​ខ្លួន​នៅថ្ងៃ​អាទិត្យ​សប្ដាហ៍​ក្រោយ​​ដើម្បី​ចាប់ផ្ដើម​ហ្វឹក​ហាត់​មុន​រដូវកាល​ចាប់ផ្ដើម​ជាមួយ​មិត្ត​រួមក្រុម​របស់គេ​ផ្សេងៗ​ទៀត”។

“តាម​រយៈ​សេចក្ដី​ថ្លែង​ការ​មួយ​នេះ ក្លឹប Atletico Madrid ចង់​សម្ដែង​ការ​ជំទាស់​ដាច់ខាត​ចំពោះ​ទង្វើ​របស់​ក្លឹប Barcelona និង​កីឡាករ​រូបនេះ​ ដែល​បានញ៉ាំង​ឱ្យ​គេ​បំពាន​ទំនាក់ទំនង​ជាមួយ​ក្លឹបនៅ​ក្នុង​កុងត្រាជាមួយ​ក្លឹប Atletico Madrid ក្នុងពេល​ដែល​ក្លឹប​កំពុង​ប្រកួត​ឆេម​ពានស៍​លីគ​ជាមួយ​ក្លឹប Juventus និងការ​ប្រជែង​តំណែង​ជើងឯក​លីគ​កំពូល​អេស្ប៉ាញ​ជាមួយ​ក្លឹប Barcelona។ យើងជឿជាក់​ថា​ទង្វើ​នេះ​បាន​ល្មើស​ចំពោះ​ច្បាប់​ដែល​ចែង​ពី​ពេល​វេលា​ហាមឃាត់​ការ​ចរចាដោះដូរ​កីឡាករ​ និង​បាន​ប៉ះពាល់​ដល់​គោលការណ៍​មូលដ្ឋាន​នៃ​អធិបតេយ្យ​ភាព​នៃ​គ្រប់​ការ​ប្រកួត​កីឡា​ទាំងអស់ មិនតែប៉ុណ្ណោះ​ ថែមទាំង​បាន​បង្ក​ការ​ខាតបង់​ដ៏​ធំ​ចំពោះ​ក្លឹបរបស់​យើង និង​អ្នកគាំទ្រ​រាប់លាននាក់​ថែមទៀត​ផង”៕

 

De Jong និយាយពី Messi និងប្រព័ន្ធ​លេង​របស់​លោក Cruyff បន្ទាប់​ពី​ចូល​រួមជាមួយ Barcelona

មតិយោបល់