Messi ចង់ឲ្យម្ចាស់ក្លឹបយក Neymar មកវិញ ហើយលុបគម្រោងទិញ Griezmann

ប្រធានក្រុម Barcelona កីឡាករ Lionel Messi បានប្រាប់ទៅម្ចាស់ក្លឹប Barcelona លោក Josep Maria Bartomeu ថាគួរតែបោះបង់រាល់ផែនការចុះកុងត្រាជាមួយ Antoine Griezmann ហើយបែរមកគិតពីការវិលត្រលប់របស់ Neymar មកកីឡដ្ឋាន Camp Nou វិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញជាច្រើន។

ការពិតទៅ វាគ្មានអ្វីគួរឲ្យលាក់បាំងនោះទេ ចំពោះដំណឹងថា Barcelona បានទៅទាក់ទងក្លឹប Altetico Madrid ដើម្បីនាំយកខ្សែប្រយុទ្ធបារាំង Antoine Griezmann មកកាន់ Camp Nou។ លើសពីនេះ ថែមទាំងមានសេចក្តីរាយការណ៍ថា ក្លឹបទាំងពីរ បានឈានទៅដល់កិច្ចព្រមព្រៀងក្នុងការបង្ហាញខ្លួនកីឡាកររូបនេះជាផ្លូវការ នៅ Barcelona នាថ្ងៃទី ១ខែកក្កដាខាងមុខផងដែរ។

ប៉ុន្តែ Lionel Messi កីឡាករដ៏មានឥទ្ធិពលម្នាក់របស់ Barcelona បានស្នើទៅកាន់ម្ចាស់ក្លឹបតែម្តង ឲ្យលុបចោលកិច្ចព្រមព្រៀងនោះ ហើយជំនួសមកវិញនៅកីឡាករ Neymar ដែលជាអតីតកីឡាកររបស់ Barcelona ដែលត្រូវបានផ្លាស់ទៅកាន់ Paris Saint Germain ក្នុងតម្លៃផ្ទេរខ្ពស់បំផុតជាង ២០០លានផោននោះ។

យ៉ាងណាក៏ដោយ បើតាមប្រភពពីអ្នកគ្រប់គ្រងក្លឹប Barca គឺគណៈកម្មាការក្លឹប មិនដែលរៀបផែនការក្នុងការនាំយក Neymar ពី PSG មកវិញនោះទេ។ ប៉ុន្តែពេលថ្មីនេះ ម្ចាស់ក្លឹប PSG លោក Nasser Al-Khelaifi បានបង្ហើបក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍បារាំងថា គាត់ដឹងតែត្រូវលក់ Neymar ចេញហើយនៅចុងរដូវកាលនេះ។ ហើយបំណងលក់នេះ ប្រហែលជាលោក Al-Khelaifi មិនបានគិតដល់រឿងខាតដើមអ្វីទេ គឺលោកដឹងតែចង់ឲ្យ Neymar ចេញ ព្រោះតែអត្តចរិតរបស់កីឡាករវ័យ ២៧ឆ្នាំ។ លោក Al-Khelaifiបាននិយាយថា៖

«ខ្ញុំចង់ឲ្យគ្រប់កីឡាករផ្តល់នូវអ្វីគ្រប់យ៉ាង ដើម្បីរក្សាតម្លៃនៃអាវដែលគេកំពុងពាក់ ក្នុងបេសកកម្មរបស់ក្លឹប។ អ្នកដែលមិនចង់ធ្វើបែបនេះ ឬ ក៏មិនយល់អ្វី យើងនឹងជួបគ្នា ហើយនឹងពិភាក្សាគ្នា។ ពិតមែនហើយ វាមានកុងត្រាដែលគួរតែគោរព ប៉ុន្តែអ្វីដែលជាជម្រើសដំបូង គឺភាពជាសមាជិកនៃបេសកកម្មរបស់យើង។ គ្មានអ្នកណាបង្ខំ (Neymar) ឲ្យចុះកុងត្រាទេ»។

គួរជម្រាបជូនថា នៅពេលថ្មីៗនេះ Neymar កំពុងត្រូវបានញុំាញីដោយរឿងអាស្រូវប្រើអំពើហិង្សារំលោភបំពានលើស្ត្រីភេទ។ ហើយ Neymar ក៏បានធ្វើឲ្យក្លឹប PSG និងក្រុមជម្រើសជាតិប្រេស៊ីល មិនពេញចិត្ត ដោយសារតែបញ្ហារបួសរបស់គេ។ Neymar មិនអាចជួយ PSG ឲ្យឡើងផុតវគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League រដូវកាល ២០១៨/ ២០១៩ បាននោះទេ ដោយសារបញ្ហារបួសដូចគ្នា។ PSG ដែលខំបោះលុយទាំងដុំ ព្រោះតែចង់បានពានរង្វាន់ UCL ត្រូវខកបំណងម្តងជា ២ដង ដូច្នេះវាមិនគួរមានអ្វីជាការសង្ស័យដែលម្ចាស់ក្លឹបចង់លក់ Neymar ចេញនោះទេ៕

UEFA Champions League: Manchester United celebrations with players past and present LOVING the PSG win – Even Sir Alex got involved!

មតិយោបល់