ROMELU LUKAKU អាចដើរ​តាមសម្តី​គ្រូបង្វឹកក្រុមជម្រើសជាតិ បញ្ហា MAN UTD

សារព័ត៌មានជាច្រើន បានចុះផ្សាយនៅក្នុងសប្តាហ៍នេះថា គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិក លោក Roberto Martinez បានប្រាប់ទៅខ្សែប្រយុទ្ធ Romelu Lukaku ថា «វាច្បាស់ណាស់» ដែលគាត់ (Lukaku) ត្រូវតែចាកចេញពីក្លឹប Manchester United។

អ្វីដែលគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិក និងជាអតីតគ្រូបង្វឹក Everton នេះ លើកឡើង គឺបន្ទាប់ពីបានឃើញថា Lukaku ហាក់ដូចជាមិនសូវទទួលបានតម្លៃច្រើនពីក្លឹបបិសាចក្រហម។ ហើយការណែនាំនេះ ក៏កើតឡើងបន្ទាប់ពីក្លឹប Inter Milan ក្នុងប្រទេសអ៊ីតាលី បានចាប់អារម្មណ៍ចង់បាន Lukaku និងរង់ចាំស្តាប់តែសំណើររបស់ Man Utd ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ Man Utd ទំនងចង់បានតម្លៃយ៉ាងតិចក៏ ៧៥លានផោន ពី Inter Milan ឲ្យស្មើនឹងតម្លៃដែលគេទិញ Lukaku ពី Everton កាលពី ២ឆ្នាំមុន។

លោក Martinez ដែលធ្លាប់ជាគ្រូបង្វឹករបស់ Lukaku តាំងពីនៅ Everton បានប្រាប់កាសែតបែលហ្ស៊ិក NLN ក្នុងសប្តាហ៍នេះថា៖ «វាច្បាស់ណាស់ថា គាត់ត្រូវតែចាកចេញពី Manchester United។ វានឹងល្អសម្រាប់ភាគីទាំងសងខាង ហើយអ្វីដែលសំខាន់ពេលនេះ គឺ Romelu រកបានក្លឹបដ៏ត្រឹមត្រូវសម្រាប់គាត់មួយ»។

ចំណែក Lukaku ក៏ធ្លាប់បានបង្ហើបថា គេគឺជាអ្នកគាំទ្ររបស់លីគអ៊ីតាលី ហើយគេក៏កំពុងតែធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ជាមួយនឹងភ្នាក់ងាររបស់គេ គឺលោក Federico Pastorello ផងដែរ។

UEFA Champions League: Manchester United’s Romelu Lukaku and the night he silenced all the critics

សូមជម្រាបជូនថា Lukaku បានចាប់ផ្តើមរដូវកាល ២០១៨/២០១៩ មិនសូវល្អនោះទេ ដោយសារបញ្ហាល្បឿនរបស់គេ ប៉ុន្តែក្រោយមកគេដូចជាមានសន្ទុះឡើងវិញ នៅពេលដែលលោក Ole Gunnar Solskjaer បានផ្លាស់មកជំនួសតំណែងលោក Jose Mourinho។ យ៉ាងណាមិញ នៅរយៈពេលចុងក្រោយនេះ ពោលគឺមុនបញ្ចប់រដូវកាល លោក Solskjaer ហាក់ដូចជាមិនសូវពេញចិត្តខ្លាំង ចំពោះទម្រង់លេងរបស់ Lukaku នោះទេ៕

មតិយោបល់