Man Utd គ្រោងជួយ​​​ Tahith Chong ដោយ​ឲ្យ​ចេញ​ទៅ​លេង​ខ្ចី​ជើង​ពេញ​មួយ​រដូវកាល​ក្រោយ នៅហូឡង់​

ក្លឹបបិសាចក្រហម Manchester United កំពុងពិចារណា ឲ្យកីឡាករខ្សែបម្រើស្លាបវ័យក្មេងសញ្ជាតិហូឡង់ Tahith Chong ចាកចេញទៅលេខខ្ចីជើង ពេញមួយរដូវកាលក្រោយ ក្នុងក្លឹបណាមួយនៅប្រទេសហូឡង់។

បន្ទាប់ពីផ្ទេរពីក្លឹប Feyenoord ក្នុងវ័យ ១៦ឆ្នាំ កាលពីឆ្នាំ ២០១៦ Chong មិនបានលេងក្នុងជម្រើស ១១នាក់របស់ Man Utd ជាទៀងទាត់ទេ។ ប៉ុន្តែសមត្ថភាពរបស់ Chong ត្រូវបានទទួលដោយអ្នកគាំទ្រ Man Utd កាន់តែខ្លាំង នៅពេលគេបានបង្ហាញខ្លួនក្នុងក្របខណ្ឌ Champions League ជើងទី ២ លើទឹកដីបារាំង ដោយអាចជួយ Man Utd រក្សាលទ្ធផលឈ្នះលើ PSG ក្រោយពេលប្តូរចូល នៅតង់ទី២។


នៅពេលនេះ ក្លឹប Ajax របស់ហូឡង់ កំពុងតែទាក់ទងមកកាន់ Man Utd ពីលក្ខខណ្ឌខ្ចីជើងនេះ។ សម្រាប់ Man Utd ប្រសិនបើ Chong ចេញទៅលេងខ្ចីជើងក្នុងក្លឹបដទៃ វាជារឿងល្អបំផុត សម្រាប់ពង្រឹងបទពិសោធន៍ក្នុងជម្រើស ១១នាក់ របស់គេ ដោយសារតែនៅ Man Utd គេនឹងមិនទទួលបានឱកាសនេះនោះទេ។ Chong មិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ ដែលធ្វើឲ្យគ្រូបង្វឹក Man Utd ទុកចិត្តដាក់លេងក្នុងជម្រើស ១១នាក់ដំបូង ក្នុងការប្រកួតធំៗនោះទេ។


គួរកត់សម្គាល់ដែរថា តាំងពីលោក Ole Gunnar Solskjaer មកដឹកនាំ Man Utd កីឡាករវ័យ ១៨ឆ្នាំនេះ អាចបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ បានតែម្តងគត់ ក្នុងពេល Man Utd ប្រកួតជាមួយ Reading ក្នុងក្របខណ្ឌ FA Cup កាលពីខែមករា។ បន្ទាប់មកគេត្រូវបានអនុញ្ញាតឲ្យប្តូរចូល ក្នុងតង់ទី ២ ក្នុងជំនួបជាមួយ Southampton កាលពីចុងសប្តាហ៍មុន និងក្នុងជំនួបជាមួយ PSG នៅពាក់កណ្តាលសប្តាហ៍នេះ៕

មតិយោបល់