កីឡាករបរទេស ដែលអាចបង្ហាញមុខយ៉ាងភ្ញាក់ផ្អើល នៅ Premier League ក្នុងខែមករានេះ

ទីផ្សារដោះដូរកីឡាករ កំពុងដំណើរការបើកទ្វារ ពេញមួយខែមករានេះ! មានកីឡាករមួយចំនួន បានប្តូរក្លឹបរួចទៅហើយ ទោះបីជាក្នុងលក្ខខណ្ឌខ្ចីជើង ឬ អចិន្ត្រៃយ៍ក៏ដោយ។ ប៉ុន្តែមួយចំនួនទៀត គ្រាន់តែមានពាក្យចចាមអារ៉ាមថា អាចប្តូរទៅនេះ ឬ ប្តូរទៅនោះ ដោយមិនទាន់មានដំណឹងផ្លូវការនៅឡើយទេ។

តោះ! យើងមកមើលកីឡាករមួយចំនួន ពីក្របខណ្ឌ La Liga, Bundesliga, Serie A និង Ligue 1 ដែលនឹងអាចមានឱកាសប្តូរក្លឹប មកលេងនៅ Premier League យ៉ាងភ្ញាក់ផ្អើល នៅខែមករានេះ៖

១. កីឡាករ Denis Suarez ខ្សែបម្រើរបស់ Barcelona នៃក្របខណ្ឌ La Liga

តាមសេចក្តីរាយការណ៍ជាច្រើន មានទាំងសារព័ត៌មានអង់គ្លេសផង អ៊ីតាលីផង បានឲ្យដឹងថា Denis Suarez កំពុងតែជិតឈានដល់ការចុះកុងត្រា ទៅលេងក្នុងក្លឹបកាំភ្លើងធំ Arsenal ហើយ ទោះបីជាមានការចាប់អារម្មណ៍ពី AC Milan និងក្លឹប Roma ក៏ដោយ។

២. កីឡាករ James Rodriguez ខ្សែប្រយុទ្ធក្លឹប Bayern Munich នៃក្របខណ្ឌ Bundesliga

អនាគតរបស់ James នៅមិនទាន់ច្បាស់លាស់នោះទេ ខណៈកុងត្រាខ្ចីជើងរយៈពេល ២ឆ្នាំ នៅក្លឹប Bayern Munich របស់គេ នឹងត្រូវផុតនៅចុងរដូវកាលនេះ ហើយមើលទៅក្លឹបនៅអាល្លឺម៉ង់នេះ ក៏ទំនងមិនបន្តយក James ជាកីឡាករអចិន្ត្រៃយ៍របស់គេនោះដែរ។ ត្រលប់ទៅក្លឹបដើម Real Madrid របស់គេវិញ ក៏ហាក់ដូចជាមិនចង់បាន James ទៅវិញដែរ។ តាមសេចក្តីរាយការណ៍ពីកាសែត Daily Mirror មានក្លឹបនៅ Premier League ចំនួន ២ ដែលកំពុងរៀបចំការចរចារយក James នោះគឺ Liverpool និង Arsenal។ ប៉ុន្តែមើលទៅ ប្រហែលជា Arsenal ត្រូវការ James ជាង Liverpool ព្រោះថាហង្សក្រហមមានខ្សែប្រយុទ្ធគ្រប់គ្រាន់ ដែលបើទោះជាមាន James មកទៀត គឺគេប្រហែលជាបានត្រឹមអង្គុយកៅអីបម្រុងប៉ុណ្ណោះ។

៣. កីឡាករ Kostas Manolas ខ្សែការពារក្លឹប Roma នៃក្របខណ្ឌ Serie A

កីឡាករក្រិករូបនេះ គឺជាគោលដៅចង់បានរបស់លោក Ole Gunnar Solkjaer។ នេះបើតាមការចុះផ្សាយរបស់កាសែតជាច្រើន។ ហើយការចង់បានកីឡាករខ្សែការពារកណ្តាលវ័យ ២៧ឆ្នាំនេះ គឺតម្រូវឲ្យ Man Utd ចំណាយប្រាក់ ៣២.៣លានផោន ។

៤. កីឡាករ Edison Cavani ខ្សែប្រយុទ្ធក្លឹប Paris Saint Germain នៃក្របខណ្ឌ Ligue 1

គ្មានឡើយរឿងល្អ សម្រាប់ Cavani តាំងពី Neymar និង Kylian Mbappe មកដល់កាលពីឆ្នាំ ២០១៧! ឥឡូវនេះ ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្កាយនេះ ប្រហែលជាត្រូវរកច្រកចេញដោយខ្លួនឯង។ មានដំណឹងមកថា Cavani កំពុងមានទំនាក់ទំនងជាមួយ Chelsea ដើម្បីដោះស្រាយបញ្ហានៅប្រព័ន្ធខាងលើ (ប្រព័ន្ធប្រយុទ្ធ)។

សូមបញ្ជាក់ថា នេះគ្រាន់តែជាការសង្កេតរបស់យើងប៉ុណ្ណោះ ទោះយ៉ាងណាយើងត្រូវចាំមើលព័ត៌មានផ្លូវការសិន៕

មតិយោបល់