Chelsea កំពុងមើលមុខ Bayern Munich មិនចំ ព្រោះ Callum Hudson-Odoi

នៅពេលនេះ មានសេចក្តីរាយការណ៍មកថា ក្លឹបយក្សនៅអាល្លឺម៉ង់ Bayern Munich កំពុងតែចែចូវ ចង់បានកីឡាករវ័យក្មេងរបស់ Chelsea គឺ Callum Hudson-Odoi ក្នុងតម្លៃ ៣៥លានផោន ខណៈកុងត្រារបស់កីឡាករអង់គ្លេសនេះ នឹងត្រូវផុត នៅឆ្នាំ ២០២០ខាងមុខ។

ប៉ុន្តែនៅពេលនេះ ក៏មានសេចក្តីរាយការណ៍មកថា កីឡាករ និងក្លឹប Chelsea មិនពេញចិត្តក្នុងការលក់ Callum Hudson-Odoi នោះទេ។ កីឡាកររបស់ Chelsea គឺ Marcos Alonso និយាយក្នុងសប្តាហ៍នេះថា៖ «នេះគឺជាអ្វីដែលគេ (Callum Hudson-Odoi ) ចង់ធ្វើ គេមានគ្រប់លក្ខខណ្ឌដើម្បីក្លាយជាកីឡាករដ៏អស្ចារ្យម្នាក់។ ឥឡូវគឺជាការប្រកួតប្រជែងរបស់គេដើម្បីស្វែងរកកន្លែងនៅទីនេះ ហើយរកនាទីសម្រាប់លេង។ Bayern Munich? យើងគឺជា Chelsea គឺជាក្រុមមួយដែរ ដែលអស្ចារ្យ។ ហើយ Premier League គឺជាលីគមួយ ដែលប្រកដដោយការប្រកួតប្រជែង ជាងគេលើលោក។ ខ្ញុំមិនដឹងទេថា ហេតុអ្វីគេចាំបាច់ទៅ Bayern Munich?»

បើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស BBC វិញ Chelsea នឹងរៀបចំរាយការណ៍ទៅសហព័ន្ធបាល់ទាត់ពិភពលោក FIFA ប្រសិនបើគេរកឃើញភស្តុតាងថា Bayern Munich ព្យាយាមបញ្ចុះបញ្ជូល កីឡាករ Callum Hudson-Odoi ក្រុមគ្រួសារ ឬ អ្នកតំណាងរបស់គេជ្រុលហួសហេតុពេក ដោយមិនឲ្យ Chelsea ដឹង។

នៅថ្ងៃពុធសប្តាហ៍នេះ ប្រធានកីឡាក្លឹប Bayern Munich លោក Hasan Salihamidzic បានថ្លែងប្រាប់អ្នកកាសែត ក្នុងជំរុំហ្វឹកហាត់នៅប្រទេសកាតា ពីរឿងរបស់ Callum Hudson-Odoi ថា៖ «គេ (Callum Hudson-Odoi ) រហ័ស បណ្តើរបាល់ល្អ គាត់នឹងមានភាពប្រសើរជាមួយក្រុមយើង។»

ដំណឹងនៃការចាកចេញរបស់ Hudson-Odoi នេះ គឺលេចឮឡើង ពីមិត្តរួមក្រុម Antonio Rudiger ដែលជាកីឡាករកើតនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ Rodiger បានបញ្ជាក់ថា Hudson-Odoi បានមកសាកសួររូបគេ ពីព័ត៌មានទាក់ទងនឹងប្រទេសអាល្លឺម៉ង់ ហើយគេក៏រៀបរាប់ប្រាប់កីឡាករវ័យក្មេងពីអ្វីដែលគេចង់ដឹង។ ប៉ុន្តែ Rodiger ក៏ចង់ឲ្យ Hudson បន្តនៅ Chelsea ដែរ។ Rodiger និយាយថា ៖ អ្នកអាចឃើញពីក្រុមទាំង ២ (Chelsea និង Bayern Munich)។ គេអាចអភិវឌ្ឍន៍ខ្លួន នៅទីនេះ ប៉ុន្តែគេក៏អាចអភិវឌ្ឍន៍ខ្លួន នៅអាល្លឺម៉ង់ដូចគ្នា។ ហើយកុំភ្លេចថា Bayern Munich ក៏ជាក្លឹបធំដែរ។ សម្រាប់អនាគតរបស់គេ ខ្ញុំជូនពរគេឲ្យជួបតែរឿងល្អៗ ប៉ុន្តែខ្ញុំពិតជាចង់ឲ្យគេនៅទីនេះ (Chelsea) ជាមួយពួកយើង។

គួរជម្រាបជូនថា ប្រសិនបើ Callum Hudson-Odoi សម្រេចចិត្តទៅចូលរួមជាមួយ Bayern Munich នៅខែមករានេះ នោះគឺនឹងក្លាយជាកីឡាករយុវជនអង់គ្លេសទី ៣ ដែលលេងក្នុងក្លឹបនៅក្របខណ្ឌ Bundesliga បន្ទាប់ពី Jadon Sancho វ័យ ១៨ឆ្នាំ ដែលកំពុងលេងនៅក្លឹប Borrusia Dortmund និង Reiss Nelson ដែលកំពុងលេងខ្ចីជើង ក្នុងក្លឹប Hoffenheim។

Hudson-Odoi ហាក់ដូចជាមិនសូវពេញចិត្តក្នុងការបន្តនៅ Chelsea នោះទេ ព្រោះថាគេមិនសូវមានឱកាសចូលលេង ហើយគេក៏កាន់តែបារម្ភ នៅពេលដែល Chelsea ទិញកីឡាករថ្មីៗមកបន្ថែមទៀត ដែលធ្វើឲ្យគេកាន់តែខើយឱកាស។ យ៉ាងណាក៏ដោយ គេត្រូវរង់ចាំមើលរហូតទាល់តែចប់ខែមករាសិន ទើបដឹងថាតើ កីឡាករវ័យក្មេងរូបនេះ នឹងត្រូវចាកចេញពីអង់គ្លេស ឬ នៅបន្ត?

មតិយោបល់