Chelsea សម្រេចយក Gonzalo Higuain មកដោះស្រាយបញ្ហាគ្រាប់បាល់មែនទែនហើយ!

តាមសេចក្តីរាយការណ៍ពីសារព័ត៌មានអេស្ប៉ាញ Marca បានអះអាងថា កីឡាករវ័យ ៣១ឆ្នាំ Gonzalo Higuain នឹងបង្ហាញខ្លួក្នុងកិច្ចព្រមព្រៀងជាផ្លូវការជាមួយក្រុមតោខៀវ Chelsea នៅថ្ងៃព្រហស្បតិ៍ ទី ១០ខែមករា ឬ ថ្ងៃសុក្រ ទី ១១ខែមករា ឆ្នាំ ២០១៩នេះ។

ការបង្ហាញខ្លួនជាកីឡាករ Chelsea ជាផ្លូវការនោះ ក៏ស្របពេលដែលកីឡាករ Alvaro Morata នឹងចាកចេញពី Chelsea ក្នុងអំឡុងពេលដូចគ្នានេះ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ ចូលរួមជាមួយក្លឹប Sevilla។

ការចង់បានកីឡាករអាស្សង់ទីននេះ គឺជាបំណងប្រាថ្នាយ៉ាងមុតមាំរបស់លោក Maurizio Sarri ដែលជាអតីតគ្រូបង្វឹករបស់ Higuain កាលនៅក្លឹប Napoli។ គាត់បញ្ជាក់ថា គាត់យល់ច្បាស់ពីសមត្ថភាពរបស់ Higuain ដូច្នេះទើបគាត់ចង់បានគេមកពេលនេះ ដើម្បីដោះស្រាយបញ្ហាគ្រាប់បាល់ឲ្យក្រុមតោខៀវ ដែលពេលនេះ ហាក់ដូចជារកទម្រង់លេងមិនទាន់ត្រូវគ្នា។

សូមបញ្ជាក់ថា Higuain ត្រូវបានក្លឹប Juventus បញ្ជូនទៅឲ្យលេងខ្ចីជើងក្នុងក្លឹប AC Milan មួយរដូវកាល បន្ទាប់ពីការមកដល់របស់កីឡាករ Cristiano Ronaldo។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏ Chelsea នឹងចំណាយប្រាក់ប្រមាណ ៤០លានអឺរូ បូករួមនឹងប្រាប់ប្រចាំឆ្នាំ ៨លានអឺរូ សម្រាប់ការនាំខ្សែប្រយុទ្ធHiguain មកនេះ។

សម្រាប់ Morata វិញ គឺ Chelsea ពិបាកទុកគេនៅបន្តណាស់ ដោយសារកីឡាកររូបនេះ មិនអាចលេងបាន ៩០នាទី ហើយទម្រង់លេងរបស់គេ ក៏មិនមែនជាទីពេញចិត្តសម្រាប់លោក Sarri ដែរ។ អ្វីដែលសំខាន់ គឺលោក Sarri ហាក់ដូចជាចង់ផ្តល់ឱកាសដល់កីឡាករដែលលេងនៅក្លឹបក្នុងក្របខណ្ឌ Serie A ច្រើនជាង។ គេនៅចាំបានថា ពេលលោក Sarri មកជំនួសតំណែងលោក Antonio Conte គឺគាត់បាននាំកីឡាករ Jorginho ពីក្លឹបចាស់ Napoli របស់គាត់មកលេងជាមួយ Chelsea ដែរ៕

មតិយោបល់