ក្លឹប Barcelona កំណត់​ថ្ងៃ​ទិញ​​កីឡាករ​តម្លៃ​ថ្លៃ​ក្នុ​ងខែ​មករា​រួច​ហើយ

ក្លឹប Barcelona ជិត​បាន​សម្រេច​ក្នុង​ការ​ទិញ​កីឡាករ​​តម្លៃ​ថ្លៃ​ដំបូង​របស់​ខ្លួន​ក្នុ​ងខែ​មករា​ហើយ ខណៈ​​ដែល​​តារា​បាល់ទាត់​ក្លឹប Ajax គឺ​ Frenkie De Jong ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​​​​​​​​​​​​​​​​​ជិត​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្លឹប​យក្ស​កាតា​ឡង់​ហើយ។

Oriol Domenech បាន​​បញ្ជាក់​នៅ​ក្នុង​​សារព័ត៌​មាន Catalunya Radio ថា​​ក្លឹប Barcelona បាន​ចរចា​​តម្លៃ​ផ្ទេរ​ជាមួយ​កីឡាករ​ខ្សែ​បម្រើ​​​ដែល​មាន​វ័យ​ ២១ឆ្នាំ​រួ​ចហើយ ដោយ​រំពឹង​ថា​នឹង​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​​​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​​សៅរ៍​ទី​១២ ខែ​មករា​។

ប្រសិន​បើ​សេច​ក្ដី​រាយ​ការណ៍​នេះ​អាច​ជឿ​ជាក់​បាន​ ការ​ផ្ទេរ​មួយ​នេះ​អាច​នឹង​ត្រូវ​​គេ​ប្រកាស​ជា​ផ្លូវ​ការ​​នៅ​ថ្ងៃ​ចន្ទ ធ្វើ​ឲ្យ​ De Jong ក្លាយ​ជា​​កីឡាករ​​ដែល​ Barcelona ទិញ​ចូល​ក្នុ​ងតម្លៃ​ខ្ពស់​នៅ​រដូវ​រងារ​នេះ។

ក្លឹប​ដែល​កំពុង​ឈាន​មុខ​គេ​ក្នុង​លីគ LaLiga នេះ​​ក៏​បាន​ទិញ​កីឡាករ​ Jeison Murillo ពី​ក្លឹប​ Valencia ក្នុង​កុង​ត្រា​ខ្ចី​ជើង​​​តម្លៃ ១លាន ២សែន​អឺរ៉ូ និង​បញ្ចូល​ឈ្មោះ​កីឡាករ​ Carlos Alena និង Adrian Ortola ពី​ឈុត​យុវជន​ Barcelona B ផង​ដែរ។

យ៉ាង​ណា​មិញ De Jong នឹង​ក្លាយ​ជា​​ការ​ផ្ទេរ​​អចិន្ត្រៃយ៍​ដំបូង​​របស់ Barcelona ក្នុ​ងអំឡុង​ពេល​ដោះ​ដូរ​កីឡាករ​នេះ​ ប្រសិន​បើ​ការ​ចរចា​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ចុង​ក្រោយ​។ តម្លៃ​ផ្ទេរ​ត្រូវ​បាន​គេ​និយាយ​តៗ​គ្នា​ថា​​ឋិត​នៅ​ក្នុង​ចន្លោះ​ប្រហែល​ ៧០លាន​​ផោន។

កីឡាករ​ De Jong ដែល​អាច​លេង​បាន​ច្រើន​តួនាទី​ ត្រូវ​បាន​ចាត់​ទុក​ថា​នឹង​ក្លាយ​ជា​​អ្នក​ស្នង​តំណែង​កីឡាករ Sergio Busquets ដែល​នឹង​ឈាន​ចូល​វ័យ ៣១ឆ្នាំ​នៅ​រដូវ​កាល​ក្រោយ។

សេច​ក្ដី​រាយការណ៍​មួយ​បាន​លើក​ឡើង​​ថា​ Barcelona ក៏​ចាប់អារម្មណ៍​លើ​មិត្ត​រួម​ក្រុម​របស់ De Jong ម្នាក់​ទៀត​ដែរ គឺ​កីឡាករ Matthijs De Ligt ដែល​​ធ្លាប់​ឈ្នះ​ពាន​រង្វាន់ Golden Boy 2018។ យ៉ាង​ណា​មិញ ដោយ​សារ​មាន​ក្លឹប​ធំៗ​ជា​ច្រើន​ផ្សេង​ទៀត​​ដូច​ជា​ក្លឹប PSG, Man City និង Manchester United ក៏​កំពុង​តែ​ចាប់​អារម្មណ៍​ចំពោះ​កីឡាករ​ខ្សែ​បម្រើ​រូប​នេះ​ដែរ​នោះ គេ​ប្រហែល​ជា​​ពិបាក​នឹង​ចរចា​ទិញ​បន្តិច​ហើយ៕

មតិយោបល់