Juventus អាច​លក់​ Ramsey ចេញ​ក្រោយ​លេង​​បាន​ទើប​តែ​មួយ​ឆ្នាំ

Juventus Ramsey

Juventus បាន​ទិញ​កីឡាករ​ខ្សែបម្រើ Aaron Ramsey កាល​ពី​ពេល​ដោះ​ដូរ​កីឡាករ​នារដូវ​ក្ដៅ​ឆ្នាំ​២០១៩ ពី​ក្លឹប Arsenal ដោយ​មិនអស់តម្លៃ​ផ្ទេរ ប៉ុន្តែ​កីឡាករ​សញ្ជាតិ​វ៉េល​ស៍​រូបនេះ​​មិន​មាន​ចំណែក​នៅ​ក្នុង​ជម្រើស​ដំបូង​​របស់​​លោក Sarri ទេ ជាហេតុ​នាំ​ឱ្យ​មាន​ពាក្យ​ចចាម​អារ៉ាម​ថា​គេ​អាច​នឹង​ប្ដូរ​ទៅ​ក្លឹប​ផ្សេងទៀត។

Ramsey បាន​ចុះ​កុងត្រា​ ៤ឆ្នាំ​ជាមួយ​ Juventus កាលពីរដូវក្ដៅ​ឆ្នាំ២០១៩ ប៉ុន្តែទើប​តែចូលលេង​បាន ១២លើក​ប៉ុណ្ណោះ។ យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Calciomercato ក្លឹប​ Juventus កំពុង​ពិចារណា​លក់​កីឡាករ​រូប​នេះ​ចេញ​ក្នុងអំឡុង​រដូវក្ដៅ​នេះ។

ក្រោយ​ពី​បាន​រួម​រស់​អស់ពេល ១១ឆ្នាំ​ជាមួយ​ក្លឹប Arsenal គេ​រំពឹងថា Ramsey នឹង​បង្ហាញ​សមត្ថភាព​ម្ដងទៀត​ក្នុង​លីគ​កំពូល​អ៊ីតាលី។ ផ្ទុយទៅវិញ ដោយសារ​បញ្ហា​របួស​ គេ​ពិបាក​នឹង​ប្រជែង​ដណ្ដើម​ឱកាស​បង្ហាញ​ខ្លួន​ក្នុង​ប្រព័ន្ធ​លេង​របស់​លោក Sarri ណាស់។ មកទល់នឹង​ពេលនេះ គេ​ទើប​តែរក​បានគ្រាប់បាល់ ២គ្រាប់ប៉ុណ្ណោះ​ នៅគ្រប់​ការ​ប្រកួត​ប្រភេទពានរង្វាន់ទាំងអស់។

លើស​ពីនេះ​ទៅ​ទៀត ដោយ​សារគេ​បានទិញ​ Ramsey ដោយ​មិនអស់តម្លៃផ្ទេរ ការ​លក់​គេ​ចេញ​មុន​ផុត​កុងត្រា​ដល់ទៅ​ ៣ឆ្នាំ​នឹង​ផ្ដល់ប្រាក់ចំណេញ​ដល់​ក្លឹប។ Juventus ទើប​តែលក់​កីឡាករ Emre Can ឱ្យ​ក្លឹប Borussia Dortmund ហើយ​បើគេ​ចង់លក់ Ramsey ម្នាក់ទៀត គេ​ចាំបាច់ត្រូវ​រក​កីឡាករ​ដែលមាន​សមត្ថភាព​មក​ជំនួស​ក្នុង​អំឡុងពេល​ដោះដូរ​កីឡាករ​នៅ​ឆ្នាំ២០២០ នេះ។

នៅត្រូវ​រង់ចាំមើល​បន្ត​ទៀត​ថា តើ Juventus អាចនឹង​ផ្ដល់ពេល​ ១ឆ្នាំ​ទៀត ឱ្យ​ Ramsey បង្ហាញសមត្ថភាព​ដែរ​ឬ​យ៉ាងណា៕

 

លោក Tuchel បញ្ជាក់ថា Neymar ឋិត​ក្នុង​ចំណោម​កីឡាករ​របួស​ដែលអាក់​ខាន​ការ​ប្រកួត​ជាមួយ Lyon

មតិយោបល់