ក្លឹប​ Udinese ដក​តួនាទី​លោក Igor Tudor ក្រោយចាញ់​ក្លឹប Atalanta និង​ Roma

ក្រោយពេល​ត្រូវ​បាន​ស៊ុត​ចូល​នូវចំនួន​គ្រាប់​បាល់សរុប​ ១១គ្រាប់​ក្រោយចាញ់​ក្លឹប Atalanta និង Roma ក្លឹប Udinese បាន​សម្រេច​ដក​តួនាទី​អ្នកចាត់ការ​គឺលោក Igor Tudor ហើយ។

ក្លឹប Udinese បានប្រកួតចាញ់​ក្លឹប Atalanta ក្នុង​លទ្ធផល ៧ទល់​នឹង​១ នៅទឹកដី Bergamo កាលពីថ្ងៃអាទិត្យ​សប្ដាហ៍​មុន បន្ទាប់មក​បានចាញ់​ក្លឹប Roma ក្នុងទឹកដីខ្លួនឯង​ ដោយលទ្ធផល ៤ទល់នឹងសូន្យ​​កាលពីថ្ងៃពុធ។ លទ្ធផល​នេះ​បាន​ធ្វើឱ្យ​ Udinese មាន​តែ ៣ពិន្ទុ​ទៀតប៉ុណ្ណោះ នឹង​ធ្លាក់ដល់តំបន់​ត្រូវកាត់ចេញ​ពី​លីគ​កំពូល​អ៊ីតាលីហើយ។

លោក​ Luca Gotti នឹង​ធ្វើជាអ្នកចាត់ការ​ជាបណ្ដោះអាសន្ន​ ប៉ុន្តែអតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​អាយុ​ក្រោម ២១ឆ្នាំ​គឺលោក Luigi Di Biagio និង​អតីត​អ្នកចាត់ការ​ក្លឹប AC Milan គឺលោក Gennaro Gattuso ជា​បេក្ខជន​នាំមុន​គេ ដែលអាចជំនួស​តំណែងអ្នកចាត់ការ​អាចិន្ត្រៃយ៍​នៅ​ក្លឹប Udinese។

នាយក​បច្ចេកទេស​របស់ក្លឹប​គឺលោក Pierpaolo Marino បាន​និយាយ​ក្នុង​បទសម្ភាសន៍​ជាមួយ​ប្រព័ន្ធផ្សព្វផ្សាយ Udinese TV ថា៖ “នេះជាថ្ងៃមួយ​ដ៏​គួរឱ្យ​សោកស្ដាយ។ ថ្ងៃប្រកួតជាមួយ​ Atalanta និង Roma ជាថ្ងៃ​ដ៏គួរ​ឱ្យ​សោកស្ដាយ ប៉ុន្តែថ្ងៃនេះ​កាន់តែគួរ​ឱ្យ​សោក​ស្ដាយ​ទៅទៀត​​ព្រោះយើង​ត្រូវ​ដកតួនាទី​លោក​ Tudor”។

 

“នេះ​ជា​ការ​សម្រេចចិត្ត​មួយ​ដ៏​លំបាក ប៉ុន្តែចាំបាច់​ត្រូវ​ធ្វើការ​ផ្លាស់ប្ដូរ។ Tudor បានបង់តម្លៃ​ហើយ ប៉ុន្តែមិន​មែនដាក់កំហុស​លើ​គាត់​តែម្នាក់ឯង​នោះទេ”។

“យើងអរគុណ Tudor ប៉ុន្តែចាំបាច់​ត្រូវ​ឈានទៅមុខ​បន្តទៀត ហើយពេលនេះ​ជាការ​ទទួល​ខុសត្រូវ​របស់​ក្រុម​ទាំង​មូល”៕

 

លោក Solskjaer ថា Pogba នឹង​មិនបានចូលលេង​រហូត​ដល់ខែធ្នូ

មតិយោបល់