De Ligt ច្រាន​ចោល​ព័ត៌​មាន​អំពី​របប​អាហារ​នៅ​ Juventus

អ្នកចាំទី​ហូឡង់​ Matthijs de Ligt បាន​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​ចចាម​អារ៉ាម​អំពី​របប​អាហារ​នៅ​ក្លឹប Juventus ដែល​បាន​លើក​ឡើង​ថា​អ្ន​ក​ចាត់ការ​ Maurizio Sarri ទាមទារ​ឱ្យ​គេ​ទទួល​ទាន​អាហារ​ដែល​មានជាតិ​កាបូអ៊ី​ដ្រាត​ទាប។

De Ligt ​កំពុង​ប្រឹង​ប្រែង​ឆ្លង​កាត់ការ​ចាប់​ផ្ដើម​ដែល​មិនសូវ​រលូន​នៅ​​ក្លឹប Juventus ក្នុង​លីគ​កំពូល​អ៊ីតាលី​ ចាប់​តាំង​ពី​ពេល​ដែល​គេ​បាន​ផ្ទេរ​មក​ពី​ក្លឹបជើង​​ឯក​លីគ​កំពូល​ហូឡង់​ Ajax ក្នុង​តម្លៃ​ផ្ទេរ​ ៧៥លាន​អឺរ៉ូ​កាលពី​​មុន​រដូវកាល​ចាប់​ផ្ដើម។

កីឡាករ​ដែល​មាន​វ័យ ២០ឆ្នាំ​រូបនេះ​បាន​បង្ហាញ​សញ្ញា​រីក​ចម្រើន​ខ្លះ​ហើយ​ ដោយ​បាន​ចាប់​ផ្ដើម​លេង​ជាដៃគូជាមួយ​កីឡាករ​ជើងចាស់ Leonardo Bonucci ពេល​ដែល​ Giorgio Chiellini មាន​របួស​ជង្គង់​ធ្ងន់​ធ្ងរ។

De Ligt បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌​មាន​​​របស់គេហទំព័រ​ Nu.nl អំពី​ព័ត៌​មាន​ចចាមអារ៉ាម​ពាក់ព័ន្ធ​នឹង​របបអាហារ​ដែល​លោក​ Sarri បាន​កំណត់​ឱ្យគេ​​​ដោយសារ​ព្រួយ​បារម្ភ​ពី​ទម្ងន់​របស់គេដូច្នេះថា៖ “ព័ត៌​មាន​បែប​នេះ​មិនបានធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ទៀត​នោះទេ។ ជួន​កាល​ខ្ញុំ​គិត​ថា​ខ្ញុំ​លេង​បាន​ល្អ​ហើយ ប៉ុន្តែ​ចុង​ក្រោយ​បែរជា​មាន​បញ្ហា​ទៅវិញ។ ប៉ុន្តែ​ទាំងអស់​នេះ​គ្រាន់​តែជាការយល់ឃើញ​របស់​មនុស្ស​ប៉ុណ្ណោះ។ សំខាន់​ ឱ្យ​​តែ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​ធ្វើ​បានល្អ​នៅ​ផ្នែក​ណា​ ហើយ​មាន​បញ្ហា​នៅ​ផ្នែកណាទៅ​បានហើយ”។

“​កីឡាករ​ថ្មី​គ្រប់​រូប​គួរ​តែទទួល​បាន​ពេល​វេលា​ដើម្បី​សម្រប​ជាមួយ​ក្រុម។ ក្លឹប​ Juventus មាន​កីឡាករ​ខ្សែ​បម្រើ​ឆ្នើម​ ២រូប​រួច​ហើយ គឺ​កីឡាករ Chiellini និង Bonucci។ ផែនការ​ដំបូង​គឺ​ទុកពេល​ឱ្យ​ខ្ញុំ​ចាប់ផ្ដើម​បន្ស៊ាំ​ខ្លួន​ជាមួយ​ក្រុម​បន្តិច​ម្ដងៗ ប៉ុន្តែ​ស្ថាន​ភាព​ដែល​កើត​ឡើង​ជាក់ស្ដែង​ខុស​ពី​ការ​រំពឹងទុក។ ជាក់​ស្ដែង​ខ្ញុំ​បាន​ចូល​លេង​រួច​ហើយ ប៉ុន្តែ​​ខ្ញុំ​ត្រូវ​លេង​ចូល​ជ្រៅ​ភ្លាមៗ​តែម្ដង។ នេះ​ជា​ការ​សាកល្បង​មួយ​ដ៏ធំ​សម្រាប់ខ្ញុំ”។

 

 

“មេរៀន​​ដ៏​សំខាន់​ដែល​ខ្ញុំ​រៀន​សូត្រ​បាន​ពេល​នៅ Juventus គឺ​ថា​យើង​ត្រូវ​​ទុកចិត្ត​លើខ្លួន​ឯង​។ ដំបូង​ខ្ញុំ​​សំគាល់ឃើញ​ថា​ខ្ញុំ​ខ្វល់​ខ្វាយ​ច្រើនពេក​ពីការ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​មាន​កំហុស​ ដែល​នោះជាអ្វី​ដែល​ខ្ញុំ​មិនគួរ​ធ្វើ​នោះទេ។ ខ្ញុំ​មិនធ្លាប់​ដែល​ធ្លាប់​ដែល​ធ្វើ​បែបនោះ​ពីមុន​មក​នោះទេ ហើយ​​ក្នុងប៉ុន្មាន​សប្ដាហ៍​ដំបូង​របស់ខ្ញុំ​នៅទីនេះ ខ្ញុំ​ព្រួយបារម្ភ​បែបនោះ​ឯង”។

“​ក្រោយ​ការ​ប្រកួត​ឆេម​ពានស៍​លីគ​ជាមួយ​ក្លឹប Atletico Madrid ខ្ញុំ​ចាប់​ផ្ដើម​រៀបចំខ្លួន​ឡើងវិញ។ ខ្ញុំ​ចង់​លេង​ប្រកប​ដោយ​ទំនុកចិត្ត​ម្ដង​ទៀត​។ កំហុស​នៅ​តែអាច​កើតឡើង ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ អ្វីៗ​ល្អ​ប្រសើរជាង​មុន​ច្រើន។ ចាប់ពីពេល​នោះមក ខ្ញុំ​ចាប់​ផ្ដើម​រីកចម្រើន​ហើយ”។

“ការ​រិះ​គន់​ដែល​ខ្ញុំ​ទទួល​បាន​ក្រោយ​កា​រប្រកួត​នីមួយៗ​គឺជា​រឿង​ធម្មតា​ទៅ​ហើយ​។ គួរ​ឱ្យ​ស្ដាយ ជីវិត​របស់​ខ្សែការពារ​គឺ​បែបនេះ​ហើយ។ ពួក​យើង​ត្រូវ​ថ្លឹង​ថ្លែង​នៅ​ចន្លោះ​ភាព​ល្អ និ​ងអាក្រក់។ ត្រូវហើយ បើអាច​ធ្វើបាន​ ខ្ញុំ​ច្បាស់​ជា​មិន​ឱ្យ​​គូ​ប្រកួត​ទទួល​បាន​បាល់ពិន័យ​នោះទេ ប៉ុន្តែ​ចុង​ក្រោយ ពួក​​យើង​ឈ្នះ Inter ហើយ​នោះទើបជា​រឿង​សំខាន់”៕

 

‘The gap is huge’ – Conte says Juventus are the best after Inter’s 2-1 defeat

មតិយោបល់