លោក Zhang នឹងជួបជាមួយ Icardi នៅសប្តាហ៍ក្រោយដើម្បីដោះស្រាយ​បញ្ហា​មិនស្រេចបាច់

រឿង​រ៉ាវ​មិនឈប់​ឈរ​រវាងកីឡាករ​ខ្សែប្រយុទ្ធ​ Icardi និង​ក្លឹប​ Inter ហាក់​បាន​អូសបន្លាយអស់​រយៈពេល​ជាងមួយខែមកហើយ ហើយ​ការប្រកួត​ចុងក្រោយ​បំផុត​របស់​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​រូ​បនេះ​ឲ្យ​ក្លឹប Inter គឺតាំងពី​ថ្ងៃទី ៩ ខែ កុម្ភៈ ពេល​ក្រុម​ប៉ះ Parma ឯណោះ។

បន្ទាប់ពីនោះមក ស្លាក​រំដៃប្រធានក្រុម​របស់កីឡាករ​រូប​នេះ ក៏ត្រូវ​ក្លឹប​ដក​ហូត​ ហើយ​ប្រគល់​ឲ្យទៅកីឡាករ Samir Handanovic ពាក់ជំនួស​វិញ ហើយដែល​ចាប់ពីនោះមក​មាន​ការ​ចរចា​គ្នា​យ៉ាង​ច្រើន​លើកច្រើនសាររវាងភាគីក្លឹប​នឹង​កីឡាករ​ខ្សែប្រយុទ្ធរូបនេះ ដោយសង្ឃឹម​ថា​រូបគេ​នឹង​អាច​ត្រឡប់​ចូលទីលាន​ហាត់​ជាមួយក្រុម​វិញ តែនៅហាក់​មិនទាន់​ត្រូវគ្នា​នៅឡើយ។

បើ​យោងតាម​ការ​ចុះផ្សាយ​របស់កាសែតកីឡា Gazzetta dello Sport ប្រធានក្លឹប​គឺលោក Steven Zhang បាន​ត្រៀប​ខ្លួន​ដើម្បីជួបដោយផ្ទាល់ជាមួយកីឡាករ​រូបនេះ​ ក្នុង​គោលបំណង​ដោះស្រាយ​រាល់​បញ្ហា​ដែល​នៅសេស​សល់​។

គួរបញ្ចាក់ផងដែរថានៅ​ក្នុង​រដូវកាល​ ២០១៨/១៩ កីឡាករ​អាហ្សង់ទីន​រូប​នះ​លេង​ឲ្យ​ក្លឹប​អ៊ីតាលីមួយនេះបានចំណួន ៣៦ ប្រកួត ក្នុង​គ្រប់កម្មវិធីប្រកួតទាំងអស់ និង​រកបាន ១៧គ្រាប់ និងបោះបាល់ឲ្យមិត្ត​រួមក្រុមស៊ុត​បាន ៣ គ្រាប់។

ថ្មីៗនេះ​ Icard ក៏មាន​ពាក្យ​ចចាមអារ៉ាម​​ថា​កំពុងស្ថិត​ក្នុង​គោលដៅប្រមាញ់របស់​ក្លឹប​នារាជធានី ម៉ាឌ្រីដ គឺក្លឹបអធិរាជស​ Real Madrid ផងដែរ៕

មតិយោបល់