លោក Allegri ស្តី​ឲ្យ​កំពូល​កីឡាករ​សំខាន់​ម្នាក់ នៅ​មុខ​ក្រុម​ទាំង​មូល​

តាមសេចក្តីរាយការណ៍របស់កាសែតអ៊ីតាលី បានឲ្យដឹងថា គ្រូបង្វឹកក្លឹបសេះបង្កង់ Juventus លោក Massimiliano Allegri បានស្តីបន្ទោសឲ្យខ្សែប្រយុទ្ធ Paulo Dybala មុខមិត្តរួមក្រុមទាំងមូលតែម្តង ពីអត្តចរិតរបស់គេ ដែលហ៊ានដើរចេញពីកៅអីបម្រុង ក្នុងអំឡុងជំនួបរវាង Juvents ជាមួយ Parma កាលពីសប្តាហ៍មុន។

ការស្តីបន្ទោសនោះ គឺក្នុងគោលបំណងកែប្រែ Dybala ផង និងដូចជាចង់ប្រដៅកីឡាករផ្សេងៗ កុំឲ្យយកគម្រូតាម។ តែយ៉ាងណា លោក Allegri បានបញ្ជាក់ថា Dybala បានសុំទោសចំពោះទង្វើរបស់ខ្លួន ក្នុងពេលហ្វឹកហាត់ ប្រកួតជាមួយក្រុម Sassuolo កាលពីថ្ងៃអាទិត្យម្សិលមិញ។


ត្បិតបញ្ហាត្រូវបានបញ្ចប់ តែលោក Allegri បាននិយាយថា៖ «គាត់ (Dybala) បានសុំទោសហើយ។ ក្មេងឆ្លាតដូចគាត់ ធ្វើចឹងត្រឹមត្រូវហើយ។ គាត់ពូកែ ទើបក្លឹបផ្តល់ទំនួលខុសត្រូវដ៏សំខាន់ដល់គាត់ ដូចជាឲ្យគាត់ពាក់អាវលេខ ១០ ហើយឲ្យគាត់ធ្វើជាប្រធានក្រុម ពេល Giorgio Chiellini មិនអាចចូលលេងបានម្តងៗ។ គាត់មានអត្តចរិត ដែលមិនសមរម្យសោះ ហើយគាត់ក៏បានដឹងដែរ! អញ្ចឹង ករណីនេះ ត្រូវបញ្ចប់»។

គួរជម្រាបជូនថា Dybala រកបានគ្រាប់បាល់ចុងក្រោយ កាលពីខែវិច្ឆិកា ប៉ុន្តែលោក Allegri បានអះអាងថា មុខងារ និងទម្រង់លេងរបស់ Dybala មិនបានផ្លាស់ប្តូរនោះទេ។ លោក Allegri ចំអកថា ក្រុមលោកគ្មានអីទេ មានតែអ្នកខាងក្រៅប៉ុណ្ណោះ ថាក្រុមលោកមានបញ្ហា។

លោក Allegri និយាយថា៖ «មុខងាររបស់គាត់ លើទីលាន មិនផ្លាស់ប្តូរទេ ប៉ុន្តែវាគ្រាប់តែប្លែកអ្នកដែលលេងក្នុងប្រព័ន្ធជាមួយគាត់ប៉ុណ្ណោះ។ វាខុសគ្នាពីឆ្នាំមុន ដែល Dybala លេងជាមួយ Higuain និង Mandzukic ប៉ុន្តែឆ្នាំនេះ គាត់ត្រូវលេងក្នុងប្រព័ន្ធជាមួយ Ronaldo និង Mandzukic។ ចំនួននៃការប៉ះបាល់របស់គាត់ គឺដូចពីមុន ហើយមានឱកាសដូចគ្នា។ ខ្ញុំមិនបានប្រាប់គាត់ឲ្យទៅលេងពេញនៅខាងក្រោមទេ។ តែពេលខ្លះ អ្នកតែងតែព្យាយាមស្វែងរកអ្វីដែលវាគ្មាន។ ខ្ញុំសើច ពេលខ្ញុំបានអានរឿងខ្លះ ប៉ុន្តែមនុស្សចូលចិត្តតែបំពេញមាត់ខ្លួនឯង។ ខ្ញុំក៏ស្តាប់ ហើយរីករាយនឹងការនិយាយនោះ»។

សូមបញ្ជាក់ដែរថា ក្នុងរយៈពេលចុងក្រោយនេះ មានព័ត៌មានចចាមអារ៉ាមជាបន្តបន្ទាប់ បានចុះផ្សាយថា Dybala ទំនងជាចាកចេញពី Juventus នៅចុងរដូវកាលនេះ ដោយសារតែពិបាកលេងក្នុងទម្រង់ជាមួយ Cristiano Ronaldo។
សារព័ត៌មានខ្លះ បាននិយាយថា C.Ronaldo ជាបញ្ហាសម្រាប់ Dybala។ ប៉ុន្តែឆ្លើយតបនឹងពាក្យចចាមអារ៉ាមទាំងនោះ លោក Allegri បាននិយាយថា បើ Dybala ចង់ចាកចេញ ទ្វារបើកជានិច្ចសម្រាប់ជូនដំណើរ៕

 

Pahang បំបាក់ Terengganu ៣-០ នៅលីគកំពូលម៉ាឡេស៊ី

មតិយោបល់