លោក Allegri ប្រាប់ពីពេល​វេលា​វិល​មក​កាន់តួនាទី​វិញ​ខណៈ​ Arsenal និង Man United កំពុង​ចាប់អារម្មណ៍

បន្ទាប់ពី​ដឹកនាំ​​ដោយ​ជោគ​ជ័យ​បាន​មួយរដូវកាល​នៅ​ក្លឹប Juventus មហាជន​កំពុង​ចាប់អារម្មណ៍​លើ​លោក Massimiliano Allegri ខណៈ​ពេល​ដែល​កំពុង​មាន​ព័ត៌​មាន​ចចាម​អារ៉ាម​ថា​លោក​អាច​នឹង​មក​ដឹក​នាំ​នៅ​ក្លឹប​មួយ​ចំនួន​ក្នុង​លីគ​កំពូល​​អង់គ្លេស​ដូច​ជា​ក្លឹប Manchester United និង Arsenal ជាដើម។ ពេល​នេះ អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បាន​បង្ហើប​ប្រាប់ពី​ពេល​វេលា​ដែល​លោក​គ្រោង​នឹង​វិល​មក​កាន់តួ​នាទី​ជាអ្នក​ចាត់ការ​ក្លឹប​វិញ។

ពេល​សម្ភាសន៍​ជាមួយ​សារព័ត៌​មាន Corriere Dela Sera អំពី​ផែនការ​វិល​ត្រឡប់​មក​កាន់​តួ​នាទី​ជា​អ្នក​ចាត់​ការ​​វិញ​ លោក Allegri មាន​ចម្លើយ​ងាយៗថា៖ “រដូវកាលក្រោយ មិន​អាច​មុន​នេះទេ”។

អតីត​អ្នកចាត់ការ​ក្លឹប AC Milan រូបនេះ​ក៏​បានជជែក​អំពី​​ប្រព័ន្ធ​លេង​ថ្មី​ និង​ពន្យល់​ពី​ប្រព័ន្ធ​លេង​ដែល​លោក​ Jurgen Klopp ប្រើ​បាន​ជោគ​ជ័យ​នៅ​ក្លឹប​ Liverpool ផងដែរ។

“មូលដ្ឋាន​នៃ​ប្រព័ន្ធ​លេង​របស់​លោក Klopp ដូចគ្នា​នឹង​ប្រព័ន្ធ​លេង​បាល់ទាត់សម័យថ្មី​ ដោយ​មាន​ខ្សែ​ប្រយុទ្ធ ៣រូប​លេង​សង្កត់​ប្រព័ន្ធ​ការពារ​ជាប់​នៅ​ក្នុង​តំបន់​គ្រោះថ្នាក់”។

“បើអ្នក​មាន​ខ្សែប្រយុទ្ធ​ល្អ​ ៣រូប​ដូចជា Mané, Salah និង Firmino អ្នក​ត្រូវលេង​តាម​ខ្សែត្រង់ពី​ក្រោម​ទៅ​លើ។ លោក Klopp យល់​ពីស្ថានភាពនេះ​ ហើយ​គាត់ដឹងថា​ប្រព័ន្ធ​ប្រយុទ្ធ​របស់គាត់ត្រូវការ​ការការពារ​​ជាប់ជានិច្ច​ពេល​ពួកគេ​កំពុង​បំពេញតួនាទី។ ពេល​គាត់​នៅដឹកនាំ​ក្លឹប Dortmund ខ្ញុំ​ចាំ​បាន​ថា​គាត់​ដឹក​នាំ​ឱ្យ​ក្រុម​រក​បាន​គ្រាប់​​បាល់​​ច្រើន​ជាង​នេះ​ទៅ​ទៀត។

“ប៉ុន្តែ​គាត់​ក៏​លេង​តាម​ខ្សែត្រង់​ដែរ គឺកីឡាករ​ស៊ុត​ឡើង​ទៅ​លើ​ជាប់ជានិច្ច​ មិន​រក​មើល​ចន្លោះ​ចំហៀង​គេ គឺរក​មើល​ចន្លោះ​នៅ​ក្រោយ​ខ្នង​គូ​ប្រកួត​។ វិធី​លេង​បែបនេះ​ មិន​មាន​អ្វី​គួរ​ឱ្យ​ខ្មាស់អៀន​នោះទេ។ នេះ​ជា​វិធី​ការពារ​ខ្លួន​ ដើម្បី​ចៀស​វាង​ស្ថានភាព​​លទ្ធផល​ស្មើគ្នា”៕

 

លោក Valverde ថា​ Messi មិន​មាន​ផែនការ​ចូលនិវត្តន៍នោះទេ

 

មតិយោបល់