Arsenal បើ​កយុទ្ធនាការសម្ភាសន៍បេក្ខជន​​មក​ជំនួស​លោក Unai Emery

បន្ទាប់ពីបាន​បណ្តេញ​លោក Unai Emery កាលពីសប្តាហ៍មុន គ្រូបង្វឹក​បណ្តោះអាសន្ន​របស់ Arsenal គឺលោក Freddie Ljungberg បាន​ដឹកនាំ Arsenal ឲ្យបានស្មើមួយប្រកួត និង​ចាញ់​មួយប្រកួត! ប្រការនេះ ត្រូវបាន​គណៈកម្មាការក្លឹប គិត​ថា Arsenal នៅមិនទាន់អាចរកបានគ្រូបង្វឹក​ស័ក្តិសម​ម្នាក់នោះទេ!

ដោយសារមិន​អាចរកគ្រូបង្វឹក​មក​ស្រោចស្រង់ក្លឹប​បាន Arsenal បាន​បោះជំហាន​ថ្មីមួយ ដោយ​កំពុងតែចាប់​ផ្តើម​សម្ភាសន៍បេក្ខជន​ជាបន្តបន្ទាប់ ដើម្បីស្វែងរក​អ្នក​មានសមត្ថភាពពិតប្រាកដ មក​ជំនួស​លោក Emery និង​មក​ដឹកនាំ​កីឡាករ ដែលកំពុងតែរង់ចាំទទួលអ្នក​ចាត់ការម្នាក់ ដែលអាចជួយ​ក្លឹប​ឲ្យមានលទ្ធផល​ល្អប្រសើរបាន​។​ ក្នុង​សប្តាហ៍នេះ ថ្នា​ក់​ដឹកនាំ​ក្លឹប គ្រប់​លំដាប់​ថ្នាក់ បាន​ចាប់​ផ្តើម​ពិភាក្សាគ្នា ពី​បេក្ខភាពគ្រូបង្វឹក ដោយ​គេផ្តោតសំខាន់​លើ​បេក្ខភាពណា ដែល​មិន​ជាប់​កាតព្វកិច្ចធ្វើការឲ្យ​ក្លឹប​ណាមួយ ហើយ​អាចចូល​មក​ដឹកនាំក្លឹបភ្លាមៗ ក្នុងរដូវកាលនេះតែម្តង។

‘Arsenal didn’t show up in the first half’ – Ljungberg on loss to Brighton

យុទ្ធនាការ​ស្វែងរក​អ្នកចាត់ការថ្មីនេះ ដឹកនាំ​ដោយនាយកគ្រប់គ្រង​ផ្នែកបច្ចេកទេសរបស់ក្លឹប លោក Edu និងមានការ​គាំទ្រ​ដោយ​ប្រធានផ្នែកគ្រប់គ្រងបាល់ទាត់ លោក Raul Sanllehi ព្រមទាំងមានការ​សហការពីលោក Huss Fahmy និង​លោក Vinai Venkatesham។

យោង​តាម​សារព័ត៌មាន Telegram បេក្ខជន​ដែល Arsenal កំពុងតែ​តាម​សម្ភាសន៍នោះ ក៏មាន​ឈ្មោះលោក Mauricio Pochettino, Mikel Arteta និង​លោក​ Max Allegri ផងដែរ។ លោក​នាយកគ្រប់​គ្រងក្លឹប Josh Kroenke ដែល​ជាកូនប្រុសរបស់​ម្ចាស់ក្លឹប ក៏អាចជាមនុស្សម្នាក់ ដែលនឹង​ទាក់ទងផ្ទាល់ ទៅកាន់​បេក្ខភាពគ្រូបង្វឹកទាំង ៣នាក់នេះផងដែរ។

សូម​ជម្រាបជូនថា Arsenal បានបណ្តេញ​គ្រូបង្វឹក​លោក Emery ចេញ បន្ទាប់ពីក្លឹបក្នុង ៧ប្រកួត​ជាប់ៗគ្នា មិន​អាចរកលទ្ធផល​ឈ្នះបាន ពោល​គឺមានតែស្មើ។ យ៉ាងណាមិញ ការបណ្តេញ​អតីតគ្រូបង្វឹក PSG នេះចេញ​ ក៏ចំជួន​ពេល​ដែល​ Arsenal ត្រូវមានការ​ប្រកួត​ដ៏មមាញឹក នៅក្នុង​ខែបុណ្យ​ទាន គឺខែធ្នូនេះតែម្តង៕

មតិយោបល់