លោក Marco Silva ត្រូវបានដក​ចេញ​ពីតួនាទី​អ្នកចាត់ការ​ក្លឹប Everton

លោក Marco Silva ត្រូវ​បាន​ដកចេញ​ពីតួនាទីជា​អ្នកចាត់ការ​ក្លឹប Everton នៅ​ ១ថ្ងៃ​ក្រោយ​​ការប្រកួត​ចាញ់​ក្រុម​ Liverpool ក្នុង​លទ្ធផល ៥ទល់​នឹង​២ នៅទឹកដី Anfield កាលពីថ្ងៃពុធ។

ក្លឹប​ Everton បានធ្លាក់​ចូល​ទៅ​ក្នុង​តំបន់​កាត់ចេញ​ពី​លីគ​កំពូល​អង់គ្លេស​ ក្រោយ​ចាញ់​ក្រុម​ភូមិផង​របង​ជាមួយ គឺក្លឹប​ Liverpool ក្នុង​លទ្ធផល​ធ្ងន់​ធ្ងរ​បែបនេះ។

ក្លឹប​បានប្រកាស​ពី​ការ​ដក​តួនាទី​លោក Silva កាល​ពីថ្ងៃព្រហស្បតិ៍​ ដែល​បានបញ្ចប់​ពេល​វេលា​ដឹកនាំ​រយៈ​ពេល​ ១៨ខែ​របស់​លោក​នៅទឹកដី Goodison Park។

ម្ចាស់​ក្លឹប​គឺ​លោក Farhad Moshiri បាន​ធ្វើដំណើរ​មកទីក្រុង​ Liverpool កាលពីថ្ងៃព្រហស្បតិ៍ ជាសញ្ញា​មួយ​បញ្ជាក់ថា​ពេលវេលា​របស់​លោក Silva បាន​មកដល់​ហើយ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់ក្លឹប បានសរសេរថា៖ “ក្លឹប​បាល់ទាត់ Everton អាច​បញ្ជាក់​បាន​ហើយ​ថា​ អ្នក​ចាត់​ការ Marco Silva បាន​ចាកចេញពីក្លឹប​នេះ​ហើយ”។

“ម្ចាស់ភាគហ៊ុន​ធំ​គឺលោក Farhad Moshiri ប្រធាន​ក្លឹប​គឺលោក Bill Kenwright និង​ក្រុម​ប្រឹក្សា​ភិបាល​របស់​ក្លឹ​ប​សូម​អរគុណ​ចំពោះ​លោក Marco សម្រាប់ការ​ដឹកនាំ​រយៈពេល ១៨ខែ​ និងជូន​ពរ​ឱ្យ​លោក​មានអនាគត​ដែល​ល្អប្រសើរ”។

“លោក Duncan Ferguson នឹងទទួល​តួនាទីដឹកនាំ​បណ្ដោះ​អាសន្ន​ និង​ដឹកនាំ​ក្រុម​នេះ​ត្រៀម​ប្រកួតជាមួយ​ក្លឹប Chelsea នៅ​ថ្ងៃ​សៅរ៍”។

“ក្លឹប​នឹង​ព្យាយាម​តែង​តាំង​អ្នកចាត់ការ​អចិន្ត្រៃយ៍​ថ្មី​ឱ្យ​បានឆាប់​បំផុត​តាម​ដែល​អាច​ធ្វើបាន”។

ក្លឹប Everton ឈរ​នៅ​លេខ​រៀងទី១៨ ក្នុងតារាង​លីគ​កំពូល​អង់គ្លេស​ មាន ១៤ពិន្ទុ​ក្រោយ​លេង​បាន ១៥ប្រកួត​ ដែល​ក្នុង​នោះ ពួកគេ​ឈ្នះ​បាន​ត្រឹមតែ​ ៤ប្រកួត​ប៉ុណ្ណោះ។

 

 

លោក Silva បាន​ក្លាយជា​អ្នកចាត់ការ​ទី៥ ហើយ​ដែល​ត្រូវបានដកចេញពីតួនាទី​ក្នុង​លីគ​កំពូល​អង់គ្លេស​រដូវកាលនេះ​ បន្ទាប់ពីលោក Javi Gracia និងលោក Quique Sanchez Flores នៅ​ក្លឹប Watford លោក Mauricio Pochettino នៅ​ក្លឹប Tottenham និងលោក Unai Emery នៅ​ក្លឹប Arsenal៕

 

Dyche sings Mourinho’s praises before Burnley meet Tottenham

មតិយោបល់