លោក Pep Guardiola ថា​ Manchester City នឹង​មិន​ទិញ​កីឡាករ​ចូល​ក្នុង​ខែ​មករា​នោះទេ

យោង​តាម​សម្ដី​របស់​លោក Pep Guardiola ក្លឹប Manchester City នឹង​មិន​ទិញ​កីឡាករ​ចូល​ក្នុង​ខែមករា​នោះទេ។

ក្លឹប​ជើង​ឯក​លីគ​កំពូល​អង់គ្លេស​នេះកំពុង​ជួប​ការ​លំបាក​ក្នុងការ​ការពារ​តំណែង​ជើងឯក​រដូវកាលនេះ ហើយកំពុងចាញ់​ពិន្ទុ​ក្លឹប Liverpool រហូតដល់ ១១ពិន្ទុ​ ក្រោយ​លេង​បាន​ ១៤ប្រកួត។

យ៉ាងណាមិញ លោក Guardiola នឹង​មិន​ទិញ​កីឡាករ​ចូល​នៅ​ខែក្រោយ​នោះទេ ដោយ​សារ​ក្លឹប​បដិសេធ​មិន​ព្រម​​ចែក​ផ្លូវ​គ្នា​ជាមួយ​កីឡាករ​សំខាន់ៗនៅ​ពាក់​កណ្ដាល​រដូវ​កាល​នេះ។

លោក​ Guardiola បាន​និយាយ​ថា៖ “ខ្ញុំ​មិនចង់​បាន​កីឡាករ​ថ្មី​ចូល​ក្នុង​ខែ​មករា​នោះទេ។ បើ​ពួកគេ​ចូល​មក​ដើម្បី​លេង​បន្ត​ ៤ឆ្នាំ ៥ឆ្នាំ ឬ ៦ឆ្នាំ​ទៅ​មុខ​ទៀត យើង​អាច​ពិចារណា​បាន ប៉ុន្តែ​រឿង​នេះ​ទៅ​មិនរួចទេ”។

ទោះជា​មិនទិញ​កីឡាករ​ចូល​ក្នុង​ខែ​មករានេះ​ក្ដី ក៏​លោក Guardiola អាច​នឹង​ទិញ​កីឡាក​រថ្មី​ឱ្យ​បាន​មុន​រដូវកាល​២០២០-២០២១ ដោយសារ​កីឡាករ David Silva នឹងចាកចេញ ហើយ​អនាគតរបស់ Fernandinho នៅ​មិនទាន់​ដោះ​ស្រាយ​រួចរាល់​នៅ​ឡើយ។

 

កុងត្រា​របស់ Fernandinho នឹង​ផុត​សុពល​ភាព​នៅ​ចុង​រដូវកាល​នេះ ហើយ​លោក Guardiola និយាយ​ថា លុះ​ត្រា​តែ​ដល់​ពេល​នោះ​ទើប​​សម្រេចចិត្ត។

ពេល​គេ​សួរ​ថា​តើ​លោក​ចង់ឱ្យ​ Fernandinho នៅ​លេង​បន្ត​ទៀត​ឬទេ លោក Guardiola បាន​ឆ្លើយ​ថា៖ “ខ្ញុំ​គិត​ថា យើង​នឹង​សម្រេច​ចិត្ត​នៅ​ចុង​រដូវកាល​ចំពោះ​កីឡាករ​ដែល​ផុត​កុងត្រា”៕

 

Guardiola insists he wants no new players in January

 

មតិយោបល់